cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

បទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា

ចែករំលែក

បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស

គោលបំណង ឧត្តគតិរបស់គណបក្ស ថ្ងៃកំណើតគណបក្ស

ប្រការ១ ៖ គណបក្ស​​ប្រជាជន​កម្ពុជា បាន​បដិសន្និ​ឡើង​នៅ​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ១៩៥១ ។ គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រកាន់ខ្ជាប់​ឧត្តគតិ​សេ្នហាជាតិ ហ៊ានធ្វើពលីកម្ម​គ្រប់យ៉ាង​ដើម្បី​ប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន ខិតខំ​បង្រួបបង្រួម​ប្រមូលផ្តុំ​កម្លាំង​របស់​ជាតិ​ទាំងមូល ដើម្បី​កសាង​ប្រទេសកម្ពុជា ឯករាជ្យ សន្និភាព សេរីភាព ប្រជាធិប​តេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម ។

ប្រការ២ ៖ ដើម្បី​ជា​សក្ខីភាព​នៃ​បុព្វហេតុ​របស់​គណបក្ស ជារៀងរាល់ឆ្នាំ គណបក្ស​ចាត់តាំង​ប្រារព្ធ​ពិធី​បុណ្យ​ជាផ្លូវការ​របស់​គណបក្ស​ចំនួន ៤​គឺៈ

  • បុណ្យ​ខួបកំណើត​គណបក្ស ២៨ មិថុនា ១៩៥១ ។
  • បុណ្យ​ខួប​ទិវា​ប្រជាជន​កម្ពុជា បាន​រួច​ចាក​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ៧ មករា​ ១៩៧៩ ។
  • បុណ្យ​ខួបកំណើត​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា ២ ធ្នូ ១៩៧៨ ។
  • ទិវា​គោរព​វិញ្ញាណក្ខ័ន្ធ​ប្រជាជន​កម្ពុជា ដែល​រងគ្រោះ​ដោយ​របប​ប្រល័យ​ពូជសាសន៍​ប៉ុតពត ២០ ឧសភា។

គណបក្ស​គ្រប់​ថ្នាក់​មាន​កាតព្វកិច្ច​ត្រូវ​ចាត់តាំង​ប្រារព្ធ​ពិធីបុណ្យ ​ទាំង​បួន​នេះ ឲ្យ​បាន​សមស្រប​តាម​លទ្ធភាព កាលៈទេសៈ និង​ទីកន្លែង​និមួយៗ ។

ឈ្មោះ សញ្ញា បទភ្លេង និងចំរៀងគណបក្ស

ប្រការ៣ ៖ ឈ្មោះ និងផ្លាកសញ្ញារបស់គណបក្សត្រូវលើកនៅៈ

  • ទីស្នាក់ការកណ្តាលនារាជធានីភំ្នពេញ ។
  • គ្រប់ទីស្នាក់ការរបស់គណបក្សខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។
  • សាលប្រជុំនានារបស់គណបក្សគ្រប់ថ្នាក់ ។
  • កន្លែងផ្សេងៗទៀតស្របតាមការកំណត់នៃច្បាប់ ។
  • បោះពុម្ពលើសៀវភៅឯកសាររបស់គណបក្ស ។
  • ផលិតជាស្លាកសញ្ញាសំរាប់ពាក់លើអាវក្នុងពិធីផ្សេងៗរបស់គណបក្ស ។

ប្រការ៤ ៖ បទភ្លេង និងចំរៀងគណបក្ស ត្រូវប្រើប្រាស់ជាផ្លូវការក្នុងពិធីនានារបស់គណបក្សៈ

  • ពិធីបញ្ចូលសមាជិកគណបក្ស
  • សន្និបាត ឬមហាសន្និបាតរបស់គណបក្ស
  • ពិធីបុណ្យរបស់គណបក្ស
មហាសន្និបាតតំណាងទូទាំងប្រទេស

ប្រការ​៥ ៖ មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស គឺ​ជា​អង្គការ​ដឹកនាំ​ខ្ពស់​បំផុត​របស់​គណបក្ស ។
មហាសន្និបាត​មាន​ភារកិច្ចៈ

  • ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​របាយការណ៍​នយោបាយ​របស់​គណៈកម្មាធិការ​កណ្តាល​អំពី​សភាពការណ៍​រួម​របស់​គណបក្ស ។
  • កំណត់​គោលនយោបាយ​ក្នុង​ប្រទេស ក្រៅ​ប្រទេស និង​ភារកិច្ច​របស់​គណបក្ស តាម​ដំណាក់កាល​និមួយៗ
  • បំពេញ​បន្ថែម ឬ​កែសំរួល​លក្ខន្តិកៈ​គណបក្ស ។
  • រំសាយ​គណៈកម្មាធិការ​កណ្តាល​ចាស់ និង​បោះឆ្នោត​ជ្រើស​តាំង​គណៈកម្មាធិការ​កណ្តាល​សំរាប់​អាណតិ្ត​​ថ្មី​ ។

មហាសន្និតបាត​តំណាង​ទូទាំង​ប្រទេស ប្រជុំ ៥​ឆ្នាំ​ម្តង ។ តំណាង​ចូលរួម​មហាសន្និបាត​ត្រូវ​បាន​បោះឆ្នោត​​ជ្រើស​តាំង​ដោយ​មហាសន្និបាត​ ថ្នាក់​ក្រោម​ផ្ទាល់ លើកលែង​សមាជិក​គណៈកម្មាធិការ​កណ្តាល​ដែល​ជា​តំណាង​ដោយ​​ស្វ័យប្រវត្តិ ។
ក្នុង ​ករណី​ដែល​មិន​អាច​បើក​មហាសន្និបាត​តំណាង​សាមញ្ញ​បាន ឬ​បើ​មាន​ភារកិច្ច​បន្ទាន់​ចំពោះ​មុខ និង​ដោយ​​មាន​សំណើរ​របស់​សមាជិក​គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​ ចំនួន ២ ភាគ ៣ ឬ​សំណើរ​របស់​សមាជិក​​គណៈកម្មាធិការ​កណ្តាល​ចំនួន ១ ភាគ ៣ នោះ​អាច​កោះ​ប្រជុំ​មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស​ជា​វិសាមញ្ញ ។ តំណាង​ចូលរួម​មហាសន្និបាត​វិសាមញ្ញ អាស្រ័យ​ដោយ​គណៈកម្មាធិការ​កណ្តាល​សំរេច​ចង្អុល​ចុះ​តាម​សំណើរ​របស់​​ គណៈអចិន្រ្តៃយ៌ ។ តំណាង​ចូលរួម​មហាសន្និបាត ជា​អ្នក​ដែល​បាន​ចូលរួម​អនុវត្ត​យ៉ាង​សកម្ម​នូវ​ភារកិច្ច​នយោបាយ និង​ការងារ​របស់​គណបក្ស មាន​ការ​យល់​ដឹង​ច្បាស់​អំពី​គោលការណ៍ គោនយោបាយ​នានា​របស់​គណបក្ស មាន​ស្មារតី​​ទទួល​ខុស​ត្រូវ​ចំពោះ​បុព្វហេតុ​របស់​គណបក្ស និង​របស់​ប្រទេសជាតិ ។ មហាសន្និបាត​តំណាង​វិសាមញ្ញ​មាន​ភារកិច្ច​ដូច​មហាសន្និបាត​តំណាង​សាមញ្ញ​ដែរ លើកលែង​តែ​ការ​បោះឆ្នោត​ជ្រើស​តាំង​គណៈកម្មាធិការ​កណ្តាល គឺ​មាន​ភារកិច្ច​​ត្រឹម​កែសំរួល ឬ​បំពេញ​បន្ថែម​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​ប៉ុណ្ណោះ ។

ប្រការ​៦ ៖ គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល រៀបចំ និង​កោះ​អញ្ជើញ​តំណាង​ចូលរួម​មហាសន្និ​បាត​តំណាង​ទូទាំង​ប្រទេស​តាម​ការ​ សំរេច​របស់​គណៈកម្មាធិការ​កណ្តាល ។ ការ​ជូន​ដំណឹង​ក្នុង​គណបក្ស ស្តី​ពី​ការ​បើក​​មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស ត្រូវ​ធ្វើ​ឲ្យ​បាន​យ៉ាង​តិច ១ខែ មុន​ពេល​បើក​សម័យ​ប្រជុំ​ដោយ​ភ្ជាប់​ជាមួយ​នូវ​​របៀប​វារៈ ការ​កំណត់​អំពី​សមាសភាព និង​ចំនួន​តំណាង​ដែល​ត្រូវ​មក​ចូលរួម ។

ប្រការ​៧ ៖ មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស ដែល​ចាត់​ទុក​ជា​បាន​ការ​លុះត្រា​តែ​មាន​សមាជិក​គណៈកម្មា​ធិការ​កណ្តាល​យ៉ាង ​តិច ២ ភាគ ៣ និង​មាន​តំណាង​លើស​ពី​ពាក់​កណ្តាល​នៃ​ចំនួន​គណបក្ស​ថ្នាក់​ក្រោម ដែល​ចំណុះ​ផ្ទាល់​គណៈកម្មាធិការ​កណ្តាល​ចូលរួម ហើយ​ចំនួន​តំណាង​ដែល​មិន​មែន​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល ត្រូវ​តែ​​មាន​លើស​ពី​ចំនួន​សមាជិក​គណៈកម្មាធិការ​កណ្តាល​ទាំងមូល ។ ការ​អនុម័ត​របស់​មហាសន្និបាត​តំណាង គឺ​កំណត់​សម្លេង​ភាគ​ច្រើន ។

គណៈកម្មាធិការកណ្តាល

ប្រការ​៨ ៖ គណៈកម្មាធិការ​កណ្តាល ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​របស់​មហាសន្និបាត​តំណាង​ទូ​ទាំង​ ប្រទេស ដើម្បី​ដឹកនាំ​ការងារ​របស់​គណបក្ស ក្នុង​ចន្លោះ​ពី​មហាសន្និបាត​តំណាង​សាមញ្ញ​មួយ​ទៅ​មហាសន្និបាត​​តំណាង​ សាមញ្ញ​មួយ​ទៀត ។

ប្រការ​៩ ៖ ចំនួន​សមាជិក​គណៈកម្មាធិការ​កណ្តាល និង​បញ្ជី​ឈ្មោះ​បេក្ខជន ត្រូវ​បាន​អនុម័ត​ដោយ​មហាសន្និ​បាត​តំណាង​ទូទាំង​ប្រទេស​តាម​សំណើ​រ​បស់​ គណៈកម្មាធិការ​កណ្តាល ។ ការ​ជ្រើស​តាំង​គណៈកម្មាធិការ​កណ្តាល ត្រូវ​​ធ្វើ​តាម​វិធី​បោះឆ្នោត​លើ​បញ្ជី​ឈ្មោះ​បេក្ខជន និង​តាម​បែប​បទ​ដែល​កំណត់​ដោយ​មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស​។ បេក្ខជន​ដែល​មាន​សំលេង​គាំទ្រ​លើស​ពី​ពាក់​កណ្តាល​នៃ​ចំនួន​អ្នក​បោះឆ្នោត ដោយ​រាប់​តាម​លំដាប់​លេខ​រៀង​ពី​ខ្ពស់​​មក​ទាប រហូត​ដល់​គ្រប់​ចំនួន​ដែល​បាន​កំណត់​ត្រូវ​ជាប់​ឆ្នោត​ជា​សមាជិក​ គណៈកម្មាធិការ​កណ្តាល ។

ប្រការ​១០ ៖ សន្និបាត​គណៈកម្មាធិការ​កណ្តាល ត្រូវ​ធ្វើ ២ដង ក្នុង ១ឆ្នាំ ។ ក្នុង​ករណី​ចាំបាច់​អាច​បើក​សន្និបាត​វិសាមញ្ញ ។ គណៈអចិន្រ្តៃយ៍​គណៈកម្មាធិការ​កណ្តាល កោះ​ប្រជុំ​សន្មិបាត​គណៈកម្មាធិការ​កណ្តាល ដោយ​ត្រូវ​ផ្ញើ​លិខិត​អញ្ជើញ​ជូន​សមាជិក​យ៉ាង​តិច ១៥​ថ្ងៃ មុន​ពេល​ប្រជុំ លើកលែង​តែ​ក្នុង​ការ​ប្រញាប់ និង​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​របៀប​​វារៈ​នៃ​ការ​ប្រជុំ​ ។
ការ​អនុម័ត​ របស់​សន្និបាត​គណៈកម្មាធិការ​កណ្តាល កំណត់​យក​សម្លេង​ភាគ​ច្រើន​ដាច់​ខាត នៃ​ចំនួន​សមាជិក​គណៈកម្មាធិការ​កណ្តាល​ទាំងមូល លើកលែង​តែ​ការ​ដាក់​វិន័យ​ចំពោះ​សមាជិក និង​អង្គការ​ចាត់តាំង​គណបក្ស​ដែល​មាន​ការ​កំណត់​ដោយ​ឡែក ។

ប្រការ​១១ ៖ សមាជិក​គណៈកម្មាធិការ​កណ្តាល មាន​ភារកិច្ច​ត្រូវ​ក្តាប់​ជាប់​នូវ​កម្មវិធី​នយោបាយ សេចក្តី​សំរេច​ចិត្ត គោលការណ៍​នយោបាយ​នានា​របស់​គណបក្ស ដើម្បី​ចាត់តាំង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​តាម​ផ្នែក ឬ​ថ្នាក់​ដែល​ខ្លួន​ទទួល​ខុស​ត្រូវ និង​ខិតខំ​តស៊ូ​ដើម្បី​ប្រែក្លាយ​គោលការណ៍ គោលនយោបាយ​របស់​គណបក្ស​ឲ្យ​ទៅ​ជា​ច្បាប់ និង​គោលការណ៍​រួម​របស់​រដ្ឋ ។
សមាជក ​គណៈកម្មាធិការ​កណ្តាល ធ្វើ​សកម្មភាព​ទី​ណា ត្រូវ​រួម​ចំណែក​ទទួល​ខុសត្រូវ​ក្នុង​ការ​ដឹកនាំ​ការងារ​គណបក្ស និង​ចូលរួម​ក្នុង​ការ​កសាង​ពង្រឹង​គណបក្ស​នៅ​ទី​នោះ​ ។
ក្នុង​រយៈពេល ១​ត្រី​មាស​ម្តង សមាជិក​គណៈកម្មាធិការ​កណ្តាល​ត្រូវ​ធ្វើ​របាយការណ៍​ជូន​គណៈអចិន្រ្តៃយ៍​អំពី ​សកម្មភាព​របស់​ខ្លួន ក្នុង​ការ​អនុវត្តន៍​ភារកិច្ច​នយោបាយ​របស់​គណបក្ស ។ សមាជិក​គណៈកម្មាធិការ​កណ្តាល មាន​សិទ្ធិ​ផ្តល់​មតិ​ជា​លាយ​ល័ក្ខ​អក្សរ​ជូន​គណៈអចិន្រ្តៃយ៍ អំពី​ការងារ​របស់​គណបក្ស ហើយ​រាល់​មតិ​របស់​ខ្លួន​ត្រូវ​បាន​ទទួល​នូវ​ការ​ឆ្លើយ​តប ។

ប្រធាន អនុប្រធាន និងប្រធានកិតិ្តយស

ប្រការ​១២ ៖ ប្រធាន អនុប្រធាន និង​ប្រធាន​កិតិ្តយស ជា​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស ។ ប្រធាន​គណបក្ស ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ។ ប្រធាន​គណបក្ស​ទទួល​ខុស​ត្រូវ​ដឹកនាំ​លើ​គ្រប់​វិស័យ​ការងារ​របស់​គណបក្ស តាម​គោការណ៍​រួម​ដែល​បាន​សំរេច​ដោយ​គណៈកម្មាធិការ​​កណ្តាល និង​គណៈអចិន្រ្តៃយ៍ ។
អនុប្រធាន​ទទួល​ខុសត្រូវ​ជួយ​ប្រធាន​ដឹកនាំ​ ការងារ​មួយ​ចំនួន​តាម​ការ​ប្រគល់​ភារកិច្ច​របស់​ប្រធាន និង​គណៈ​អចិន្រ្តៃយ៍ និង​តំណាង​ឲ្យ​ប្រធាន​នៅ​ពេល​ដែល​ប្រធាន​អវត្តមាន ។
ប្រធាន​កិតិ្តយស ជា​ឥស្សរជន​ដែល​មាន​គុណ​បំណាច់​យ៉ាង​ធំធេង​ចំពោះ​គណបក្ស ត្រូវ​បាន​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​អនុម័ត ។

ប្រការ​១៣ ៖ ប្រធាន​គណបក្ស ត្រូវ​បាន​ជ្រើស​តាំង​ដោយ​សន្និបាត​គណៈកម្មាធិការ​កណ្តាល តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សំលេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​ គណៈកម្មាធិការ​កណ្តាល​ទាំងមូល ។ បើ​សិន​ជា​ក្នុង​ការ​បោះឆ្នោត​លើកទី១ គ្មាន​បេក្ខជន​ណា​ទទួល​បាន​សំលេង​ភាគ​ច្រើន​ដាច់​ខាត​ទេ​នោះ ត្រូវ​ជ្រើសរើស​យក​តែ​បេក្ខជន ២​រូប ដែល​បាន​ទទួល​សំលេង​ច្រើន​ជាង​គេ​ក្នុង​ការ​បោះឆ្នោត​លើក​ទី​១ ដើម្បី​ធ្វើ​ការ​បោះឆ្នោត​លើក​ទី​២ ជ្រើសរើស​យក​បេក្ខជន​ដែល​បាន​សំលេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​ គណៈកម្មាធិការ​កណ្តាល​ទាំង​មូល​ធ្វើ​ជា​ប្រធាន ។ បើ​សិន​ជា​ក្នុង​ការ​បោះឆ្នោត​លើក​ទី២ គ្មាន​បេក្ខជន​ណា​ទទួល​បាន​សំលេង​ភាគ​ច្រើន​ដាច់​ខាត​ទេ​នោះ ត្រូវ​ជ្រើសរើស​យក​តែ​បេក្ខជន​ដែល​បាន​ទទួល​សំលេង​ច្រើន​ជាង​គេ​ក្នុង​ការ​ បោះឆ្នោត​លើក​ទី២ ដើម្បី​ធ្វើ​ការ​អនុម័ត បើ​បេក្ខជន​នោះ​ទទួល​បាន​សំលេង​ភាគ​ច្រើន​ដាច់​ខាត នៃ​ចំនួន​សមាជិក​គណៈកម្មាធិការ​កណ្តាល​ទាំងមូល គឺ​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន ។ បើ​សិន​ជា​ក្នុង​ការ​អនុម័ត​នេះ​មិន​បាន​ទទួល​សំលេង​ភាគ​ច្រើន​ដាច់​ខាត​ទេ​ នោះ ត្រូវ​ជ្រើសរើស​បេក្ខជន និង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សារ​ជា​ថ្មី ។
អនុប្រធាន​គណបក្ស​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​សន្និបាត​គណៈកម្មាធិការ​កណ្តាល តាម​វិធី​ដូច​គ្នា​នឹង​ការ​ជ្រើស​តាំង​ប្រធាន ។

ប្រការ​១៤ ៖ ប្រធាន អនុប្រធាន​គណបក្ស ត្រូវ​បាន​ជ្រើស​តាំង​សំរាប់​អាណត្តិ ៥ឆ្នាំ ។
ក្នុង ​ករណី​ដែល​ប្រធាន​គណបក្ស​ទទួល​មរណៈភាព ឬ​មិន​អាច​បំពេញ​ភារកិច្ច​បាន​ដោយ​ប្រការ​ផ្សេងៗ​នោះ អនុប្រធាន​ត្រូវ​ទទួល​ដឹកនាំ​ការងារ​បន្ត​ជា​ប្រធាន​ស្តីទី រហូត​ដល់​ពេល​មាន​ការ​ជ្រើសតាំង​ប្រធាន​គណបក្ស​ថ្មី ។ ក្នុង​ករណី​ដែល​មុខតំណែង​ប្រធាន អនុប្រធានគណបក្ស​នៅ​ទំនេរ​ដោយ​ប្រការ​ផ្សេងៗ​រយៈពេល​យ៉ាង​តិច ៣​ខែ ត្រូវ​រៀបចំ​ជ្រើសតាំង​ប្រធាន អនុប្រធាន​ថ្មី​ជំនួស​រហូត​ដល់​ចប់​អាណតិ្ត ។

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល

ប្រការ​១៥ ៖ គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ត្រូវ​បាន​ជ្រើសតាំង​ក្នុង​ចំណោម​សមាជិក​គណៈ​កម្មាធិការ​កណ្តាល តាម​រយៈ​ការ​បោះឆ្នោត​របស់​សន្និបាត​គណៈកម្មាធិការ​កណ្តាល​ដោយ​យក​សំលេង​ភាគ ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិកគណៈកម្មាធិការ​កណ្តាល​ទាំងមូល ។ ក្នុង​ករណី​ចាំបាច់​ដោយ​យោង​តាម​សំណូមពរ ភារកិច្ច​ជាក់​ស្តែង​តាម​សំណើ​របស់​គណៈអចិន្រ្តៃយ៍ សន្និបាត​គណៈកម្មាធិការ​កណ្តាល​អាច​ជ្រើសតាំង​បំពេញ​បន្ថែម​សមាជិក​ គណៈអចិន្រ្តៃយ៍​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សំលេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ទាំងមូល ។

ប្រការ​១៦ ៖ គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ដឹកនាំ​រាល់​ការងារ​របស់​គណបក្ស​ក្នុង​ចន្លោះ​ពេល​ពី​សន្និបាត​ពេញអង្គ​មួយ​ ទៅ​សន្និបាត​ពេញអង្គ​មួយ​ទៀត​របស់​គណៈកម្មាធិការ​កណ្តាល ដោយ​ផ្អែក​លើ​សេចក្តី​សំរេច​ចិត្ត​នៃ​មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស និង​សន្និបាត​គណៈកម្មាធិការ​កណ្តាល ។
គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​មាន​ភារកិច្ចៈ

  • កំណត់​គោការណ៍ វិធានការ​ធំៗ​ដើម្បី​អនុវត្ត​សេចក្តី​សំរេចចិត្ត​របស់​មហាសន្និបាត​តំណាង​ ទូទាំង​ប្រទេស និង​សន្និបាត​គណៈកម្មាធិការ​កណ្តាល ។
  • កំណត់​ទិសដៅ​ភារកិច្ច​ធំៗ​តាមរយៈ​ពេល​និមួយៗ​លើ​គ្រប់​ផ្នែក​ ការងារ​របស់​គណបក្ស​ជាអាទិ៍ ការងារ​នយោបាយ សតិអារម្មណ៍ ការងារ​ចាត់តាំង​កសាង​បក្ស ការងារ​ហិរញ្ញវត្ថុ ការ​កសាង​ធនធាន​មនុស្ស ។
  • រៀបចំ​រចនា​សម័្ពន្ធ​នៃ​អង្គការ​ចាត់តាំង​របស់​គណបក្ស​ចំណុះ​ផ្ទាល់​គណៈកម្មាធិការ​កណ្តាល ។
  • ណែនាំ​គោការណ៍ កសាង​រចនា​សម្ព័ន្ធ ខ្សែរយៈ​ចាត់តាំង និង​សកម្មភាព​របស់​អង្គការ​ចាត់តាំង​គណបក្ស​ថ្នាក់​ក្រោម ។
  • កំណត់​​ក្របខ័ណ្ឌ និង​គោលនយោបាយ​នានា សំរាប់​មន្រ្តី បុគ្គលិក កម្មករ​បំរើ​ការងារ​ក្នុង​អង្គការ​ចាត់តាំង​នានា​របស់​គណបក្ស​គ្រប់​ថ្នាក់ ។
  • រៀបចំ​ចាត់តាំង ប្រគល់​ភារកិច្ច តំឡើង​ឋានៈ និង​អនុវត្ត​វិន័យ​ចំពោះ​មន្រ្តី​របស់​គណបក្ស ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​គ្រប់គ្រង​ផ្ទាល់ ។
  • សំរេច​អំពី​ការ​សុំ​ចូល​ជា​សមាជិក​គណបក្ស ក្នុង​ករណី​ពិសេស​ ។
  • សំរេច​ជ្រើសរើស​សមាជិក​គណបក្ស ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្នុង​ការ​បោះឆ្នោត​តំណាងរាស្រ្ត ។
  • ជ្រើរើស​សមាជិក​គណបក្ស​ចូល​កាន់​មុខ​នាទី​ក្នុង​រាជរដ្ឋាភិបាល និង​ស្ថាប័ន​របស់​រដ្ឋ ។
  • រៀបចំ​ខ្លឹមសារ​សំរាប់​សន្និបាត​គណៈកម្មាធិការ​កណ្តាល ។
  • អនុវត្ត​នយោបាយ​ការបរទេស​របស់​គណបក្ស ។
  • ត្រួតពិនិត្យ​ការងារ​នៃ​រាល់​ស្ថាប័ន និង​គណៈកម្មាធិការ​គណបក្ស​ចំណុះ ។

ប្រការ​១៧ ៖ គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ប្រជុំ​មួយ​ខែ​ម្តង ហើយ​អាច​ប្រជុំ​មុន​ពេល​កំណត់​ បើសិន​ជា​មាន​ការ​បន្ទាន់ និង​ចាំបាច់​អាស្រ័យ​ដោយ​ប្រធាន​គណបក្ស​កោះ​ប្រជុំ ។​ ការ​អនុម័ត​របស់​គណៈអចិន្រ្តៃយ៍ ដោយ​កំណត់​យក​សំលេង​ភាគ​ច្រើន​នៃ​ចំនួន​សមាជិក​គណៈអចិន្រ្តៃយ៍​ទាំងមូល លើកលែង​តែ​កា​រអនុម័ត​ដាក់​ពិន័យ​សមាជិក និង​អង្គការ​ចាត់តាំង​គណបក្ស​ដែល​មាន​ការ​កំណត់​ដោយ​ឡែក ។

គណៈប្រចាំការរបស់គណៈអចិន្រ្តៃយ៍

ប្រការ​១៨ ៖ គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល បង្កើត​គណៈ​ប្រចាំ​ការ​របស់​គណៈអចិន្រ្តៃយ៍​រួម​មាន ប្រធាន ១រូប និង​សមាជិក​មួយ​ចំនួន​ដែល​បាន​ជ្រើសរើស​នៅ​ក្នុង​ចំណោម​សមាជិក​ គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិ​ការ​កណ្តាល ។

ប្រការ​១៩ ៖ គណៈប្រចាំការ​ទទួល​ខុស​ត្រូវ​ជំនួស​មុខ​គណៈអចិន្រ្តៃយ៍ ដើម្បី​ដោះស្រាយ​ការងារ​ប្រចាំ​ថ្ងៃ​តាម​ការ​ប្រគល់​ភារកិច្ច​របស់​ គណៈអចិន្រ្តៃយ៍ ។ ប្រធាន​គណៈប្រចាំការ​ធ្វើ​ទំនាក់ទំនង​ជា​ប្រចាំ​ជាមួយ​ប្រធាន និង​អនុប្រ​ធាន​គណបក្ស ដើម្បី​រាយការណ៍​សុំ​គោលការណ៍​ដឹកនាំ និង​ត្រួតពិនិត្យ​ដោះស្រាយ​ការងារ ។

ប្រការ​២០ ៖ គណៈប្រចាំការ​របស់​គណៈអចិន្រ្តៃយ៍​ប្រជុំ​ក្នុង ១​សបា្តហ៍​ម្តង ។ ក្នុង​ករណី​មាន​ការ​ចាំបាច់ និង​បន្ទាន់ អាច​ប្រជុំ​មុន​ពេល​កំណត់ ។
ការ​អនុម័ត​របស់​គណៈប្រចាំការ កំណត់​យក​សំលេង​ភាគ​ច្រើន​នៃ​ចំនួន​សមាជិក​គណៈប្រចាំការ​ទាំងមូល ។

ស្ថាប័នជំនួយការរបស់គណបក្ស

ប្រការ​២១ ៖ ស្ថាប័ន​ជំនួយ​ការ​របស់​គណៈកម្មាធិការ​កណ្តាល​រួម​មានៈ

  • ១. ខុទ្ទកាល័យ
  • ២. គណៈចាត់តាំង
  • ៣. គណៈឃោសនាអប់រំ
  • ៤. គណៈកម្មាធិការ​ត្រួតពិនិត្យ
  • ៥. គណៈស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​គណបក្ស
  • ៦. គណៈកម្មាធិការ​ហិរញ្ញវត្ថុ
  • ៧. គណៈទាក់ទងបរទេស

ស្ថាប័ន​និមួយៗ ទទួល​ខុស​ត្រូវ​ធ្វើ​ជា​សេនាធិការ​ឲ្យ​គណៈកម្មាធិការ​កណ្តាល លើ​ផ្នែក​ការងារ​ជំនាញ​តាម​តួនាទី ភារកិច្ច ដែល​បាន​កំណត់​ដោយ​គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ។
ខុទ្ទកាល័យ ​គណៈកម្មាធិការ​កណ្តាល សហការ​ជាមួយ​គ្រប់​ស្ថាប័ន ដើម្ប​រៀបចំ​កម្មវិធី​ការងារ និង​ខ្លឹមសារ​ប្រជុំ​របស់​គណៈប្រចាំការ គណៈអចិន្រ្តៃយ៍ និង​សន្និបាត​គណៈកម្មាធិការ​កណ្តាល ។

ប្រការ​២២ ៖ យោង​តាម​សំណូមពរ​ភារកិច្ច​ជាក់ស្តែង គណៈអចិន្រ្តៃយ៍​សំរេច​ចាត់តាំង​ក្រុម​ការងារ ក្រុម​ជំនួយ​ការ ដើម្បី​អនុវត្ត​ការងារ​ចាំបាច់​មួយ​ចំនួន ។ ក្រុម​ការងារ ក្រុម​ជំនួយការ​ទាំងនោះ នឹង​ត្រូវ​រំសាយ​ជា​ស្វ័យប្រវត្តិ​នៅ​ពេល​ចប់​ភារកិច្ច​របស់​ខ្លួន ។

គណៈកម្មាធិការគណបក្សមូលដ្ឋាន

ប្រការ​២៣ ៖ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន ជា​អង្គការ​ចាត់តាំង​មូលដ្ឋាន​របស់​គណបក្ស ។ គណៈកម្មា​ធិការ​គណបក្ស​មូលដ្ឋាន ត្រូវ​បាន​បង្កើត​ឡើង​នៅ​តាម​ឃុំ សង្កាត់ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ អង្គភាព​ផលិតកម្ម អាជីវ​កម្ម សិប្បកម្ម និង​អង្គការ​សង្គម​នានា ដែល​មាន​សមាជិក​គណបក្ស​ចាប់​ពី ៥០ នាក់​ឡើង​ទៅ ។ ចំពោះ​មូលដ្ឋាន​ដែល​មាន​សមាជិក​គណបក្ស​តិច​ជាង ៥០នាក់ ត្រូវ​បង្កើត​ជា​សាខា​គណបក្ស​មូលដ្ឋាន ។
គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន មាន​សាខា​ចំណុះ​តិច ឬ​ច្រើន​ស្រប​ទៅ​តាម​សភាព​ការណ៍​ជាក់ស្តែង​នៃ​មូលដ្ឋាន​និមួយៗ ។ ចំពោះ​សាខា​ចំណុះ​នៅ​មូលដ្ឋាន ឬ​ផ្នែក​ណា​ដែល​មាន​សមាជិក​គណបក្ស​ច្រើន ត្រូវ​បង្កើត​អនុ​សាខា និង​ចង​ក្រង​ជា​ក្រុម​បក្ស​ចំណុះ​អនុសាខា ។

ប្រការ​២៤ ៖ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន រួម​មានៈ ប្រធាន អនុប្រធាន និង​សមាជិក​មួយ​ចំនួន ។ បរិ​មាណ​សមាជិ​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​មាន​តិច ឬ​ច្រើន​ដោយ​យោល​ទៅ​តាម​បរិមាណ​សមាជិក​គណបក្ស​ក្នុង​​មូលដ្ឋាន​និមួយៗ ។ ត្រូវ​ពិនិត្យ​ដើម្បី​ជ្រើសរើស​អ្នក​ដឹកនាំ​នៅ​តាម​មូលដ្ឋាន​សំខាន់ៗ ដូច​ជាៈ ប្រធាន​សាខា​ភូមិ នាយក ឬ​នាយករង សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ប្រធាន ឬ​អនុប្រធាន​អង្គភាព​អាជីវកម្ម ផលិតកម្ម… បញ្ចូល​​ជា​សមាជិក​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន ។
គណៈកម្មាធិការ​ គណបក្ស​មូលដ្ឋាន ត្រូវ​បែងចែក​ភារកិច្ច​ឲ្យ​សមាជិក​និមួយៗ ទទួល​បន្ទុក​ផ្នែក​ការងារ​គណ​បក្ស​និមួយៗ និង​ទទួល​បន្ទុក​ដឹកនាំ​ផ្ទាល់​សាខា​ចំណុះ ។ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​ដែល​មាន​បរិមាណ​សមា​ជិក​ពី ៩នាក់ ឡើង​ទៅ ត្រូវ​បង្កើត​ឲ្យ​មាន​ចំនួន​សមាជិក​អចិន្រ្តៃយ៍​ស្មើ​នឹង ១ភាគ ៣ នៃ​សមាជិក​គណៈកម្មាធិការ​គណ​បក្ស​ទាំងអស់​ដើម្បី​ដឹកនាំ​ការងារ​គណបក្ស​ គ្រប់​ផ្នែក​ជា​ប្រចាំ ។

ប្រការ​២៥ ៖ ការ​គ្រប់គ្រង​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​ត្រូវ​បាន​កំណត់​ដូច​ខាង​ក្រោមៈ

  • គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​ឃុំ សង្កាត់ ត្រូវ​ចំណុះ​ការ​ដឹកនាំ​ផ្ទាល់​របស់​គណៈកម្មាធិការ​គណបក្ស​ស្រុក ខណ្ឌ ។
  • គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន គ្រឹះស្ថានសិក្សាៈ

* កំរិត​អនុវិទ្យាល័យ ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​គណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង ។ គណៈ​កម្មាធិការ​គណបក្ស​ខេត្ត ក្រុង អាច​ប្រគល់​ភារកិច្ច​ដកឹនាំ​នេះ​ឲ្យ​គណៈកម្មាធិការ​គណបក្ស​ស្រុក ខណ្ឌ អនុវត្ត​ចំនួស​បាន ស្រប​តាម​សភាពការណ៍​ជាក់ស្តែង ។
* កំរិត​វិទ្យាល័យ មហាវិទ្យាល័យ សកលវិទ្យាល័យ សាលា​គរុកោសល្យ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មុខ​ជំនាញ ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​គណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង ដោយ​មាន​សហការ​ជាមួយ​គណៈកម្មាធិការ​គណបក្ស​ក្រសួង​អប់រំ​យុវជន និង​កីឡា ។

* ដោយ​ឡែក ចំពោះ​កំរិត​សាលា​បឋម​សិក្សា និង​មតេយ្យ​សិក្សា គឺ​បង្កើត​សាខា​គណបក្ស​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណៈកម្មាធិការ​គណបក្ស​ ឃុំ សង្កាត់ (មិន​បង្កើត​ជា​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន) ។

  • គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន មន្ទីរពេទ្យ​ធំៗ​នៅ​រាជធានី​ភំ្នពេញ ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​គណបក្ស​ក្រសួង​សុខាភិបាល ដោយ​មាន​សហការ​ជាមួយ​គណៈកម្មាធិការ​គណបក្ស​ក្រុង ។
  • គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន មន្ទីរពេទ្យ​របស់​ខេត្ត ក្រុង ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណៈកម្មា​ធិការ​គណបក្ស​ខេត្ត ក្រុង ។ គណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង អាច​ប្រគល់​ភារកិច្ច​ដឹកនាំ​នេះ​ឲ្យ​គណៈ​កម្មាធិការ​គណបក្ស​ស្រុក ខណ្ឌ អនុវត្ត​ជំនួស​បាន ស្រប​តាម​សភាពការណ៍​ជាក់ស្តែង ។
  • គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន នៅ​តាម​រោងចក្រ សហគ្រាស ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​គណៈកម្មាធិការ​គណបក្ស​ក្រសួង​ ឧស្សាហកម្ម​រ៉ែ និងថាមពល ដោយ​មាន​សហការ​ជាមួយ​គណៈកម្មាធិ​ការ​គណបក្ស​ខេត្ត ក្រុង ។
  • គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន អង្គភាព​ផលិតកម្ម អាជីវកម្ម សិប្បកម្ម និង​អង្គការ​សង្គម​នានា ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង ។ គណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង អាច​ប្រគល់​ភារកិច្ច​ដឹកនាំ​នេះ ឲ្យ​គណៈកម្មាធិការ​គណបក្ស​ស្រុក ខណ្ឌ អនុវត្ត​ជំនួស​បាន ស្រប​តាម​សភាពការណ៍​ជាក់ស្តែង ។

ប្រការ​២៦ ៖ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​មាន​តួនាទីៈ

  • ក្តាប់​ជាប់​នូវ​កម្មវិធី​នយោបាយ​របស់​គណ ដើម្បី​ចាត់តាំង​អនុវត្ត​ឲ្យ​ស្រប​តាម​សភាពការណ៍​ជាក់ស្តែង​នៅ​មូលដ្ឋាន ។
  • ដឹកនាំ​ការងារ​គណបក្ស អំពី​ការងារ​នយោបាយ សតិ​អារម្មណ៍ និង​ចាត់តាំង​ក្នុង​ក្របខ័ណ្ឌ​មូលដ្ឋាន​របស់​ខ្លួន ។
  • ផ្សារ​ភ្ជាប់​ជិត​ស្និទ្ធ​ជាមួយ​មហាជន ប្រជាជន​នៅ​មូលដ្ឋាន ខិតខំ​បំផុស​មហាជន​ចូលរួម​កសាង ពង្រឹង​រដ្ឋ​អំណាច និង​កែលំអ​ជីវភាព​រស់នៅ ។
  • ការពារ​ឥទ្ធិពល និង​ប្រជាប្រិយភាព​របស់​គណបក្ស ខិតខំ​ប្រមូល​កំលាំង​មហាជន​ច្រើន​កុះ​ករ​ឲ្យ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ។

ប្រការ​២៧ ៖ គណៈកម្មាធិការគណបក្ស​មូលដ្ឋាន ត្រូវ​អនុវត្ត​តាម​ភារកិច្ច និង​សិទ្ធិ​ដែល​កំណត់​ដោយ​គណៈ​អចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ។

ប្រការ​២៨ ៖ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន ប្រជុំ​ជីវភាព ១​ខែ​ម្តង ពេល​ចាំបាច់​ត្រូវ​ប្រជុំ​វិសាមញ្ញ ។ ក្រៅ​ពី​ការ​ប្រជុំ​ជីវភាព​ប្រចាំ​ខែ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន ត្រូវ​កំណត់​ពេល​វេលា​មួយ​ដង ឬ​ពីរ​ដង ដើម្បី​រៀន​សូត្រ​ឲ្យ​ជ្រួតជ្រាប​អំពី​សភាពការណ៍ និង​ភារកិច្ច​របស់​គណបក្ស ព្រមទាំង​សេចក្តី​សំរេចចិត្ត​នានា​របស់​គណបក្ស​ថ្នាក់​លើ ។
គណៈកម្មាធិការ ​គណបក្ស​មូលដ្ឋាន ដំណើរការ​មហាសន្និបាត ១​ឆ្នាំ​ម្តង ដើម្បី​ត្រួតពិនិត្យ​ការ​ដឹកនាំ​របស់គណ​បក្ស​ក្នុង​ឆ្នាំ​កន្លង​មក និង​ពិភាក្សា​អនុម័ត​ទិសដៅ​ការងារ​សំរាប់​ឆ្នាំ​បន្ទាប់​លើ​ការងារ​នយោបាយ សតិអារម្មណ៍ ចាត់តាំង​ត្រួតពិនិត្យ ហិរញ្ញវត្ថុ ជីវភាព និង​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​ថ្មី ។
គណៈកម្មាធិការ ​គណបក្ស​មូលដ្ឋាន ត្រូវ​ចាត់តាំង​សមាជិក​ឲ្យ​ទទួល​ខុស​ត្រូវ​ចុះ​ជួយ​ពង្រឹង​គ្រប់​សាខា​គណ​ បក្ស​ចំណុះ ដើម្បី​ឲ្យ​សាខា​គណបក្ស​ទាំង​នោះ​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​សកម្មភាព​នៅ​មូល​ដ្ឋាន ។

លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ពលករខ្មែរធ្វើការនៅប្រទេសថៃ បានវិលត្រលប់មកកម្ពុជាវិញ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត