cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាលជាមួយម្ចាស់សៃឡូ និងលានហាល ដើម្បីលើកកម្ពស់ទីផ្សារកសិផល

ចែករំលែក

ប៉ៃលិន៖ នៅសាលប្រជុំសាលាខេត្ត ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន បានជួបសំណេះសំណាលជាមួយម្ចាស់សៃឡូ និងលានហាល ទទួលទិញកសិផល នៅក្នុងខេត្ត ដើម្បីលើកកម្ពស់ទីផ្សារកសិផល អោយបានកាន់តែល្អប្រសើរឡើង ដែលកត្តា​ដ៏សំខាន់ក្នុងការជួយជំរុញកំណើន​សេដ្ឋកិ​ច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមអាជ្ញាធរខេត្ត គឺធ្វើយ៉ាងណាចង់ឲ្យទីផ្សារកសិផលរបស់ប្រជាកសិករ កាន់តែមានភាពល្អប្រសើរឡើង ធ្វើអោយពលរដ្ឋមានជីវភាពធូរធា ដូច្នេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរកទីផ្សារកសិផលជូនប្រជាពលរដ្ឋ ដោយខិតខំរកដៃគូវិនិយោគលើផ្នែកកសិកម្ម ព្រមទាំងលើកកម្ពស់ទីផ្សារកសិផល ឲ្យកាន់តែសម្បូរបែប ដែលនេះជាឱកាសមួយដែលអាចជួយឲ្យប្រជាកសិករ មានភាពងាយស្រួលក្នុងការទិញ-លក់ ដោយមានទីផ្សារស្ថិតស្ថេរ និងច្បាស់លាស់ផងដែរ ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញ​អោយ​ក្រសួងពាណិជ្ជ​កម្ម និងក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ​ពីផលិត​​ផល​ខ្មែរ និងផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិ​ភាព​ផលិត​ផល ការ​កែ​ច្នៃ និង​ការ​វេចខ្ចប់​ជា​ដើម​ ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសត្រូវរៀបចំចងក្រងផលិតផលក្នុ​ងស្រុ​ក​ ដែល​មាន​សក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយ​​បញ្ចូល​ជាផលិតផល ភូ​មិ​មួយផលិតផល​មួយ ស្របតាមគោលនយោបាយជាតិស្តីពី ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រាប់ឆ្នាំ២០១៦ ដល់ ២០២៦ ។

លោកជំទាវ​ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ស្ថាប័នជំនាញពាក់ ត្រូវខិតខំរកដំណោះស្រាយបញ្ហាទីផ្សារកសិផលជូនប្រជាកសិករ និងបញ្ហាផលប៉ះពាល់បរិស្ថានតាមសៃឡូ ដូចជា៖ ជះក្លិនមិនល្អ និងបង្ហូរទឹកកខ្វក់ ចូលទៅក្នុង អូរ បឹងបួរ បង្កជាផលប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ជាពិសេសមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ត្រូវពិនិត្យមើល ជញ្ជីងថ្លឹងកសិផល នៅតាមទីតាំងទិញ-លក់​កសិផល អោយមានភាពសុក្រឹតត្រឹមត្រូវ និងអនុវត្តតាមផ្លូវច្បាប់ជាធរមាន ជៀសវាងការកេញចំណេញដោយប្រការណាមួយ ដែលធ្វើអោយបាត់បង់​ទំនុក​ចិត្ត និងប៉ះពាល់ដល់ជីវភាពរបស់កសិករ ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នអាជីវកម្មសៃឡូ (ទិញ-លក់កសិផល) ក្នុងខេត្តប៉ៃលិន មានចំនួន ៤៨ កន្លែង ក្នុងនោះក្រុងប៉ៃលិន មានចំនួន ២៥កន្លែង និងស្រុកសាលាក្រៅ មានចំនួន ២៣កន្លែង ដោយបានចុះបញ្ជីពាណិជ្ជកម្មមានចំនួន ៣៦ កន្លែង មិនទាន់ចុះបញ្ជីមានចំនួន ១២កន្លែង អាជីវកម្មកំពុងដំណើរការមានចំនួន ៣៧កន្លែង និងផ្អាកអាជីវកម្មមានចំនួន ៩កន្លែង ។

អត្ថបទ៖ លោក ញ៉ឹប បូរី


ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម