cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ឯកឧត្តម សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំពិភាគ្សាលើសំណើសុំកែរសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង

ចែករំលែក

បាត់ដំបង៖ នៅសាលប្រជុំធំសាលាខេត្តបាត់ដំបង ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាគ្សា​ជាមួយរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ​ លូ អភិបាលខេត្ត លើសំណើសុំកែរ​សម្រួល​ព្រំប្រទល់រវាងខេត្ត​ទាំង២ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម សុខ លូ​ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាព​ប្រជាសាស្រ្តភូមិដែលត្រូវកែរសម្រួល​​​ក្នុងកិច្ចប្រជុំថា៖• ភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង៖ ផ្ទៃដីស្នើសុំកាត់ ចំនួន ៣.៦២២,៩០ ហិកតា មានផ្ទៃដី  សរុប​ចំនួន ៣៩៣ ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ១.១១២ នាក់ ស្មើនឹង ២១៨គ្រួសារ • ភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ៖ ផ្ទៃដីស្នើសុំកាត់ទាំង ២ភូមិ (ភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង សរុប ១.៣៤៨,៤២ហិកតា មានផ្ទៃដីសរុបចំនួន ២.១៤៨ ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ៩៦៣នាក់ ស្មើនឹង ២៣៩គ្រួសារ • ភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង ៖ ផ្ទៃដីស្នើសុំកាត់ទាំង២ភូមិ (ភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង សរុប ១.៣៤៨,៤២ហិកតា មានផ្ទៃដីសរុបចំនួន ៨២១ ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ៤០៥ នាក់ ស្មើនឹង ១០១គ្រួសារ • ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត៖ ផ្ទៃដីស្នើសុំកាត់ចំនួន ៨.៣០១ ហិកតា មានប្រជាពលរដ្ឋ​សរុបចំនួន ១.០២៥ នាក់ ស្មើនឹង ២២៣គ្រួសារ • ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត៖ ផ្ទៃដីស្នើសុំកាត់ចំនួន ៨.៣០១ ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ១.០២៥ នាក់ ស្មើនឹង ២២៣គ្រួសារ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយផ្អែកតាមព្រះរាជ​ក្រឹត្យ​លេខ នស/រកត/០៤០១/០៦៨ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០១) ផែនទីខេត្តប៉ៃលិនប៉ែកខាងត្បូង (សង្កាត់អូរតាវ៉ៅ) មាន ភូមិព្រៃមង្គល ភូមិក្រចាប់ និងភូមិភ្នំដំបង និងប៉ែកខាងជើង (ស្រុកសាលាក្រៅ) មានភូមិចំនួនភូមិ១៨ ភូមិបឹងអូរជាង និងភូមិកំពង់ចំលង ទៅឱ្យខេត្តបាត់ដំបង  ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនទទួលសេវារដ្ឋបាល សេវាសង្គម និងសេវា​​សាធារណៈផ្សេងៗពីអាជ្ញាធរមូលដ្ឋាននៃរដ្ឋបាលខេត្តប៉ៃលិន ដែលរួមមាន ៖ អត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់ភាពក្រីក្រ លិខិតបញ្ជាក់ការកាន់កាប់ដីធ្លី ការចុះឈ្មោះបោះឆ្នោត សេវាអប់រំ សេវាសុខាភិបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់  ទន្ទឹមនឹងនេះប្រជាពលរដ្ឋ​ទាំងនោះរស់នៅម្ខាងនៃស្ទឹងសង្កែ និងស្ទឹងមង្គលបូរីជាប់នឹងខេត្តប៉ៃលិន មានការលំបាកក្នុងការទំនាក់ទំនង និងស្នើសុំ​សេវា​​រដ្ឋបាលពីអាជ្ញាធរមូលដ្ឋាននៃខេត្តបាត់ដំបង ដោយកន្លែងខ្លះពុំមានស្ពានឆ្លងកាត់ដែលនាំឱ្យពួកគាត់ត្រូវធ្វើ​ដំណើរឆ្លងកាត់ទឹកដីខេត្តប៉ៃលិន ដើម្បីអាចចូលទៅទទួលសេវានានាពីអាជ្ញាធរមូលដ្ឋាននៃខេត្តបាត់ដំបង ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ ដោយអនុវត្ត​តាម​​អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​​កម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺបានចាត់អោយរូបឯកឧត្តមដឹកនាំក្រុមការងារចុះមកជួយ សម្របសម្រួល ដើម្បីបញ្ចប់បញ្ហាព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តទាំង២ ហើយជាលទ្ធផល រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានឯកភាពគ្នាយកដងស្ទឹងជាព្រំប្រទល់ ហើយបានធ្វើឯកសារួចរាល់ ដាក់ទៅក្រសួងមហាផ្ទៃ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បី​ស្នើសុំព្រះរាជក្រឹត្យទទួលស្គាល់ពីព្រះមហាក្សត្រ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍រផ្តាំផ្ញើ ដល់អាជ្ញាធរទាំងពីរខេត្ត រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ និងភូមិ ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ និងណែនាំឱ្យមានការស្រុះ​ស្រួល​គ្នា​រវាងអាជ្ញាធរ និងអាជ្ញាធរ ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ  ហើយបន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន ខេត្តទាំងពីរត្រូវ​ពិនិត្យឯកសារ ការផ្ទេរផ្ទូរ ដីធ្លី អាត្រានុកូលដ្ឋាន ឯកសារស្នាក់នៅ សៀវភៅគ្រួសារឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព  ចំពោះការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ត្រូវការពារឱ្យបានល្អជាធម្មតាសិន ស្នើកងកម្លាំងទាំងបីសហការគ្នាទាំង​ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវពិនិត្យផ្ទេររវាងរដ្ឋបាលបាលខេត្តទាំងពីរ ទាំងសន្តិសុខ និងប្រជាជនឱ្យបានទាន់ពេល​វេលា និងមានភាពច្បាស់លាស់ ។

សូមរំលឹកថា៖ សម្តេច​នាយក​រដ្ឋ​មន្រ្ដី ​ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិតសាក​លវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ជាង ៦ ពាន់​នាក់ ​នៅថ្ងៃទី ១៧​ ខែតុលា ឆ្នាំ២០២២ ថា៖​ បញ្ហាការ​កែរសម្រួល​​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្ត​បាត់​ដំបង និងខេត្ត​ប៉ៃលិន​នេះ ​អាជ្ញាធរ​ខេត្ត​ទាំង ២ បាន​ដោះ​ស្រាយ​តាំងពីឆ្នាំ​ ១៩៩៦ រហូតមក​ដល់​បច្ចុប្បន្ន​មាន​រយៈ​ពេល​ជិត​ ៣០​ ឆ្នាំ​ទៅហើយ​ ប៉ុន្ដែបែរ​ជាមិន​ទាន់​ដោះ​ស្រាយ​បាន​រួចរាល់​ទៅវិញ ដូច្នេះសម្តេចបានទុក​ពេលចំ​នួន ២សប្ដាហ៍​ឱ្យ​អភិ​បាល​ខេត្ត​ប៉ៃលិន ​និង​ខេត្ត​បាត់ដំបង ត្រូវដោះ​ស្រាយ​ឱ្យ​បាន​រួចរាល់​នូវបញ្ហា​ព្រំ​ប្រទល់​​រដ្ឋបាលរវាង​ខេត្ត​ទាំង ​២​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​គ្រប់​គ្រង​កម្ម​សិទ្ធិ​ដីធ្លី និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​នេះ​ ។

អត្ថបទ៖ លោក ញ៉ឹប បូរី


ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម