បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស
ប្រការ១ ៖ គណបក្សប្រជាជនកម្ពុជា បានបដិសន្និឡើងនៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ១៩៥១ ។ គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់ឧត្តគតិសេ្នហាជាតិ ហ៊ានធ្វើពលីកម្មគ្រប់យ៉ាងដើម្បីប្រយោជន៍ប្រទេសជាតិ និងប្រជាជន ខិតខំបង្រួបបង្រួមប្រមូលផ្តុំកម្លាំងរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្និភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។
ប្រការ២ ៖ ដើម្បីជាសក្ខីភាពនៃបុព្វហេតុរបស់គណបក្ស ជារៀងរាល់ឆ្នាំ គណបក្សចាត់តាំងប្រារព្ធពិធីបុណ្យជាផ្លូវការរបស់គណបក្សចំនួន ៤គឺៈ
- បុណ្យខួបកំណើតគណបក្ស ២៨ មិថុនា ១៩៥១ ។
- បុណ្យខួបទិវាប្រជាជនកម្ពុជា បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ។
- បុណ្យខួបកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ។
- ទិវាគោរពវិញ្ញាណក្ខ័ន្ធប្រជាជនកម្ពុជា ដែលរងគ្រោះដោយរបបប្រល័យពូជសាសន៍ប៉ុតពត ២០ ឧសភា។
គណបក្សគ្រប់ថ្នាក់មានកាតព្វកិច្ចត្រូវចាត់តាំងប្រារព្ធពិធីបុណ្យ ទាំងបួននេះ ឲ្យបានសមស្របតាមលទ្ធភាព កាលៈទេសៈ និងទីកន្លែងនិមួយៗ ។
ប្រការ៣ ៖ ឈ្មោះ និងផ្លាកសញ្ញារបស់គណបក្សត្រូវលើកនៅៈ
- ទីស្នាក់ការកណ្តាលនារាជធានីភំ្នពេញ ។
- គ្រប់ទីស្នាក់ការរបស់គណបក្សខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។
- សាលប្រជុំនានារបស់គណបក្សគ្រប់ថ្នាក់ ។
- កន្លែងផ្សេងៗទៀតស្របតាមការកំណត់នៃច្បាប់ ។
- បោះពុម្ពលើសៀវភៅឯកសាររបស់គណបក្ស ។
- ផលិតជាស្លាកសញ្ញាសំរាប់ពាក់លើអាវក្នុងពិធីផ្សេងៗរបស់គណបក្ស ។
ប្រការ៤ ៖ បទភ្លេង និងចំរៀងគណបក្ស ត្រូវប្រើប្រាស់ជាផ្លូវការក្នុងពិធីនានារបស់គណបក្សៈ
- ពិធីបញ្ចូលសមាជិកគណបក្ស
- សន្និបាត ឬមហាសន្និបាតរបស់គណបក្ស
- ពិធីបុណ្យរបស់គណបក្ស
ប្រការ៥ ៖ មហាសន្និបាតតំណាងទូទាំងប្រទេស គឺជាអង្គការដឹកនាំខ្ពស់បំផុតរបស់គណបក្ស ។
មហាសន្និបាតមានភារកិច្ចៈ
- ពិនិត្យពិភាក្សា និងអនុម័តលើរបាយការណ៍នយោបាយរបស់គណៈកម្មាធិការកណ្តាលអំពីសភាពការណ៍រួមរបស់គណបក្ស ។
- កំណត់គោលនយោបាយក្នុងប្រទេស ក្រៅប្រទេស និងភារកិច្ចរបស់គណបក្ស តាមដំណាក់កាលនិមួយៗ
- បំពេញបន្ថែម ឬកែសំរួលលក្ខន្តិកៈគណបក្ស ។
- រំសាយគណៈកម្មាធិការកណ្តាលចាស់ និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការកណ្តាលសំរាប់អាណតិ្តថ្មី ។
មហាសន្និតបាតតំណាងទូទាំងប្រទេស ប្រជុំ ៥ឆ្នាំម្តង ។ តំណាងចូលរួមមហាសន្និបាតត្រូវបានបោះឆ្នោតជ្រើសតាំងដោយមហាសន្និបាត ថ្នាក់ក្រោមផ្ទាល់ លើកលែងសមាជិកគណៈកម្មាធិការកណ្តាលដែលជាតំណាងដោយស្វ័យប្រវត្តិ ។
ក្នុង ករណីដែលមិនអាចបើកមហាសន្និបាតតំណាងសាមញ្ញបាន ឬបើមានភារកិច្ចបន្ទាន់ចំពោះមុខ និងដោយមានសំណើររបស់សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន ២ ភាគ ៣ ឬសំណើររបស់សមាជិកគណៈកម្មាធិការកណ្តាលចំនួន ១ ភាគ ៣ នោះអាចកោះប្រជុំមហាសន្និបាតតំណាងទូទាំងប្រទេសជាវិសាមញ្ញ ។ តំណាងចូលរួមមហាសន្និបាតវិសាមញ្ញ អាស្រ័យដោយគណៈកម្មាធិការកណ្តាលសំរេចចង្អុលចុះតាមសំណើររបស់ គណៈអចិន្រ្តៃយ៌ ។ តំណាងចូលរួមមហាសន្និបាត ជាអ្នកដែលបានចូលរួមអនុវត្តយ៉ាងសកម្មនូវភារកិច្ចនយោបាយ និងការងាររបស់គណបក្ស មានការយល់ដឹងច្បាស់អំពីគោលការណ៍ គោនយោបាយនានារបស់គណបក្ស មានស្មារតីទទួលខុសត្រូវចំពោះបុព្វហេតុរបស់គណបក្ស និងរបស់ប្រទេសជាតិ ។ មហាសន្និបាតតំណាងវិសាមញ្ញមានភារកិច្ចដូចមហាសន្និបាតតំណាងសាមញ្ញដែរ លើកលែងតែការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការកណ្តាល គឺមានភារកិច្ចត្រឹមកែសំរួល ឬបំពេញបន្ថែមសមាជិកនៃគណៈកម្មាធិការកណ្តាលប៉ុណ្ណោះ ។
ប្រការ៦ ៖ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល រៀបចំ និងកោះអញ្ជើញតំណាងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសតាមការ សំរេចរបស់គណៈកម្មាធិការកណ្តាល ។ ការជូនដំណឹងក្នុងគណបក្ស ស្តីពីការបើកមហាសន្និបាតតំណាងទូទាំងប្រទេស ត្រូវធ្វើឲ្យបានយ៉ាងតិច ១ខែ មុនពេលបើកសម័យប្រជុំដោយភ្ជាប់ជាមួយនូវរបៀបវារៈ ការកំណត់អំពីសមាសភាព និងចំនួនតំណាងដែលត្រូវមកចូលរួម ។
ប្រការ៧ ៖ មហាសន្និបាតតំណាងទូទាំងប្រទេស ដែលចាត់ទុកជាបានការលុះត្រាតែមានសមាជិកគណៈកម្មាធិការកណ្តាលយ៉ាង តិច ២ ភាគ ៣ និងមានតំណាងលើសពីពាក់កណ្តាលនៃចំនួនគណបក្សថ្នាក់ក្រោម ដែលចំណុះផ្ទាល់គណៈកម្មាធិការកណ្តាលចូលរួម ហើយចំនួនតំណាងដែលមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល ត្រូវតែមានលើសពីចំនួនសមាជិកគណៈកម្មាធិការកណ្តាលទាំងមូល ។ ការអនុម័តរបស់មហាសន្និបាតតំណាង គឺកំណត់សម្លេងភាគច្រើន ។
ប្រការ៨ ៖ គណៈកម្មាធិការកណ្តាល ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតរបស់មហាសន្និបាតតំណាងទូទាំង ប្រទេស ដើម្បីដឹកនាំការងាររបស់គណបក្ស ក្នុងចន្លោះពីមហាសន្និបាតតំណាងសាមញ្ញមួយទៅមហាសន្និបាតតំណាង សាមញ្ញមួយទៀត ។
ប្រការ៩ ៖ ចំនួនសមាជិកគណៈកម្មាធិការកណ្តាល និងបញ្ជីឈ្មោះបេក្ខជន ត្រូវបានអនុម័តដោយមហាសន្និបាតតំណាងទូទាំងប្រទេសតាមសំណើរបស់ គណៈកម្មាធិការកណ្តាល ។ ការជ្រើសតាំងគណៈកម្មាធិការកណ្តាល ត្រូវធ្វើតាមវិធីបោះឆ្នោតលើបញ្ជីឈ្មោះបេក្ខជន និងតាមបែបបទដែលកំណត់ដោយមហាសន្និបាតតំណាងទូទាំងប្រទេស។ បេក្ខជនដែលមានសំលេងគាំទ្រលើសពីពាក់កណ្តាលនៃចំនួនអ្នកបោះឆ្នោត ដោយរាប់តាមលំដាប់លេខរៀងពីខ្ពស់មកទាប រហូតដល់គ្រប់ចំនួនដែលបានកំណត់ត្រូវជាប់ឆ្នោតជាសមាជិក គណៈកម្មាធិការកណ្តាល ។
ប្រការ១០ ៖ សន្និបាតគណៈកម្មាធិការកណ្តាល ត្រូវធ្វើ ២ដង ក្នុង ១ឆ្នាំ ។ ក្នុងករណីចាំបាច់អាចបើកសន្និបាតវិសាមញ្ញ ។ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល កោះប្រជុំសន្មិបាតគណៈកម្មាធិការកណ្តាល ដោយត្រូវផ្ញើលិខិតអញ្ជើញជូនសមាជិកយ៉ាងតិច ១៥ថ្ងៃ មុនពេលប្រជុំ លើកលែងតែក្នុងការប្រញាប់ និងត្រូវភ្ជាប់ជាមួយនូវរបៀបវារៈនៃការប្រជុំ ។
ការអនុម័ត របស់សន្និបាតគណៈកម្មាធិការកណ្តាល កំណត់យកសម្លេងភាគច្រើនដាច់ខាត នៃចំនួនសមាជិកគណៈកម្មាធិការកណ្តាលទាំងមូល លើកលែងតែការដាក់វិន័យចំពោះសមាជិក និងអង្គការចាត់តាំងគណបក្សដែលមានការកំណត់ដោយឡែក ។
ប្រការ១១ ៖ សមាជិកគណៈកម្មាធិការកណ្តាល មានភារកិច្ចត្រូវក្តាប់ជាប់នូវកម្មវិធីនយោបាយ សេចក្តីសំរេចចិត្ត គោលការណ៍នយោបាយនានារបស់គណបក្ស ដើម្បីចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាពនៅតាមផ្នែក ឬថ្នាក់ដែលខ្លួនទទួលខុសត្រូវ និងខិតខំតស៊ូដើម្បីប្រែក្លាយគោលការណ៍ គោលនយោបាយរបស់គណបក្សឲ្យទៅជាច្បាប់ និងគោលការណ៍រួមរបស់រដ្ឋ ។
សមាជក គណៈកម្មាធិការកណ្តាល ធ្វើសកម្មភាពទីណា ត្រូវរួមចំណែកទទួលខុសត្រូវក្នុងការដឹកនាំការងារគណបក្ស និងចូលរួមក្នុងការកសាងពង្រឹងគណបក្សនៅទីនោះ ។
ក្នុងរយៈពេល ១ត្រីមាសម្តង សមាជិកគណៈកម្មាធិការកណ្តាលត្រូវធ្វើរបាយការណ៍ជូនគណៈអចិន្រ្តៃយ៍អំពី សកម្មភាពរបស់ខ្លួន ក្នុងការអនុវត្តន៍ភារកិច្ចនយោបាយរបស់គណបក្ស ។ សមាជិកគណៈកម្មាធិការកណ្តាល មានសិទ្ធិផ្តល់មតិជាលាយល័ក្ខអក្សរជូនគណៈអចិន្រ្តៃយ៍ អំពីការងាររបស់គណបក្ស ហើយរាល់មតិរបស់ខ្លួនត្រូវបានទទួលនូវការឆ្លើយតប ។
ប្រការ១២ ៖ ប្រធាន អនុប្រធាន និងប្រធានកិតិ្តយស ជាថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ។ ប្រធានគណបក្ស ជាប្រធានគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ។ ប្រធានគណបក្សទទួលខុសត្រូវដឹកនាំលើគ្រប់វិស័យការងាររបស់គណបក្ស តាមគោការណ៍រួមដែលបានសំរេចដោយគណៈកម្មាធិការកណ្តាល និងគណៈអចិន្រ្តៃយ៍ ។
អនុប្រធានទទួលខុសត្រូវជួយប្រធានដឹកនាំ ការងារមួយចំនួនតាមការប្រគល់ភារកិច្ចរបស់ប្រធាន និងគណៈអចិន្រ្តៃយ៍ និងតំណាងឲ្យប្រធាននៅពេលដែលប្រធានអវត្តមាន ។
ប្រធានកិតិ្តយស ជាឥស្សរជនដែលមានគុណបំណាច់យ៉ាងធំធេងចំពោះគណបក្ស ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលអនុម័ត ។
ប្រការ១៣ ៖ ប្រធានគណបក្ស ត្រូវបានជ្រើសតាំងដោយសន្និបាតគណៈកម្មាធិការកណ្តាល តាមរយៈការបោះឆ្នោតដោយសំលេងភាគច្រើនដាច់ខាតនៃចំនួនសមាជិក គណៈកម្មាធិការកណ្តាលទាំងមូល ។ បើសិនជាក្នុងការបោះឆ្នោតលើកទី១ គ្មានបេក្ខជនណាទទួលបានសំលេងភាគច្រើនដាច់ខាតទេនោះ ត្រូវជ្រើសរើសយកតែបេក្ខជន ២រូប ដែលបានទទួលសំលេងច្រើនជាងគេក្នុងការបោះឆ្នោតលើកទី១ ដើម្បីធ្វើការបោះឆ្នោតលើកទី២ ជ្រើសរើសយកបេក្ខជនដែលបានសំលេងភាគច្រើនដាច់ខាតនៃចំនួនសមាជិក គណៈកម្មាធិការកណ្តាលទាំងមូលធ្វើជាប្រធាន ។ បើសិនជាក្នុងការបោះឆ្នោតលើកទី២ គ្មានបេក្ខជនណាទទួលបានសំលេងភាគច្រើនដាច់ខាតទេនោះ ត្រូវជ្រើសរើសយកតែបេក្ខជនដែលបានទទួលសំលេងច្រើនជាងគេក្នុងការ បោះឆ្នោតលើកទី២ ដើម្បីធ្វើការអនុម័ត បើបេក្ខជននោះទទួលបានសំលេងភាគច្រើនដាច់ខាត នៃចំនួនសមាជិកគណៈកម្មាធិការកណ្តាលទាំងមូល គឺត្រូវបានជាប់ឆ្នោតជាប្រធាន ។ បើសិនជាក្នុងការអនុម័តនេះមិនបានទទួលសំលេងភាគច្រើនដាច់ខាតទេ នោះ ត្រូវជ្រើសរើសបេក្ខជន និងធ្វើការបោះឆ្នោតជ្រើសរើសប្រធានសារជាថ្មី ។
អនុប្រធានគណបក្សត្រូវបានជ្រើសតាំងដោយសន្និបាតគណៈកម្មាធិការកណ្តាល តាមវិធីដូចគ្នានឹងការជ្រើសតាំងប្រធាន ។
ប្រការ១៤ ៖ ប្រធាន អនុប្រធានគណបក្ស ត្រូវបានជ្រើសតាំងសំរាប់អាណត្តិ ៥ឆ្នាំ ។
ក្នុង ករណីដែលប្រធានគណបក្សទទួលមរណៈភាព ឬមិនអាចបំពេញភារកិច្ចបានដោយប្រការផ្សេងៗនោះ អនុប្រធានត្រូវទទួលដឹកនាំការងារបន្តជាប្រធានស្តីទី រហូតដល់ពេលមានការជ្រើសតាំងប្រធានគណបក្សថ្មី ។ ក្នុងករណីដែលមុខតំណែងប្រធាន អនុប្រធានគណបក្សនៅទំនេរដោយប្រការផ្សេងៗរយៈពេលយ៉ាងតិច ៣ខែ ត្រូវរៀបចំជ្រើសតាំងប្រធាន អនុប្រធានថ្មីជំនួសរហូតដល់ចប់អាណតិ្ត ។
ប្រការ១៥ ៖ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ត្រូវបានជ្រើសតាំងក្នុងចំណោមសមាជិកគណៈកម្មាធិការកណ្តាល តាមរយៈការបោះឆ្នោតរបស់សន្និបាតគណៈកម្មាធិការកណ្តាលដោយយកសំលេងភាគ ច្រើនដាច់ខាតនៃចំនួនសមាជិកគណៈកម្មាធិការកណ្តាលទាំងមូល ។ ក្នុងករណីចាំបាច់ដោយយោងតាមសំណូមពរ ភារកិច្ចជាក់ស្តែងតាមសំណើរបស់គណៈអចិន្រ្តៃយ៍ សន្និបាតគណៈកម្មាធិការកណ្តាលអាចជ្រើសតាំងបំពេញបន្ថែមសមាជិក គណៈអចិន្រ្តៃយ៍តាមរយៈការបោះឆ្នោតដោយសំលេងភាគច្រើនដាច់ខាតនៃចំនួន សមាជិកគណៈកម្មាធិការកណ្តាលទាំងមូល ។
ប្រការ១៦ ៖ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ដឹកនាំរាល់ការងាររបស់គណបក្សក្នុងចន្លោះពេលពីសន្និបាតពេញអង្គមួយ ទៅសន្និបាតពេញអង្គមួយទៀតរបស់គណៈកម្មាធិការកណ្តាល ដោយផ្អែកលើសេចក្តីសំរេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេស និងសន្និបាតគណៈកម្មាធិការកណ្តាល ។
គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលមានភារកិច្ចៈ
- កំណត់គោការណ៍ វិធានការធំៗដើម្បីអនុវត្តសេចក្តីសំរេចចិត្តរបស់មហាសន្និបាតតំណាង ទូទាំងប្រទេស និងសន្និបាតគណៈកម្មាធិការកណ្តាល ។
- កំណត់ទិសដៅភារកិច្ចធំៗតាមរយៈពេលនិមួយៗលើគ្រប់ផ្នែក ការងាររបស់គណបក្សជាអាទិ៍ ការងារនយោបាយ សតិអារម្មណ៍ ការងារចាត់តាំងកសាងបក្ស ការងារហិរញ្ញវត្ថុ ការកសាងធនធានមនុស្ស ។
- រៀបចំរចនាសម័្ពន្ធនៃអង្គការចាត់តាំងរបស់គណបក្សចំណុះផ្ទាល់គណៈកម្មាធិការកណ្តាល ។
- ណែនាំគោការណ៍ កសាងរចនាសម្ព័ន្ធ ខ្សែរយៈចាត់តាំង និងសកម្មភាពរបស់អង្គការចាត់តាំងគណបក្សថ្នាក់ក្រោម ។
- កំណត់ក្របខ័ណ្ឌ និងគោលនយោបាយនានា សំរាប់មន្រ្តី បុគ្គលិក កម្មករបំរើការងារក្នុងអង្គការចាត់តាំងនានារបស់គណបក្សគ្រប់ថ្នាក់ ។
- រៀបចំចាត់តាំង ប្រគល់ភារកិច្ច តំឡើងឋានៈ និងអនុវត្តវិន័យចំពោះមន្រ្តីរបស់គណបក្ស ដែលស្ថិតក្នុងសមត្ថកិច្ចគ្រប់គ្រងផ្ទាល់ ។
- សំរេចអំពីការសុំចូលជាសមាជិកគណបក្ស ក្នុងករណីពិសេស ។
- សំរេចជ្រើសរើសសមាជិកគណបក្ស ដើម្បីឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតតំណាងរាស្រ្ត ។
- ជ្រើរើសសមាជិកគណបក្សចូលកាន់មុខនាទីក្នុងរាជរដ្ឋាភិបាល និងស្ថាប័នរបស់រដ្ឋ ។
- រៀបចំខ្លឹមសារសំរាប់សន្និបាតគណៈកម្មាធិការកណ្តាល ។
- អនុវត្តនយោបាយការបរទេសរបស់គណបក្ស ។
- ត្រួតពិនិត្យការងារនៃរាល់ស្ថាប័ន និងគណៈកម្មាធិការគណបក្សចំណុះ ។
ប្រការ១៧ ៖ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ប្រជុំមួយខែម្តង ហើយអាចប្រជុំមុនពេលកំណត់ បើសិនជាមានការបន្ទាន់ និងចាំបាច់អាស្រ័យដោយប្រធានគណបក្សកោះប្រជុំ ។ ការអនុម័តរបស់គណៈអចិន្រ្តៃយ៍ ដោយកំណត់យកសំលេងភាគច្រើននៃចំនួនសមាជិកគណៈអចិន្រ្តៃយ៍ទាំងមូល លើកលែងតែការអនុម័តដាក់ពិន័យសមាជិក និងអង្គការចាត់តាំងគណបក្សដែលមានការកំណត់ដោយឡែក ។
ប្រការ១៨ ៖ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល បង្កើតគណៈប្រចាំការរបស់គណៈអចិន្រ្តៃយ៍រួមមាន ប្រធាន ១រូប និងសមាជិកមួយចំនួនដែលបានជ្រើសរើសនៅក្នុងចំណោមសមាជិក គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ។
ប្រការ១៩ ៖ គណៈប្រចាំការទទួលខុសត្រូវជំនួសមុខគណៈអចិន្រ្តៃយ៍ ដើម្បីដោះស្រាយការងារប្រចាំថ្ងៃតាមការប្រគល់ភារកិច្ចរបស់ គណៈអចិន្រ្តៃយ៍ ។ ប្រធានគណៈប្រចាំការធ្វើទំនាក់ទំនងជាប្រចាំជាមួយប្រធាន និងអនុប្រធានគណបក្ស ដើម្បីរាយការណ៍សុំគោលការណ៍ដឹកនាំ និងត្រួតពិនិត្យដោះស្រាយការងារ ។
ប្រការ២០ ៖ គណៈប្រចាំការរបស់គណៈអចិន្រ្តៃយ៍ប្រជុំក្នុង ១សបា្តហ៍ម្តង ។ ក្នុងករណីមានការចាំបាច់ និងបន្ទាន់ អាចប្រជុំមុនពេលកំណត់ ។
ការអនុម័តរបស់គណៈប្រចាំការ កំណត់យកសំលេងភាគច្រើននៃចំនួនសមាជិកគណៈប្រចាំការទាំងមូល ។
ប្រការ២១ ៖ ស្ថាប័នជំនួយការរបស់គណៈកម្មាធិការកណ្តាលរួមមានៈ
- ១. ខុទ្ទកាល័យ
- ២. គណៈចាត់តាំង
- ៣. គណៈឃោសនាអប់រំ
- ៤. គណៈកម្មាធិការត្រួតពិនិត្យ
- ៥. គណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្ស
- ៦. គណៈកម្មាធិការហិរញ្ញវត្ថុ
- ៧. គណៈទាក់ទងបរទេស
ស្ថាប័ននិមួយៗ ទទួលខុសត្រូវធ្វើជាសេនាធិការឲ្យគណៈកម្មាធិការកណ្តាល លើផ្នែកការងារជំនាញតាមតួនាទី ភារកិច្ច ដែលបានកំណត់ដោយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ។
ខុទ្ទកាល័យ គណៈកម្មាធិការកណ្តាល សហការជាមួយគ្រប់ស្ថាប័ន ដើម្បរៀបចំកម្មវិធីការងារ និងខ្លឹមសារប្រជុំរបស់គណៈប្រចាំការ គណៈអចិន្រ្តៃយ៍ និងសន្និបាតគណៈកម្មាធិការកណ្តាល ។
ប្រការ២២ ៖ យោងតាមសំណូមពរភារកិច្ចជាក់ស្តែង គណៈអចិន្រ្តៃយ៍សំរេចចាត់តាំងក្រុមការងារ ក្រុមជំនួយការ ដើម្បីអនុវត្តការងារចាំបាច់មួយចំនួន ។ ក្រុមការងារ ក្រុមជំនួយការទាំងនោះ នឹងត្រូវរំសាយជាស្វ័យប្រវត្តិនៅពេលចប់ភារកិច្ចរបស់ខ្លួន ។
ប្រការ២៣ ៖ គណៈកម្មាធិការគណបក្សមូលដ្ឋាន ជាអង្គការចាត់តាំងមូលដ្ឋានរបស់គណបក្ស ។ គណៈកម្មាធិការគណបក្សមូលដ្ឋាន ត្រូវបានបង្កើតឡើងនៅតាមឃុំ សង្កាត់ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ អង្គភាពផលិតកម្ម អាជីវកម្ម សិប្បកម្ម និងអង្គការសង្គមនានា ដែលមានសមាជិកគណបក្សចាប់ពី ៥០ នាក់ឡើងទៅ ។ ចំពោះមូលដ្ឋានដែលមានសមាជិកគណបក្សតិចជាង ៥០នាក់ ត្រូវបង្កើតជាសាខាគណបក្សមូលដ្ឋាន ។
គណៈកម្មាធិការគណបក្សមូលដ្ឋាន មានសាខាចំណុះតិច ឬច្រើនស្របទៅតាមសភាពការណ៍ជាក់ស្តែងនៃមូលដ្ឋាននិមួយៗ ។ ចំពោះសាខាចំណុះនៅមូលដ្ឋាន ឬផ្នែកណាដែលមានសមាជិកគណបក្សច្រើន ត្រូវបង្កើតអនុសាខា និងចងក្រងជាក្រុមបក្សចំណុះអនុសាខា ។
ប្រការ២៤ ៖ គណៈកម្មាធិការគណបក្សមូលដ្ឋាន រួមមានៈ ប្រធាន អនុប្រធាន និងសមាជិកមួយចំនួន ។ បរិមាណសមាជិគណៈកម្មាធិការគណបក្សមូលដ្ឋានមានតិច ឬច្រើនដោយយោលទៅតាមបរិមាណសមាជិកគណបក្សក្នុងមូលដ្ឋាននិមួយៗ ។ ត្រូវពិនិត្យដើម្បីជ្រើសរើសអ្នកដឹកនាំនៅតាមមូលដ្ឋានសំខាន់ៗ ដូចជាៈ ប្រធានសាខាភូមិ នាយក ឬនាយករង សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ប្រធាន ឬអនុប្រធានអង្គភាពអាជីវកម្ម ផលិតកម្ម… បញ្ចូលជាសមាជិកគណៈកម្មាធិការគណបក្សមូលដ្ឋាន ។
គណៈកម្មាធិការ គណបក្សមូលដ្ឋាន ត្រូវបែងចែកភារកិច្ចឲ្យសមាជិកនិមួយៗ ទទួលបន្ទុកផ្នែកការងារគណបក្សនិមួយៗ និងទទួលបន្ទុកដឹកនាំផ្ទាល់សាខាចំណុះ ។ គណៈកម្មាធិការគណបក្សមូលដ្ឋានដែលមានបរិមាណសមាជិកពី ៩នាក់ ឡើងទៅ ត្រូវបង្កើតឲ្យមានចំនួនសមាជិកអចិន្រ្តៃយ៍ស្មើនឹង ១ភាគ ៣ នៃសមាជិកគណៈកម្មាធិការគណបក្សទាំងអស់ដើម្បីដឹកនាំការងារគណបក្ស គ្រប់ផ្នែកជាប្រចាំ ។
ប្រការ២៥ ៖ ការគ្រប់គ្រងគណៈកម្មាធិការគណបក្សមូលដ្ឋានត្រូវបានកំណត់ដូចខាងក្រោមៈ
- គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ សង្កាត់ ត្រូវចំណុះការដឹកនាំផ្ទាល់របស់គណៈកម្មាធិការគណបក្សស្រុក ខណ្ឌ ។
- គណៈកម្មាធិការគណបក្សមូលដ្ឋាន គ្រឹះស្ថានសិក្សាៈ
* កំរិតអនុវិទ្យាល័យ ត្រូវស្ថិតក្រោមការដឹកនាំផ្ទាល់របស់គណៈកម្មាធិការគណបក្សខេត្ត ក្រុង ។ គណៈកម្មាធិការគណបក្សខេត្ត ក្រុង អាចប្រគល់ភារកិច្ចដកឹនាំនេះឲ្យគណៈកម្មាធិការគណបក្សស្រុក ខណ្ឌ អនុវត្តចំនួសបាន ស្របតាមសភាពការណ៍ជាក់ស្តែង ។
* កំរិតវិទ្យាល័យ មហាវិទ្យាល័យ សកលវិទ្យាល័យ សាលាគរុកោសល្យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខជំនាញ ត្រូវស្ថិតក្រោមការដឹកនាំផ្ទាល់របស់គណៈកម្មាធិការគណបក្សខេត្ត ក្រុង ដោយមានសហការជាមួយគណៈកម្មាធិការគណបក្សក្រសួងអប់រំយុវជន និងកីឡា ។
* ដោយឡែក ចំពោះកំរិតសាលាបឋមសិក្សា និងមតេយ្យសិក្សា គឺបង្កើតសាខាគណបក្សស្ថិតក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្ស ឃុំ សង្កាត់ (មិនបង្កើតជាគណៈកម្មាធិការគណបក្សមូលដ្ឋាន) ។
- គណៈកម្មាធិការគណបក្សមូលដ្ឋាន មន្ទីរពេទ្យធំៗនៅរាជធានីភំ្នពេញ ត្រូវស្ថិតក្រោមការដឹកនាំផ្ទាល់របស់គណបក្សក្រសួងសុខាភិបាល ដោយមានសហការជាមួយគណៈកម្មាធិការគណបក្សក្រុង ។
- គណៈកម្មាធិការគណបក្សមូលដ្ឋាន មន្ទីរពេទ្យរបស់ខេត្ត ក្រុង ត្រូវស្ថិតក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុង ។ គណៈកម្មាធិការគណបក្សខេត្ត ក្រុង អាចប្រគល់ភារកិច្ចដឹកនាំនេះឲ្យគណៈកម្មាធិការគណបក្សស្រុក ខណ្ឌ អនុវត្តជំនួសបាន ស្របតាមសភាពការណ៍ជាក់ស្តែង ។
- គណៈកម្មាធិការគណបក្សមូលដ្ឋាន នៅតាមរោងចក្រ សហគ្រាស ត្រូវស្ថិតក្រោមការដឹកនាំផ្ទាល់របស់គណៈកម្មាធិការគណបក្សក្រសួង ឧស្សាហកម្មរ៉ែ និងថាមពល ដោយមានសហការជាមួយគណៈកម្មាធិការគណបក្សខេត្ត ក្រុង ។
- គណៈកម្មាធិការគណបក្សមូលដ្ឋាន អង្គភាពផលិតកម្ម អាជីវកម្ម សិប្បកម្ម និងអង្គការសង្គមនានា ត្រូវស្ថិតក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុង ។ គណៈកម្មាធិការគណបក្សខេត្ត ក្រុង អាចប្រគល់ភារកិច្ចដឹកនាំនេះ ឲ្យគណៈកម្មាធិការគណបក្សស្រុក ខណ្ឌ អនុវត្តជំនួសបាន ស្របតាមសភាពការណ៍ជាក់ស្តែង ។
ប្រការ២៦ ៖ គណៈកម្មាធិការគណបក្សមូលដ្ឋានមានតួនាទីៈ
- ក្តាប់ជាប់នូវកម្មវិធីនយោបាយរបស់គណ ដើម្បីចាត់តាំងអនុវត្តឲ្យស្របតាមសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន ។
- ដឹកនាំការងារគណបក្ស អំពីការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំងក្នុងក្របខ័ណ្ឌមូលដ្ឋានរបស់ខ្លួន ។
- ផ្សារភ្ជាប់ជិតស្និទ្ធជាមួយមហាជន ប្រជាជននៅមូលដ្ឋាន ខិតខំបំផុសមហាជនចូលរួមកសាង ពង្រឹងរដ្ឋអំណាច និងកែលំអជីវភាពរស់នៅ ។
- ការពារឥទ្ធិពល និងប្រជាប្រិយភាពរបស់គណបក្ស ខិតខំប្រមូលកំលាំងមហាជនច្រើនកុះករឲ្យគាំទ្រគណបក្សប្រជាជនកម្ពុជា ។
ប្រការ២៧ ៖ គណៈកម្មាធិការគណបក្សមូលដ្ឋាន ត្រូវអនុវត្តតាមភារកិច្ច និងសិទ្ធិដែលកំណត់ដោយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ។
ប្រការ២៨ ៖ គណៈកម្មាធិការគណបក្សមូលដ្ឋាន ប្រជុំជីវភាព ១ខែម្តង ពេលចាំបាច់ត្រូវប្រជុំវិសាមញ្ញ ។ ក្រៅពីការប្រជុំជីវភាពប្រចាំខែ គណៈកម្មាធិការគណបក្សមូលដ្ឋាន ត្រូវកំណត់ពេលវេលាមួយដង ឬពីរដង ដើម្បីរៀនសូត្រឲ្យជ្រួតជ្រាបអំពីសភាពការណ៍ និងភារកិច្ចរបស់គណបក្ស ព្រមទាំងសេចក្តីសំរេចចិត្តនានារបស់គណបក្សថ្នាក់លើ ។
គណៈកម្មាធិការ គណបក្សមូលដ្ឋាន ដំណើរការមហាសន្និបាត ១ឆ្នាំម្តង ដើម្បីត្រួតពិនិត្យការដឹកនាំរបស់គណបក្សក្នុងឆ្នាំកន្លងមក និងពិភាក្សាអនុម័តទិសដៅការងារសំរាប់ឆ្នាំបន្ទាប់លើការងារនយោបាយ សតិអារម្មណ៍ ចាត់តាំងត្រួតពិនិត្យ ហិរញ្ញវត្ថុ ជីវភាព និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការគណបក្សមូលដ្ឋានថ្មី ។
គណៈកម្មាធិការ គណបក្សមូលដ្ឋាន ត្រូវចាត់តាំងសមាជិកឲ្យទទួលខុសត្រូវចុះជួយពង្រឹងគ្រប់សាខាគណ បក្សចំណុះ ដើម្បីឲ្យសាខាគណបក្សទាំងនោះមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពនៅមូលដ្ឋាន ។
លោក ញ៉ឹប បូរី