cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ខេត្តប៉ៃលិន ប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ

ចែករំលែក

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានប្រារព្វពិធីថ្វាយព្រះពរបរវមហា​ប្រសើ​រ​ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជ​ពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជន, ឯកឧត្តម លោកជំទាវ សមាជិកក្រុម​ប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់​អាវុធទាំងបី និ​ង​អភិបាល​​ក្រុង/ស្រុក ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យខេត្ត ។

នៅក្នុងឱកាសដ៏មហាជ័យមង្គលថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រាជាណាចក្រកម្ពុជានេះរដ្ឋបាលខេត្តប៉ៃលិន បានធ្វើកិច្ចតាមបែបព្រះពុទ្ធសាសនា និងរបាំថ្វាយព្រះពរ​បរវមហា​ប្រសើរ​ដល់ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអាននូវសាលិខិតថ្វាយព្រះពរ ដែល​មាន​ខ្លឹមសារថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!ក្នុងឱកាសខួបលើកទី២០ ដ៏មហា​ប្រសើរប្រកបដោយនក្ខត្តឫក្សឧត្ដុង្គឧត្តមបំផុត នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហារបុត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឈានចូលមកដល់នាពេលខាងមុខនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងបីប្រភេទ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល សូមព្រះបរមរាជាអនុញ្ញាតលំឱនកាយ អភិវន្ទន៍កិច្ចសម្តែងនូវអំណរ​សាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយយ៉ាងក្រៃលែង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រចំពោះព្រះរាជគុណូបការៈ និងព្រះមហា​ករុណា​ទិគុណដ៏ថ្លៃថ្លានៃព្រះបារមីព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែង​សព្វ​ព្រះរាជទ័យយកចិត្តទុកដាក់អស់ពីកម្លាំងព្រះកាយពល ព្រះបញ្ញាញាណបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម​បម្រើ​មាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយទសពិធរាជធម៌ និងព្រះរាជតម្រិះគតិបណ្ឌិត ដ៏មហាឈ្លាវៃ បានធ្វើឱ្យប្រទេសជាតិ​មានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបាននាំមកនូវភាពសុខដុមរមនាជូនប្រជារាស្ត្រខ្មែរ​នៅ​ទូទាំង​​ព្រះរាជាណាចក្រកម្ពុជាដោយមិនរើសអើង និងមិនលំអៀង។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់​គុណបុណ្យ​ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ បារមីលោកយាយយ៉ាត សូមជួយប្រោះព្រំ​សព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ​មាន​ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាប្រជារាស្ត្ររបស់ព្រះអង្គតរៀងទៅ។

សូមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ទ្រង់ព្រះមេត្តាប្រោសទទួល នូវគារវកិច្ចដ៏ខ្ពស់ខ្ពស់​បំផុត​ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស ៕

សូមរំលឹកថា៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី  ត្រូវជ្រើសតាំង​ឲ្យឡើងសោយរាជ្យ ដោយសមាជិកទាំង ៩រូប នៃក្រុមប្រឹក្សារាជសម្បតិ្ត ក្រោយពីការដាក់រាជ្យរបស់សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតារបស់ព្រះអង្គ ហើយការជ្រើសតាំងនេះ ទទួលបានការយល់ព្រម ពីក្រុមប្រឹក្សារាជសម្បតិ្ត ក្នុង​នោះ​ក៏មាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ អតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរៀមមាតាទីទៃជាមួយព្រះអង្គ ដោយសម្រេចយកថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤ ជាថ្ងៃសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងព្រះបរមរាជសម្បត្តិ ជាព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ «ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជាឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី» មានសេចក្តីថា «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ ។ អ្នករួបរួម ខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម