cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវប្រាំងនេះ

ចែករំលែក

ប៉ៃលិន ៖ មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាល របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បាន​ណែនាំ និង​អំពាវនាវ​ដល់ប្រជា​ពលរដ្ឋ​ ត្រូវ​ចេះ​ថែទាំ​សុខភាព និងរស់នៅប្រកដោយអនាម័យ ជាពិសេស​កុមារ​តូចៗ នៅក្នុងរដូវប្រាំងនេះ ដែលមាន​អាកាសធាតុក្តៅខ្លាំង ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជម្ងឺដម្កាត់ផ្សេងៗ ដែល​អាច​​បង្កជាបញ្ហាលំបាក​ដល់ក្រុម​គ្រួសារ ហើយបើមានបញ្ហាសុខភាព ត្រូវប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ​បង្អែក​ដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញ ជៀសវាងទុកឲ្យអ្នកជម្ងឺ មានសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វិស័យសុខាភិបាល គឺជា​វិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងការកាត់បន្ថយភាព​ក្រីក្រ​នៅប្រទេសកម្ពុជាតាមរយៈការលើក កម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ដែល​ផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅ​ឲ្យ​កាន់​​​តែល្អប្រសើរ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក​សុខាភិបាលទាំងអស់ សូមបន្តខិតខំផ្តល់សេវ៉ា បម្រើ និងពិនិត្យ ព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ព្រោះយើងសុទ្ធតែ​ជាមន្រ្តីរបស់រដ្ឋ ដូច្នេះត្រូវធ្វើការងារជំនាញប្រកដោយវិជ្ជាជីវៈ ទៅតាមគោលនយោបាយ និងការ​ណែនាំ របស់រាជ​រដ្ឋាភិបាល ហើយលោកជំទាវបណ្ឌិតបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់​សេវ៉ា​សុខាភិបាលជូនប្រជាពលរដ្ឋ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត អោយកាន់តែល្អប្រសើឡើង ។

បើតាមការបញ្ជាក់របស់ លោក ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១, មណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ និងនៅស្រុកសាលាក្រៅចំនួន ៣ ដោយបុគ្គលិកក្របខ័ណ្ឌសរុប ចំនួន ២១៦នក់ ស្រី ១១៥នាក់ និងបុគ្គលិកជាប់កិច្ចសន្យា សរុបចំនួន ២៦នាក់ ស្រី ១៤នាក់ ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ខេត្តប៉ៃលិន ធ្វើសន្និបាតបូកសរុបលទ្ធផលការងារការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤