cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធាន សាខាបក្សភូមិ នៅក្នុងឃុំសាលាក្រៅ និងឃុំអូរអណ្តូង

ចែករំលែក

ប៉ៃលិន៖ នៅមន្ទីរគណបក្សឃុំអូរអណ្តូង រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុម​ការ​ងារ​គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជនកម្ពុជាខេត្ត បានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយ ប្រធាន-អនុប្រធាន បក្សឃុំ-បក្សភូមិ  និងក្រុមការងារចុះជួយបក្សភូមិ ភូមិ ស្ថិតក្នុង ឃុំសាលាក្រៅ និងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ដើម្បី​ស្តាប់​ពីសំណូមពរ និង បញ្ហាប្រឈមនានា នៅមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ ។

មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជន​កម្ពុជា​ខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដែលជាការបោះឆ្នោតដើម្បីធានាកំណត់តួនាទីជាប្រវត្តិសាស្ត្រ​របស់គណបក្ស​ប្រជាជន​​​កម្ពុជា ក្នុងការដឹកនាំសង្គមជាតិកម្ពុជាយូរអង្វែងបន្តទៅទៀត លើមាគ៌ាសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព​សម្រាប់​អនាគត​រុងរឿងរបស់មនុស្សគ្រប់ជំនាន់ ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ប្រធានបក្សភូមិ ឃុំ សង្កាត់ទាំងអស់ ត្រូវគិតគូអំពីជីវភាព​រស់​នៅ​របស់ប្រជាពលរដ្ឋ ឱ្យបានដិតដល់ និងធ្វើការឆ្លើយតបជាបន្ទាន់រាល់ការសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងករណីសេវាហួសពីសមត្ថភាពឆ្លើយតប ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីពិភាក្សាដោះស្រាយ និងឆ្លើយតបជូន​ប្រជាពល​រដ្ឋ​វិញ នៅតាមវេទិការសាធារណៈណាមួយឱ្យពួកគាត់បានជ្រាប និងអស់ចម្ងល់ផងដែរ ។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានប្រសាសន៍សម្តែងនូវ​ជំនឿ​ជាក់លើឆន្ទៈមុតមាំរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតលើមគ្គុទ្ទេសភាពដ៏ឈ្លាសវៃនិងថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំចលនាជាតិប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិមកកាន់ប្រក្រតីភាពដូចសព្វថ្ងៃ និងបានដឹកនាំប្រកប​ដោយ​ជោគជ័យកិច្ចប្រជុំកំពូលអាស៊ាន និងជាពិសេស គឺជោគជ័យដ៏មហស្ចារ្យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅកម្ពុជា (SEA GAME) ថ្មីៗនេះ ដែលបានលើកកម្ពស់កិត្យានុភាព​ពោរពេញដោយមោទនភាព​ជាតិ​កម្ពុជាលើឆាកអន្តរជាតិ ។

ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ យើងទាំងអស់គ្នា មានកាតព្វកិច្ចត្រូវប្រែក្លាយមនុញ្ញផលដ៏​ថ្លៃថ្លា​នេះ ឱ្យទៅជាកម្លាំងចលករជំរុញឧត្តមភាពប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជាសំដៅដណ្តើមជ័យជំនះទាំងស្រុង​ក្នុងការបោះឆ្នោតជាតិនា ខែកក្កដាខាងមុខ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្ត និងគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីអនាគតរបស់កម្ពុជា ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍អំពាវនាវចំពោះសមាជិកបក្ស និងប្រជាពលរ​ដ្ឋ​គ្រប់រូប ត្រូវចូលរួមយ៉ាងសកម្ម គាំទ្រអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានក្នុងកិច្ចការពាររឹងមាំ ស្ថិរភាពនយោបាយ និង​ការរក្សាបានល្អនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម សម្រាប់ធានាឱ្យការបោះឆ្នោតជាតិនាខែកក្កដាខាងមុខប្រព្រឹត្ត​ទៅ​ប្រកប​ដោយលក្ខណៈប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលគណបក្សនយោបាយទាំងអស់បានចូលរួមប្រកួតប្រជែងដោយសេរី តម្លាភាព ក្នុងក្របខណ្ឌពហុបក្ស និងគ្មានអំពើហិង្សា ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម