cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនីយោគលើវិស័យរុករកធនធានរ៉ែក្នុងខេត្តប៉ៃលិន

ចែករំលែក

ប៉ៃលិន៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក លីយូ ស៊ីអាវ (LIU XIAO) អគ្គនាយកសាខា ក្រុមហ៊ុនយុនណាន ខនស្ត្រាក់សិន អេនអិនវេសមិន ហូលឌិង គ្រុប បានបង្ហាញពីចំណាប់អារមុ្មណ៍ចង់វិនិយោគលើវិស័យធនធានរ៉ែនៅក្នុងខេត្តប៉ៃលិន ។

លោក លីយូ ស៊ីអាវ (LIU XIAO) ជាអគ្គនាយកសាខា ក្រុមហ៊ុនយុនណាន ខនស្ត្រាក់សិន អេនអិនវេសមិន ហូលឌិង គ្រុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានចំណាយពេលវេលា និងបានផ្តល់ឱកាសឱ្យរូបលោក និងក្រុមការងារ បានចូលជួបសម្តែងការគួរសម និងពិភាគ្សាការងារ អំពីសក្តានុពលរបស់ខេត្តប៉ៃលិន ដើម្បីជាមូលដ្ឋានឱ្យក្រុមហ៊ុន មានលទ្ធភាពសិក្សា និងធ្វើការវិនិយោគ ស្របទៅតាមមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុន ជាពិសេសគឺការវិនិយោគទៅលើវិស័យរុករកធនធានរ៉ែ ពីព្រោះក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនវិនិយោគក្នុងប្រទេស ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុននៅក្រៅប្រទេស ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការធ្វើអាជីវកម្ម ឧស្សាហកម្មរ៉ែលោហៈនៅសាធារណរដ្ឋប្រជាមានិតចិន។

ជាការឆ្លើយតបលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ខេត្តប៉ៃលិន ជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម, វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ក្នុងនោះខេត្តប៉ៃលិន ក៍មានធនធានរ៉ែដ៏សម្បូរបែបផងដែរ ដូចជា រ៉ែត្បូង រ៉ែមាស និងរ៉ែលោហផ្សេងៗជាច្រើនទៀត ដូច្នេះលោកជំទាវសូមស្វាគមន៍ចំពោះក្រុមហ៊ុនវិនិយោគស្របច្បាប់ ទាំងជាតិ និងអន្តរជាតិ ដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ចខេត្ត ឱ្យមានការរីកចម្រើនឡើង ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ​ទិសដៅ​របស់​រាជរដ្ឋាភិបាល គឺ​ចង់ឃើញ​មានការ​វិនិយោគ​លើ​វិស័យ​នានា​ច្រើន​នៅ​កម្ពុជា ដែល​នេះ​ស្រប​ទៅ​គោលនយោបាយ​អភិ​​វឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​ ២០១៥-២០២៥ និងការខិតខំ​ជំរុញ​ឱ្យ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ​ ២០៥០ ដោយ​ត្រូវ​ប្ដូរ​មក​ប្រើ​ធនធាន​បច្ចេកទេស​ខ្ពស់ និងការប្រើប្រាស់​បច្ចេក​វិទ្យា​ជាដើម​ ដូច្នេះការវិនិយោគរបស់វិស័យឯកជន គឺជាកត្តា​ជួយ​ជំរុញកំណើន​សេដ្ឋកិច្ចកម្ពុជា​បន្ថែមទៀត ស្របតាម​គន្លឹះ​អាទិភាព គឺ មនុស្ស ​ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​។​

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម