cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ថ្នាក់ដឹកនាំ និងពលរដ្ឋខេត្តប៉ៃលិន ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ យ៉ាងច្រើនកុះករ ក្រោមបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់ល្អ

ចែករំលែក

ប៉ៃលិន​៖ ព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស តែងតែ​រៀប​ចំការបោះឆ្នោតជាទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង ទាំងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងការបោះឆ្នោតក្រុម​ប្រឹក្សាឃុំ-សង្កាត់ ជាក់ស្តែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងថ្នាក់​ដឹកនាំខេត្ត ក៍ដូចជាប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ដែលគ្រប់អាយុត្រូវបោះឆ្នោត ពិតជាបាននាំគ្នាទៅ​ចូលរួម​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ យ៉ាងច្រើនកុះករ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ក្រោម​បរិយាកាស​សន្តិសុខ​សណ្តាប់ធ្នាប់ល្អ ។

ក្នុងន័យនេះ ការបោះឆ្នោត គឺជាយន្តការសំខាន់ចាំបាច់មិនអាចខ្វះបានឡើយ ពីព្រោះតាមរយៈការបោះឆ្នោតនេះ​ហើយ ដែលប្រជាពលរដ្ឋអាចបង្ហាញនូវឆន្ទៈពិតប្រាកដរបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់​មូលដ្ឋាន ហើយគោលការណ៍គ្រឹះនៃប្រជាធិបតេយ្យមួយនេះ ត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួននៅរៀងរាល់ការបោះឆ្នោត មិន​ថា​​ថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋាននោះឡើយ ដូច្នេះការបោះឆ្នោតថ្នាក់នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើស​តំណាងរបស់ខ្លួន ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ និងមូលដ្ឋានរបស់ខ្លួន ឲ្យទទួលបានការរីកចម្រើនទៅមុខ​បន្ថែម​ទៀត ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ក្នុងបរិយាកាសយ៉ាងល្អប្រសើរ ដោយសុខសន្តិភាព សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ដែលប្រការនេះ គឺផ្ទុយស្រឡះពីមជ្ឈដ្ឋានខ្លះ ដែលមានបំណងចង់បំផ្លាញ និងបង្ខូច​កិត្យានុភាពនៃការបោះឆ្នោតនេះ ដោយសារតែការបាត់បង់សិទ្ធ ក្នុងការចូលរួមប្រកួតប្រជែង ។

ពីមួយឆ្នាំទៅមួយឆ្នាំ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក៍កាន់តែមានភាពចាស់ទុំ និងរឹងមាំជាលំដាប់ ជាក់ស្តែង ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ កាលពីឆ្នាំ២០១៨ កន្លងទៅ មានពលរដ្ឋជាង ៨៣% បានចូលរួម ដែល​ជាអត្រាដ៏ខ្ពស់បំផុតមួយក្នុងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ពោលគឺខ្ពស់ជាងបណ្តាប្រទេសប្រជាធិបតេយ្យ​ជឿន​លឿនមួយចំនួនទៀតផង។ លើសពីនេះ ប្រជាពលរដ្ឋខ្មែរ ក៍សប្បាយរីករាយនឹងសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេច​បាន ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការស្តារ និងអភិវឌ្ឍន៍ប្រទេស ឲ្យ​រីក​ចម្រើនគ្រប់វិស័យ ដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រកម្ពុជា ទាំងនេះគឺជាលទ្ធផលនៃការអភិវឌ្ឍន៍ប្រទេស ក្រោម​​​ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ផ្តល់ក្តីទុកចិត្តពីប្រជាពលរដ្ឋ ស្របតាមគោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស ជាពិសេសជំនឿជឿជាក់នៅទូទាំងប្រទេស ចំពោះជោគជ័យ នៃនយោបាយវ៉ាក់សាំង ដែល​ជាមូលដ្ធានគ្រិះដ៏សំខាន់បំផុត និងមិនអាចខ្វះបាន ដែលធានា និងរក្សាបាននូវសិទ្ធរស់រានមានជីវិតរបស់​ប្រជាពលរដ្ធជា​ម្ចាស់​ឆ្នោត ហើយដែលអនុញ្ញាតអោយកម្ពុជា អាចបន្តដំណើរការបាននូវប្រជាធិបតេយ្យនីយកម្ម។

បើយោងតាមរបាយការណ៍របស់លោក ចេង ញ៉ាន់ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បាន​ឱ្យដឹងថា៖ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅខេត្តប៉ៃលិន មានគណបក្ស​នយោបាយ​ចំនួន ១០ ចូលរួមប្រកួតប្រជែង គឺមាន៖ (គណបក្សខ្មែរតែមួយ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្ស​ស្ត្រី​ដើម្បីស្ត្រី , គណបក្សខ្មែរឈប់ក្រ , គណបក្សហ្វ៊ុនស៊ិនប៉ិច ,គណបក្សធម្មាធិបតេយ្យ , គណបក្សយុវជនកម្ពុជា, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និង គណបក្សប្រជាជនកម្ពុជា) ដោយមានការិយាល័យបោះឆ្នោតចំនួន ១២២ការិយាល័យ ក្នុង​នោះ​ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ចីបោះឆ្នោត ចំនួន ៤៥.៧៤០នាក់ ស្រី ២៣.២៤៩នាក់ និងមានអ្នក​សង្កេតការណ៍​សរុបចំនួន ៤១៧នាក់ ស្រី ២២៧នាក់ មកពី ៨ស្ថាប័ន ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រជុំពិភាក្សា ពិនិត្យលើសេចក្តីព្រាង នៃកិច្ចព្រមព្រៀង ស្តីពីការរៀបចំកសាងស្ពានឆ្លងកាត់អូព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ឈមនឹងច្រកបានផាកាត