cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការដាំដុះបន្លែសរីរាង្គ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រុមការងារ  បានអញ្ជើញចុះពិនិត្យមើល និងលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែសរីរាង្គ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ធ្វើ​ការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺ​ធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូន​ប្រជាកសិករ​ទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមាន​សុវត្ថិភាព​​​ដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេស​ផលិតកសិផលទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ​ទៅ​ក្រៅ​ប្រទេស ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍រំលឹកថា៖ កន្លងមកក្នុងដំណាក់កាលការ​ទប់ស្កាត់ការឆ្លង​រីករាល​ដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បានផ្តល់​ថវិកា​ឧបត្ថម្ភ និងជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំង​ផ្នែក​បច្ចេកទេស និងពូជ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាព​ប្រចាំ​ថ្ងៃ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើឡើង ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ នៅខេត្តប៉ៃលិន ក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោង​ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៍បានរៀបចំ ជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់អោយបានទាន់​ពេល​វេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ជាសវាងការផលិត ដែលគ្មានគុណភាព និងមិនមានទីផ្សារ ហើយជាក់​ស្តែងបច្ចុប្បន្ន​នេះ​ខេត្តប៉ៃលិន កំពុងមានក្រុមហ៊ុនទទួលទិញ ផ្លែស្វាយ និងផ្លែមៀនប៉ៃលិន ដើម្បីធ្វើការវេចខ្ចប់ និងសម្ងួត នាំចេញ​យក​ទៅលក់នៅប្រទេសចិនផងដែរ ។

លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា៖ បច្ចុប្បន្នទីផ្សារបន្លែ​ល្អ ពេលកសិករដាំដុះបាន គឺឈ្មួញកណ្តាលប្រមូលយកអស់ៗ មានពេលខ្លះប្រជាកសិករ សឹងតែផលិតមិនទាន់សម្រាប់​បំពេញទីផ្សារថែមទៀតផង ដោយក្នុងនោះបន្លែទាំងអស់ដែលផលិតបាន ក្រៅតែពីលក់ក្នុងមូលដ្ឋាន គឺមួយចំនួនធំត្រូវនាំ​ចេញ​ទៅផ្គត់ផ្គង់ទីផ្សារនៅឯខេត្តនានាជាប់ព្រំប្រទល់ខេត្តប៉ៃលិន និងមានទៅដល់ រាជធានីភ្នំពេញ ពិសេសនៅតាមផ្សារ​ទំនើបនានាផងដែរ ៕

នៅក្នុងឱកាសនោះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជម្រុញអោយពួកគាត់ បង្កើនការដាំដុះបន្លែ សរីរាង្គអោយបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម