cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ខេត្តប៉ៃលិន ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ដើម្បី “អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ”

ចែករំលែក

ប៉ៃលិន៖​ ​នា​ព្រឹក​ថ្ងៃ​ទី​០២​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​ ​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​បានអញ្ជើញ​ជាអធិបតី ក្នុង​ទិវា​វប្បធម៌​ជាតិ​ ​៣​ ​មីនា​ ​លើក​ទី​២​៦​ ​ក្រោម​ប្រធាន​បទ​ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​” ​ស្របតាម​ពាក្យស្លោក​ “​កម្ពុជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​” ​ក្នុង​គោលបំណង​ដើម្បី​ “​អភិ​រក្ស​ ​និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​” ​ជាពិសេស​ស្រប​ពេល ​ដែល​ប្រទេសជាតិ​យើង​ ​បាននឹង​កំពុង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិ​ស័យ​ ​ក្នុង​នោះ​វិ​ស័យ​វប្បធម៌​ ​ក៍​ជា​ភារកិច្ចស្នូល​នៃ​មនុស្ស​គ្រប់រូប​។​ ​

បើតាមរបាយការណ៍ស្វាគមន៍របស់ ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា៖ ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺមានគោលបំណងផ្សព្វផ្សាយ ជម្រុញការផ្ទេរចំណេះដឹង ចំណេះធ្វើ បច្ចេកទេស ក៏ដូចជួយក្រើនរំលឹកនិងបំផុសស្មារតី មនសិកា ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវនារី ដែលជាទំពាំងស្នងឬស្សី ឱ្យមានការតព្វកិច្ច ក្នុងការចូលរួមថែរក្សាការពារវប្បធម៌ប្រពៃណីរបស់ជាតិ ឱ្យបានគង់វង្ស និងស្ថិតស្ថេរ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត ហើយការយល់ដឹងកាន់តែច្បាស់ អំពីតម្លៃពិតនៃវប្បធម៌ ដែលជាធនធានប្រកបដោយសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ទាំងក្នុង និងក្រៅប្រទេស ទទួលបាននូវប្រភពចំណូលមួយកម្រិតទៀត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន​មានប្រសាសន៍​លើកឡើង​ថា៖​ វិ​ស័យ​វប្បធម៌​ ​នៅតែ​ជា​បញ្ហា​ដែល​ត្រូវ​ខិតខំ​ដោះស្រាយ​យ៉ាងសកម្ម​បំផុត​ ​និង​គ្មាន​ទី​បញ្ចប់​ ​ដើម្បី​ឈាន​ទៅ​រក​សាកល​ភា​វូប​នី​យ​កម្ម​ដោយ​ឆាប់រហ័ស​ ហើយ​បច្ចុប្បន្ននេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​នឹង​កំពុង​មាន​វិធានការ​ជាបន្តបន្ទាប់​ ​រាំង​ខ្ទប់​នូវ​កា​រហូរ​ចូល​ដោយសេរី​នៃ​វប្បធម៌​បរទេស​ ​និង​វប្បធម៌​ពាលាអាវ៉ាសែ​ ​ដែល​កំពុងតែ​ពង្វក់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ឱ្យ​ស្ម័គ្រចិត្ត​ទទួលយក​ដោយ​ពុំ​ដឹងខ្លួន​ ​ដោយ​បំភ្លេច​អស់​នូវ​អត្តសញ្ញាណ​របស់​ជាតិ​ខ្លួន​ ​បណ្តោយ​ឱ្យ​កេរ្តិ៍ដំណែល​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជាតិ​ត្រូវ​អន់ថយ​​ ដូច្នេះ​ការ​បាត់បង់​នូវ​តម្លៃ​វប្បធម៌​ខ្មែរ​ ​គឺជា​ការ​បំផ្លិចបំផ្លាញ​បេតិកភណ្ឌ​ជាតិ​ ​សម្បត្តិ​វប្បធម៌​រូបី​ ​និង​អរូបី​ជាដើម​។​

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖​ ​នៅ​ក្នុង​អាណត្តិ​ទី​៧​នេះ​ ​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ បានអនុវត្តន៍​សកម្មភាព​ការងារ​វប្បធម៌​ ​ដូចជា កិច្ចការ​គ្រប់គ្រង​ ​ជំនាញ​នៃ​វប្បធម៌ ​មាន​សកម្មភាព​រឹង​មាំ​ជា​បណ្តើរៗ​គួរ​ឱ្យ​កត់​សម្គាល់​ ​ដោយមាន​កិច្ច​សហការ​គ្នា​ ​ធ្វើ​ឱ្យ​មាន​ភាព​ប្រក្រតី​ក្នុង​សង្គមជាតិ​​ ​ហើយ​លទ្ធផល​ការងារ​ដែល​ទទួល​បាន​កន្លងមក​ ​អាស្រ័យ​ដោយ​ស្មារតី​សាមគ្គីភាព​ ​មនសិការ​ជាតិ​ខ្ពស់​ ​ពុះពារ​រាល់​ការលំបាក​របស់​មន្ត្រី​រាជការ​គ្រប់​មូលដ្ឋាន​ ​ព្រមទាំង​មាន​ការចូលរួម​ពី​សាធារណៈ​ទូទៅ​ផង​ដែរ​។​

លោកជំទាវបណ្ឌិត បាន ស្រីមុំ​ ​ក៍បានមានប្រសាសន៍​ថ្លែង​អំ​ណ​គុណ​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ថ្នាក់ដឹកនាំ ​មន្ត្រី​រាជការ​នៃ​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រ​ សិល្បៈ​ខេត្ត​ ​ព្រមទាំង​សិល្បករ​ ​សិល្ប​ការិនី​ ទាំងអស់​ ​ដែល​បាន​ខិតខំ​បម្រើ​វិ​ស័​យ​វប្បធម៌​ ​និង​សិល្បៈ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ​របស់​យើង​មាន​ភាព​ល្បី​រន្ទឺ​សុះសាយ​ ​ជាពិសេស​បាន​សហការ​គ្នា​ ​បង្កើត​ឱ្យ​មាន​ទស្សនីយភាព​យ៉ាង​ខ្ញៀវ​ខ្ញារ​នៅ​ក្នុង​ពិធី​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ និងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលកន្លងទៅថ្មីៗនេះ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម