cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ថ្ងៃនេះ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ នៅមណ្ឌលខេត្តប៉ៃលិន បានចាប់ផ្តើមហើយ

ចែករំលែក

ប៉ៃលិន៖ ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោក​ជំទាវ​​បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើក​បើកវិញ្ញាសារ​ប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៣-២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្ត​ប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្ត ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបាន​ខ្ជាប់​ខ្ជួន​នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយការប្រឡងឆ្នាំនេះ ក៍មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការ​រៀបចំ​ទាំង​អស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោល «អ្នកចេះគឺជាប់»។

លោកជំទាវបណ្ឌិតបណ្ឌិតអភិបាលខេត្ត ក៍បានបង្ហាញហឹបវិញ្ញាសារ ជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរព​តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងបានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវ​ថែរក្សា​សុខ​ភាពឲ្យបានល្អ រយៈពេល ០២ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យ​ក្នុងការ​ប្រឡង ដែលសាកសមជាទំពាំងស្នងឫស្សី នឹងក្លាយជាសសរទ្រូងប្រទេសជាតិនាថ្ងៃអនាគត់។

តំណាងផ្នែកសន្តិសុខការ​ប្រឡង បានឱ្យដឹងថា៖ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្ត ដើម្បីធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការប្រឡង និងត្រៀមពិនិត្យ ព្យាបាលបឋម សម្រាប់បេក្ខជនប្រឡង ដែលមានបញ្ហាសុខភាព ពិសេសបានចាត់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ​មូលដ្ឋាន សហការគ្នា តាមមើលថែរក្សាការពារ ក្មួយៗបេក្ខជនប្រឡង ២៤លើ២៤ម៉ោង ផងដែរ។

តំណាងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបៃលិន បានលើកឡើងថា៖ សម្រាប់​ឆ្នាំសិក្សា ២០២៣-២០២៤ ក៍មិនខុសពីឆ្នាំមុនៗនោះដែរ គឺឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្តប៉ៃលិន បានបន្តផ្ដល់ជូន​បេក្ខជន​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ទាំងអស់​នៅទូទាំងខេត្ត សម្រាប់កន្លែងស្នាក់នៅ និងអាហារ ព្រមទាំង​ការផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ នៅតាមទីតាំងដែលបានរៀបចំ ហើយចំពោះបេក្ខជនដែលទទួលបាននិទ្ទេសល្អ ឯកឧត្តម និងលោកជំទាវ នឹងផ្តល់រង្វាន់លើកទឹកចិត្ត ព្រមទាំងផ្តល់អាហាររូបករណ៍ជូនសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត មានបំណងបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាផងដែរ។

ក្មួយៗបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានសម្តែងនូវអារម្មណ៍រំភើបសប្បាយរីករាយ និងថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលបានយកចិត្ត​ទុក្ខដាក់ខ្ពស់​ចំពោះពួកគាត់ ដូចជាការរៀនបំប៉នត្រៀមប្រឡង ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារ ៣ពេល ក្នុង១ថ្ងៃ ព្រមទាំងការផ្ញើ​កង់-ម៉ូតូ ដោយឥតគិតថ្លៃ ដូច្នេះដើម្បីឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោកទាំង២ ក្មួយៗ ចៅៗ ប្តេជ្ញានឹងខិតខំប្រឡង ​អោយ​ទទួល​​​បានលទ្ធផល​ជោគជ័យទាំងអស់គ្នា។

បើតាមការបញ្ជាក់របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា៖ ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤នេះ គឺប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់បីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ ហើយចំពោះខេត្តប៉ៃលិន មានមណ្ឌលប្រឡង ចំនួន ០២មណ្ឌល គឺទីតាំងស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ដោយមានចំនួន ២៤បន្ទប់ មានបេក្ខជនសរុបចំនួន ៥៦៤នាក់ ស្រី ៣៤១នាក់ ក្នុងនោះ ស្វៃរិន ចំនួន ៥៤នាក់ ស្រី ២៤នាក់ ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម