ប៉ៃលិន៖ ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯងថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២-២០២៣ បានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៣ នៅទីលានកីឡដ្ឋានខេត្ត (ភ្នំចេក) ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់វិស័យកីឡា ជាពិសេសការសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងខែឧសភា ឆ្នាំ២០២៣ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ នឹងខិតខំប្រឹងប្រែងកំណែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ផែនការឆ្ពោះទៅឆ្នាំ២០២៣ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ការហាត់ហ្វឹកហ្វឺន ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងបរិមាណ និងគុណភាព និងការរៀបចំប្រកួតកីឡាគ្រប់ប្រភេទប្រកបដោយស្តង់ដា ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះប្រតិភូកីឡាករ កីឡាការានី មកពីតាមគ្រឹះស្ថានសិក្សាទាំងបឋមសិក្សា និងមធ្យមសិក្សាទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតនេះ ហើយបានគោរពគោលការណ៍ និងបទបញ្ជាបច្ចេកទេសនៃការប្រកួតកីឡាបានល្អត្រឹមត្រូវ និងមានស្មារតីស្រឡាញ់កីឡាពិតប្រាកដ ដើម្បីទទួលលទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ ជារឿងសំខាន់នោះឡើយ ពីព្រោះវិស័យអប់រំកាយ និងកីឡា ជាសមាសភាគមួយដ៏សំខាន់ ក្នុងចំណោមសមាសភាគទាំងប្រាំនៃការអប់រំ សម្រាប់ពង្រឹងកាយសម្បទា និងសុខភាពអ្នកសិក្សាដែលមិនអាចខ្វះមួយណាបានឡើយ ជាពិសេសចំពោះក្មួយៗកុមារា កុមារី ដែលកំពុងសិក្សានៅកម្រិតបឋមសិក្សា ព្រោះអាចអភិវឌ្ឍន៍ កាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារឱ្យមានលទ្ធភាពទទួលយកការអប់រំបានល្អ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍កោតសរសើរ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាពិសេសគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាំងពីថ្ងៃដំបូងរហូតមកដល់ថ្ងៃបញ្ចប់នេះ ដោយយកអស់កំលាំងកាយចិត្ត មិនគិតពីការនឿយហត់ ស្តែងចេញនូវការទទួលខុសត្រូវខ្ពស់ប្រកបដោយស្មារតីយុត្តិធម៌ អនុវត្តបានល្អប្រសើរ តាមនិយាមបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួត និង ជំរុញឲ្យការប្រកួតទាំងមូលមានដំណើរការល្អ និងទទួលបានជោគជ័យ ៕
បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានអោយដឹងថា៖ ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯងថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២-២០២៣នេះ មានរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានសមាសភាពក្រុមកីឡាករកីឡាការិនីបឋមសិក្សាចូលរួមប្រកួត ចំនួន ១១សាលា មាន០៤វិញ្ញាសា រួមមាន៖ បាល់ទាត់ប្រុស/ស្រីចំនួន ០៦ក្រុម , បាល់ទះប្រុស/ស្រីចំនួន ០៥ក្រុម , បាល់បោះប្រុស/ស្រីចំនួន ០៦ក្រុម និងអត្តពលកម្មប្រុស/ស្រីចំនួន ០៨ក្រុម ដែលមានកីឡាករ កីឡាការិនីសរុបចំនួន២៨៨នាក់ ស្រី ១២០នាក់ ចំណែកសមាសភាពក្រុមកីឡាករកីឡាការិនីមធ្យមសិក្សាចូលរួមការប្រកួតមាន ចំនួន ០៦សាលា មាន០៤វិញ្ញាសា រួមមាន៖ បាល់ទាត់ប្រុសស្រី ចំនួន០៤ក្រុម, បាល់ទះប្រុសស្រីចំនួន ០៦ក្រុម, បាល់បោះប្រុសស្រីចំនួន ០៤ ក្រុម និងអត្តពលកម្ម ចំនួន០៨ក្រុម ដែលមានកីឡាករ កីឡាការិនី សរុប ២៤០នាក់ ស្រី ១៣២នាក់ ។
អត្ថបទ៖ លោក ញ៉ឹប បូរី