cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

លោក ហុង ពៅ ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិនថ្មី

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន បានធ្វើពិធី​ប្រកាស​តែងតាំងចូលកាន់មុខ​តំណែង​ប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោ​ដីខេត្តប៉ៃលិនថ្មី ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិ​កា​រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងរៀបចំដែន​ដីនគរូបនីយកម្ម និង សំណង់ ព្រមទាំងមាន​ការ​អញ្ជើញចូលរួមពី ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ,លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងគណៈប្រតិភូអមគណៈអធិបតី ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងតំណាងវិស័យឯកជនជាច្រើននាក់ផងដែរ ។

បើតាមលោក កុសល់ សុពិនគ្ឃ ប្រធាននាយកដ្ឋានបុគ្គលិក បានអានសេចក្តីប្រកាស លេខ ០៨១ ដនស / ប្រក.ប សម្រេច​ប្រគល់ភារកិច្ចជូនលោក ហុង ពៅ ពីអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន ទៅជាប្រធាន​មន្ទីរថ្មី ជំនួសលោក សូ សុខុន ប្រធានមន្ទីរចាស់ ដែលត្រូវទទួលភារកិច្ចថ្មី នៅនាយកដ្ឋានគ្រប់គ្រង់ដីធ្លី  ចំណុះនាយកដ្ឋានសុរិយោដី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ។

បន្ទាប់ពីទទួលសេចក្តីប្រកាស និងត្រារបស់អង្គភាពរួចមក លោក ហុង ពៅ ដែលទើបទទួលការតែងតាំងថ្មី បានធ្វើការ ប្តេជ្ញា​ចិត្តដឹកនាំ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន ឲ្យមានប្រសិទ្ធភាពខ្ពស់ មានសាមគ្គីភាព​ផ្ទៃក្នុងល្អ សហការជាមួយជំនាញនានា និងអាជ្ញាធរខេត្ត ដើម្បីចូលរួមបម្រើសេវា ឲ្យបានលឿន រហ័សទាន់ចិត្ត ជូនប្រជាពលរដ្ឋ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្ត ព្រមទាំងអាជ្ញាធរ​សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងខេត្តប៉ៃលិន ដែលរយៈពេលកន្លងមក បានរួមសហការគ្នាខិតខំបំពេញភារកិច្ច បម្រើសេវា ជូន​ប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់​ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់​ថ្នាក់ ដើម្បីរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្របខណ្ឌយុទ្ធសាស្ត្រនៃគោល​នយោបាយ​ដីធ្លី ឲ្យបានសម្រេច និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។

ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូ​ប​នី​​យក​ម្ម សំណង់ និង​សុរិយោដី បានមានប្រសាសន៍ផ្តាំផ្ញើ​ដល់មន្ត្រីជំនាញ និងប្រធានមន្ទីរថ្មី ត្រូវពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់​ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ ក្នុងមន្ទីរ​ឲ្យបានល្អ ពោលគឺសំដៅលុបបំបាត់ ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រម​សីល​ធម៌​វិជ្ជាជីវៈ បង្កើនប្រសិទ្ធភាពការងារ លើការផ្ដល់សេវា ជូនប្រជាពលរដ្ឋ ដែលមករកសេវាពីមន្ទីរ ជាពិសេសត្រូវរៀបចំ​នីតិវិធី ក្នុងការ​ចេញវិញ្ញាបនបត្រសំគាល់ម្ចាស់​អចលនៈវត្ថុ ជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឲ្យសម្រេចតាមផែនការ ចំណែកវិស័យសំណង់ ត្រូវចាត់មន្ត្រីចុះពិនិត្យគុណភាព​សំណង់  ជំរុញដល់បងប្អូនប្រជាពលរដ្ឋ ស្នើសុំច្បាប់អនុញ្ញាត មុនពេលសាងសង់ ធ្វើកិច្ចសហការ ជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឲ្យការងារមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ប្រកប ដោយឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៍បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ត្រូវចូលរួម​ទប់​ស្កាត់ ការរំលោភលើដីសាធារណៈ ដូចជា៖ ដីចំណីផ្លូវសា​ធា​រ​ណៈ និងសួនច្បារសាធារណៈ ដែលធ្វើអោយប៉ះពាល់ ដល់សោភ័ណ្ឌ ភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមទីក្រុង ទីប្រជុំជន ជាពិសេសការទប់ស្កាត់ ឱ្យបានរាល់ការសាងសង់​សំណង់​ខុសច្បាប់ ព្រមទាំងបន្តផ្សព្វផ្សាយ និងធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់​សំណង់ និងអ្នកអភិវឌ្ឍអចលវត្ថុ អោយ​យល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក៏ដូច​ក្រសួងរៀបចំដែនដី នគរូបនីយ​ក​ម្ម សំណង់ និងសុរិយោដី និងរដ្ឋបាលខេត្តផងដែរ ៕​

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ប្រធានគណបក្សជាជនកម្ពុជាខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥