cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

អភិបាលខេត្តប៉ៃលិន ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធត្រូវគ្រប់គ្រងដីចំណីផ្លូវ ចំណីអូ និងស្ទឹង ឱ្យបានច្បាស់លាស់ និងអប់រំប្រជាពលរដ្ឋឱ្យគោរពច្បាប់

ចែករំលែក

ប៉ៃលិន៖ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ និងទប់ស្កាត់ ការរំលោភយកដីចំណីអូរ និងចំណីផ្លូវ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​ណែនាំ​ដល់​អាជ្ញាធរ​ និងមន្ត្រីជំនាញពាក់ព័ន្ធ ​ត្រូវ​គ្រប់គ្រង​ដី​ចំណី​ផ្លូវ​ ចំណីអូ និងស្ទឹង ឱ្យ​បាន​ច្បាស់លាស់ ហើយត្រូវអប់រំ​ប្រជាពលរដ្ឋ​ឱ្យ​គោរព​ច្បាប់ ដោយចៀសវាង​ការ​យក​ដី​ចំណី​ផ្លូវ​ធ្វើ​ជា​កន្លែង​រស់នៅ ឬ រកស៊ី ដែល​ធ្វើឱ្យ​មាន​ការ​ប៉ះពាល់​យូរអង្វែង ដល់ផលប្រយោជន៍សាធារណៈ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនលោករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា ៖ ក្រសួង​សាធារណការ និង ដឹកជញ្ជូន ក៏បានរៀបចំអនុក្រឹត្យ ស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវ ថ្នល់ និងផ្លូវរថភ្លើង ក្នុងគោលបំណង​លុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅទប់ស្កាត់ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គម ដែលតែងតែកើតមាននៅតាមបណ្ដាញផ្លូវ ក៏ដូចជា កាត់បន្ថយ​ឧបសគ្គ​នានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ ហើយជាងនេះទៅទៀត ក៏សំដៅកាត់បន្ថយរាល់ការចំណាយ​របស់រដ្ឋទៅ​លើ​ការដោះស្រាយផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវ បង្កលក្ខណៈងាយស្រួល​ដល់​សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋ ដែលមានកម្មសិទ្ធិ នៅតាមបណ្ដាញផ្លូវ និងធានាការ​អភិវឌ្ឍ​វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយនិរន្តរភាពនៅកម្ពុជា។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការគ្រប់​គ្រង​ដីចំណីផ្លូវ ចំណីអូ និងចំណីស្ទឹង​នេះ សូមមន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវធ្វើការបោះបង្គោលកំណត់ព្រំឱ្យច្បាស់ និង​ដាំដើមឈើ ជាពិសេសគឺការអប់រំណែនាំ​ដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ដឹង ហើយប្រសិនបើមានសាង​សង់ធ្វើផ្ទះ ឬធ្វើកន្លែងអាជីវកម្មផ្សេងៗ តម្រូវឱ្យសូម​ច្បាប់សាងសង់ជាមុនសិន ជៀសវាងមានបញ្ហាប្រឈមុខនានា ដែលបណ្តាលឱ្យ​ខាតពេលវេលា និងថវិកា ព្រមទាំងងាយ​ស្រួលដល់មន្ត្រីជំនាញក្នុងការគ្រប់គ្រង។

សូមរំលឹកថា៖ កន្លងមក ​អាជ្ញាធរ​ និងមន្ត្រីជំនាញខេត្តប៉ៃលិន គ្រប់ជាន់ថ្នាក់ តែងតែ​បាន​ចុះ​ប្រតិបត្តិការ​រំដោះ​ចំណីអូ ស្ទឹង និងចំណី​ផ្លូវ​សាធារណៈ ដែល​បងប្អូន​ប្រជាពលរដ្ឋ តែងតែ​រំលោភ​យក​ ​ទៅ​ប្រកប​អាជីវកម្ម ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សោភ័ណភាព ហើយមិនតែ​ប៉ុណ្ណោះ ការ​បំពាន​ដី​ចំណីផ្លូវ ចំណីអូ និងស្ទឹងនេះ ក៏​ធ្វើឱ្យ​រាំងស្ទះ​ដល់គ​ម្រោង​អភិវឌ្ឍន៍ និង​ពង្រីក​​ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន ឱ្យ​មាន​ភាព​យឺតយ៉ាវ​ និង​ត្រូវ​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ក្នុង​ការ​ដោះស្រាយ​សំណង​ដល់​ប្រជាពលរដ្ឋផងដែរ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម