cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក

ប៉ៃលិន៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលផលប៉ះពាល់ និងផ្តល់អំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើការជួយសង្គ្រោះ និងស្តារស្ថានភាពឡើងវិញបានទាន់ពេលវេលា ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយសារកាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យជន់លិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ បណ្តាលអោយខូចខាតផលដំណាំ សម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនា សម្ព័ន្ធមួយចំនួនផងដែរ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយ អង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាពមិនល្អ ដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងអូរព្រំដែន និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។

នៅក្នុងឱកាសនោះផងដែរ សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបារម្ភអំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន ហើយមកដល់ម៉ោងនេះ ពេលនេះ គឺប្រជាពលរដ្ឋរងគ្រោះ បានរួចផុតពីគ្រោះមហន្តរាយជំនន់ទឹកភ្លៀង និងមិនមានប៉ះពាល់ដល់អាយុជីវិតនោះទេ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ និងយុវជន សសយក បានចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយនឹងកំពុងតែស្តារ និងរៀបចំស្ថានភាពឡើងវិញ ជូនបងប្អូនប្រជាពលរដ្ឋ។

សូមរំលឹកថា៖ ខេត្តប៉ៃលិន តែងតែរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត, សាខាកាកបាទក្រហមខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងចុះសួរសុខទុក្ខ និងពិនិត្យមើល ផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ផ្តល់កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើ កង ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលប្រឡងខេត្តប៉ៃលិន