cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

«សង្រ្កាន្តប៉ៃលិន២០២៣»មានភ្ញៀវទេសចរជាតិ-អន្តរជាតិជិត ៤០ម៉ឺននាក់

ចែករំលែក

ប៉ៃលិន៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ដែលរដ្ឋបាលខេត្ត បានរៀបចំសង្រ្កាន្តប៉ៃលិន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំថោះបញ្ចស័កព.ស២៥៦៧គ.ស ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ចំនួន ៣៩៦,០៥៥នាក់ កើនឡើង ១៦៧.៦៦% ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ៣៨៧,៨០៥នាក់ ភ្ញៀវទេសចរ​អន្តរ​ជាតិចំនួន ៨.២៥០នាក់ បានដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងខេត្តប៉ៃលិន ជាពិសេសកន្លែងប្រារព្ធពិធីសង្រ្កាន្តនៅបរិវេណវិមានឯករាជ្យខេត្ត និងភូមិ សសយក ស្ទឹងតារៀប នេះបើតាមការបញ្ជាក់ឱ្យ​ដឹងពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន​។

លោក លឹម វាសនា បានបន្តថា៖ ចំនួនភ្ញៀវទេសចរមានការហក់ឡើងខ្លាំងបែបនេះ គឺដោយសារកត្តា​សុខ​សន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធ មានការតភ្ជាប់បានល្អ ជាពិសេសរួមផ្សំនឹងការគិតគូរយកចិត្តទុកដាក់​របស់រដ្ឋបាលខេត្ត ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានរៀបចំរចនាសម្ព័ន្ធនានា ក្នុងខេត្តបានល្អ និងរៀបចំឱ្យមាន​ព្រឹត្តិការណ៍ «សង្ក្រាន្តប៉ៃលិន ២០២៣»រយៈពេល៣ថ្ងៃ ផងនោះ ទើបមានលំហូរភ្ញៀវ​ទេសចរ​ចូលមកកម្សាន្ត ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មីមានការហក់ឡើងគួរជាទីមោទនៈ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា៖ រយៈពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ពួកគាត់ពិតជាមានការសប្បាយរីករាយជាមួយនឹងការរាំលេងកម្សាន្ត,លេងល្បែងប្រជាប្រិយ, ល្បែងកម្សាន្តផ្សេងៗជាច្រើន​ដូច​ជា​ប៉ាតម្សៅ, លេងបាញ់ទឹកនិងបាញ់ពពុះទឹកគួរឱ្យទាក់ទាញ និងពេញនិយមពីមនុស្សរាប់ម៉ឺននាក់ចូលរួមលេងកម្សាន្ត​សប្បាយយ៉ាងត្រជាក់ចិត្តក្នុងមួយថ្ងៃៗ ជាមួយគ្នានោះដែរថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមលេងល្បែង​ប្រជាប្រិយជាមួយបង​ប្អូនប្រជាពលរដ្ឋ និងរាំលេងកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែងក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍន៍​ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពជឿជាក់៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម