cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ក្រសួងមុខងារសាធារណៈ ធ្វើសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ នៅខេត្តប៉ៃលិន

ចែករំលែក

ប៉ៃលិន៖ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានបើកសិក្ខាសាលាចែករំលែក​បទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣  ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។

ក្នុងរបាយការណ៍ស្វាគមន៍ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក​ឡើង​ថា៖  អាស្រ័យដោយបរិយាកាស នៃសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេស ដែលជាផ្លែផ្កានៃគោល​នយោបាយឈ្នះ-ឈ្នះ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្ដេចតេជោ អតីតនាយករដ្ឋ​មន្ត្រី និងបច្ចុប្បន្នកំពុងត្រូវបានថែរក្សា ការពារ និងអភិវឌ្ឍន៍បន្ត ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្ត ប៉ៃលិន ឱ្យមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យ​អាទិភាព​ផ្សេងៗទៀត ដូចដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាសក្ខីភាព ក្រោមគោលនយោបាយ និងការ​ជួយ​ឧបត្ថម្ភ  គាំទ្រពីរាជរដ្ឋាភិបាល និងការកៀរគរការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ នាពេលបច្ចុប្បន្ននេះ ហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្តក្នុងវិស័យអប់រំនៅក្នុងខេត្តប៉ៃលិន ត្រូវបានពង្រាយចាប់ពីទីប្រជុំក្រុង ដល់ជនបទ ស្ទើរគ្រប់មូលដ្ឋាន ដើម្បីបំពេញតម្រូវការ និងផ្ដល់ឱកាសពេញលេញ និងសម្បូរបែប ដល់កុមារ និងយុវជនគ្រប់ៗរូបបានចូលរៀន និងទទួល​បានការសិក្សាអប់រំគ្រប់ទីកន្លែង ហើយបើគិតមកដល់ពេលនេះ នៅទូទាំងខេត្តមានសាលារៀនគ្រប់កម្រិត រួមមានគ្រឹះ​ស្ថាន​មត្តេយ្យសិក្សា    សាធារណៈ ចំនួន ២៧កន្លែង (ក្នុងនោះមត្តេយ្យសិក្សាដាច់ដោយឡែកចំនួន ០២កន្លែង) និងមត្តេយ្យ​សហគមន៍ ១២កន្លែង គ្រឹះស្ថានបឋមសិក្សាសាធារណៈ ចំនួន ៥៣ កន្លែង  គ្រឹះស្ថានមធ្យមសិក្សា​សាធារណៈ ចំនួន ០៩កន្លែង (វិទ្យាល័យចំនួន ០៣កន្លែង និងអនុវិទ្យាល័យចំនួន ០៦កន្លែង) ក្នុងនោះក៏មានគ្រឹះ​ស្ថាន​មធ្យមសិក្សាឯកជន ចំនួន ០១កន្លែង  បឋមសិក្សាឯកជន ចំនួន ១១កន្លែង និងមត្តេយ្យសិក្សាឯកជន ចំនួន ១០កន្លែង។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ឱ្យដឹងថា៖ ការធ្វើ​សិក្ខាសាលានាពេលនេះ គឺក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ និងការផ្តល់សេវាសាធារណៈរបស់ជ័យ​លាភី​អង្គភាព​ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ ដើម្បីបំផុសចលនា​លើក​កម្ពស់គុណភាព និងប្រសិទ្ធភាពនៃ​ការ​​ផ្តល់​​សេវាសាធារណៈ តាមរយៈផ្តល់ការលើក​ទឹក​ចិត្ត ដែលទទួលស្គាល់​ពី​រាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្ត ហើយការកសាង និងពង្រីកភាពជាគំរូនេះ ចាប់​ផ្តើមពីវិស័យអាទិភាព​គន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល ដែលត្រូវបាន​ដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី និងត្រូវបានបន្តផ្តល់ការ​យកចិត្តទុក​ដាក់ និងជំរុញបន្ថែមកាន់តែខ្លាំងដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ បាន​កំណត់​​ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាល​សាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយ​ខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និង​ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាព​នៃការអនុវត្តការងារ ដោយការកសាងធនធាន​មនុស្ស​ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌​វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ៕

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍សង្ឃឹមជឿជាក់យ៉ាងមុតមាំថា៖ បទពិសោធជោគ​ជ័យ​​នានា និងប្លែកៗពីគ្នា ដែលនឹងត្រូវយកមកចែករំលែកនៅក្នុងអង្គសិក្ខាសាលា ដែលរៀបចំនៅក្នុងខេត្តប៉ៃលិន​នាឱកាស​នេះ នឹងជាក្លាយទៅជាចំណែកមួយដ៏មានសារៈសំខាន់ មិនត្រឹមតែដើម្បីជាធាតុចូលសម្រាប់គាំទ្រដល់ការត្រៀម និងរៀបចំខ្លួនចូលរួមក្នុងការប្រឡងប្រណាំងនាពេលខាងមុខនេះទេ ប៉ុន្តែក៏សម្រាប់ប្រើប្រាស់ជាមេរៀន និងបទពិសោធ​ក្នុងការពង្រឹង ពង្រីក និងកែលម្អការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈនៅក្នុងអង្គភាពនីមួយៗបានកាន់តែល្អប្រសើរ​ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ។

សូមរំលឹកថា៖ សាលាអនុវិទ្យាល័យភ្នំយ៉ាត គឺជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជ័យលាភីអង្គភាពផ្តល់​សេវាសាធារណៈ​គំរូក្នុងវិស័យអប់រំ កម្រិតសាលាអនុវិទ្យាល័យ ចំនួន១០ សម្រាប់ឆ្នាំ​២០២៣ ហើយរដ្ឋបាលខត្ត បានប្រារព្ធពិធីអបអរសាទរ និងក្បួនដង្ហែរយ៉ាងអធិកអាធម ស្ថិតក្រោមអធិបតីភាព ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម