cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

លោកជំទាវបណ្ឌិត បាន ស្រីមុំ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែករំលែក

ប៉ៃលិន៖ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាល​ខេត្ត​ប៉ៃលិន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ (UENO Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បី​ពិភាក្សា​ និងសិក្សាឈ្វេងយល់អំពីស្ថានភាពទូទៅ​របស់​ខេត្តប៉ៃលិន ក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង រវាងអាជ្ញាធរនៃរដ្ឋបាលខេត្តប៉ៃលិន និងស្ថានទូតប្រទេសជប៉ុន ក៏ដូចជាប្រជាជនជប៉ុន និងប្រជាជនកម្ពុជា ផងដែរ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​វត្តមាន​ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណា​ចក្រ​កម្ពុជា និងសហការី ដែលបានអញ្ជើញមកកាន់ទឹកដី​ខេត្ត​ប៉ៃលិន ព្រមទាំងបានជម្រាប​ជូន អំពីស្ថានភាពភូមិសាស្រ្ត, ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និង សក្តានុពលរបស់ខេត្ត ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជប៉ុន-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ, មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ​នៃប្រទេស​ទាំងពីរ ចំណងមិត្តភាពនេះ បានប្រែក្លាយទៅជាមិត្តភាព ដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការ​រវាង​គ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត ហើយជាក់ស្តែងនៅខេត្តប៉ៃលិន រដ្ឋាភិបាលប្រទេសជប៉ុន និងប្រជាជនជប៉ុន កន្លងមកបានជួយឧត្ថម្ភគាំទ្រលើ វិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រជាដើម។

ជាការឆ្លើយតប ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍កោតសរសើ ចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំងសន្យាថា នឹងខិតខំឱ្យ​អស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាមប្រទេសជាមិត្តដ៏យូអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើឡើង ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម