បាត់ដំបង៖ នៅសាលប្រជុំធំសាលាខេត្តបាត់ដំបង ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាគ្សាជាមួយរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលខេត្ត លើសំណើសុំកែរសម្រួលព្រំប្រទល់រវាងខេត្តទាំង២ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពប្រជាសាស្រ្តភូមិដែលត្រូវកែរសម្រួលក្នុងកិច្ចប្រជុំថា៖• ភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង៖ ផ្ទៃដីស្នើសុំកាត់ ចំនួន ៣.៦២២,៩០ ហិកតា មានផ្ទៃដី សរុបចំនួន ៣៩៣ ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ១.១១២ នាក់ ស្មើនឹង ២១៨គ្រួសារ • ភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ៖ ផ្ទៃដីស្នើសុំកាត់ទាំង ២ភូមិ (ភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង សរុប ១.៣៤៨,៤២ហិកតា មានផ្ទៃដីសរុបចំនួន ២.១៤៨ ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ៩៦៣នាក់ ស្មើនឹង ២៣៩គ្រួសារ • ភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង ៖ ផ្ទៃដីស្នើសុំកាត់ទាំង២ភូមិ (ភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង សរុប ១.៣៤៨,៤២ហិកតា មានផ្ទៃដីសរុបចំនួន ៨២១ ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ៤០៥ នាក់ ស្មើនឹង ១០១គ្រួសារ • ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត៖ ផ្ទៃដីស្នើសុំកាត់ចំនួន ៨.៣០១ ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ១.០២៥ នាក់ ស្មើនឹង ២២៣គ្រួសារ • ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត៖ ផ្ទៃដីស្នើសុំកាត់ចំនួន ៨.៣០១ ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ១.០២៥ នាក់ ស្មើនឹង ២២៣គ្រួសារ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៦៨ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០១) ផែនទីខេត្តប៉ៃលិនប៉ែកខាងត្បូង (សង្កាត់អូរតាវ៉ៅ) មាន ភូមិព្រៃមង្គល ភូមិក្រចាប់ និងភូមិភ្នំដំបង និងប៉ែកខាងជើង (ស្រុកសាលាក្រៅ) មានភូមិចំនួនភូមិ១៨ ភូមិបឹងអូរជាង និងភូមិកំពង់ចំលង ទៅឱ្យខេត្តបាត់ដំបង ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនទទួលសេវារដ្ឋបាល សេវាសង្គម និងសេវាសាធារណៈផ្សេងៗពីអាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលខេត្តប៉ៃលិន ដែលរួមមាន ៖ អត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់ភាពក្រីក្រ លិខិតបញ្ជាក់ការកាន់កាប់ដីធ្លី ការចុះឈ្មោះបោះឆ្នោត សេវាអប់រំ សេវាសុខាភិបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ទន្ទឹមនឹងនេះប្រជាពលរដ្ឋទាំងនោះរស់នៅម្ខាងនៃស្ទឹងសង្កែ និងស្ទឹងមង្គលបូរីជាប់នឹងខេត្តប៉ៃលិន មានការលំបាកក្នុងការទំនាក់ទំនង និងស្នើសុំសេវារដ្ឋបាលពីអាជ្ញាធរមូលដ្ឋាននៃខេត្តបាត់ដំបង ដោយកន្លែងខ្លះពុំមានស្ពានឆ្លងកាត់ដែលនាំឱ្យពួកគាត់ត្រូវធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តប៉ៃលិន ដើម្បីអាចចូលទៅទទួលសេវានានាពីអាជ្ញាធរមូលដ្ឋាននៃខេត្តបាត់ដំបង ។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានចាត់អោយរូបឯកឧត្តមដឹកនាំក្រុមការងារចុះមកជួយ សម្របសម្រួល ដើម្បីបញ្ចប់បញ្ហាព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តទាំង២ ហើយជាលទ្ធផល រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានឯកភាពគ្នាយកដងស្ទឹងជាព្រំប្រទល់ ហើយបានធ្វើឯកសារួចរាល់ ដាក់ទៅក្រសួងមហាផ្ទៃ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំព្រះរាជក្រឹត្យទទួលស្គាល់ពីព្រះមហាក្សត្រ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍រផ្តាំផ្ញើ ដល់អាជ្ញាធរទាំងពីរខេត្ត រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ និងភូមិ ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ និងណែនាំឱ្យមានការស្រុះស្រួលគ្នារវាងអាជ្ញាធរ និងអាជ្ញាធរ ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ហើយបន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន ខេត្តទាំងពីរត្រូវពិនិត្យឯកសារ ការផ្ទេរផ្ទូរ ដីធ្លី អាត្រានុកូលដ្ឋាន ឯកសារស្នាក់នៅ សៀវភៅគ្រួសារឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ចំពោះការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ត្រូវការពារឱ្យបានល្អជាធម្មតាសិន ស្នើកងកម្លាំងទាំងបីសហការគ្នាទាំងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវពិនិត្យផ្ទេររវាងរដ្ឋបាលបាលខេត្តទាំងពីរ ទាំងសន្តិសុខ និងប្រជាជនឱ្យបានទាន់ពេលវេលា និងមានភាពច្បាស់លាស់ ។
សូមរំលឹកថា៖ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបញ្ជាក់ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ ពាន់នាក់ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ ថា៖ បញ្ហាការកែរសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិននេះ អាជ្ញាធរខេត្តទាំង ២ បានដោះស្រាយតាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្នមានរយៈពេលជិត ៣០ ឆ្នាំទៅហើយ ប៉ុន្ដែបែរជាមិនទាន់ដោះស្រាយបានរួចរាល់ទៅវិញ ដូច្នេះសម្តេចបានទុកពេលចំនួន ២សប្ដាហ៍ឱ្យអភិបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង ត្រូវដោះស្រាយឱ្យបានរួចរាល់នូវបញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង ២ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងកម្មសិទ្ធិដីធ្លី និងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ ។
អត្ថបទ៖ លោក ញ៉ឹប បូរី