ប៉ៃលិន៖ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្តផងដែរ ។
មានប្រសាន៍ស្វាគមន៍នាឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានសម្តែងនូវការកោតសរសើរដ៏ស្មោះចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងខេត្ត ដែលបានខិតខំរួមគ្នាបំពេញភារកិច្ចរបស់ខ្លួន យ៉ាងសកម្មរហូតសម្រេចបាននូវសមិទ្ធិផលជាច្រើន ពិសេសលើការពង្រឹងគុណភាព និងប្រសិទ្ធភាពការបង្រៀន និងរៀន ក្នុងរយៈពេលកន្លងមក និងសូមចូលរួមអបអរសាទរចំពោះលោកគ្រូ អ្នកគ្រូ ដែលទទួលបានគ្រឿងឥស្សរិយយសការងារនៅថ្ងៃនេះ ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ ការលើកទឹកចិត្តជានិច្ចពីឯឧត្តមបណ្ឌិតសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសន៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមពលដ៏ក្លៀវក្លា ។
ឯឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍លើកឡើងថា៖ វិស័យអប់រំ យុវជន និងកីឡា ពិតជាមានសារៈសំខាន់សម្រាប់សង្គមនិងប្រទេសជាតិយើងទាំងមូលក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យមិនអាចខ្វះបាននោះទេ ហើយដោយផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសន៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព, ដោយផ្តោតជាសំខាន់លើរបៀបវារៈ ធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់» ដែលនេះជាគតិបណ្ឌិតដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ក្នុងការអភិវឌ្ឍន៏លើគ្រប់វិស័យតែម្តង។
ឯឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស ជាអាទិភាព នៃការអនុវត្តន៍យុទ្ធសាស្ត្រគោលនយោបាយ នៅគ្រប់ដំណាក់កាល សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈសមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិតនវានុវត្តន៍ គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិ និងស្មារតី ទទួលខុសត្រូវ សុខភាពល្អ និងកាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គម ទន្ទឹមនឹងនេះផងដែរ សូមកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត កន្លងមកបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបានចូលរួមថែរក្សាការពារយ៉ាងរឹងមាំនូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រកបដោយភាពល្អប្រសើរជានិច្ចគួរជាទីមោទនៈ។
ក្នុងឱកាសនោះផងដែរ ឯឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បុគ្គលិកអប់រំទាំងអស់នៅក្នុងខេត្ត ជាពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀនឱ្យមានវិន័យល្អ ដើម្បីឱ្យប្រព័ន្ធអប់រំ ក្នុងខេត្ត កាន់តែមានភាពរឹងមាំ និងល្អប្រសើបន្ថែមទៀត ហើយត្រូវចូលរួមចំណែកអនុវត្ដន៍គោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ដិភាព ដែលធ្វើឱ្យស្របគ្នាទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីពង្រឹងសកម្មភាពអប់រំ កីឡា និងជំរុញឱ្យមានការចូលរួម ព្រមទាំងបន្ដពង្រឹងកិច្ចសហការ និងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានា ។
បើតាមរបាយការណ៍របស់ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា៖ ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ខេត្តប៉ៃលិន មានបុគ្គលិកអប់រំសរុបចំនួន ៨៦៩នាក់ ស្រី ៤២១នាក់ និង មានសិស្សទូទាំងខេត្តសរុបចំនួន ២០,១២៧នាក់ ស្រី១០,១៦១នាក់ មត្តេយ្យសិក្សា ២៧សាលា មានសិស្សចំនួន ១,២១៧ នាក់ ស្រី៦៦៤ នាក់, បឋមសិក្សា ៥៣សាលា មានសិស្សចំនួន១,១១២៤ នាក់ ស្រី៥,៤១៩នាក់, អនុវិទ្យាល័យ ៦សាលា មានសិស្សចំនួន ១,៧០១នាក់ ស្រី៨៧៦នាក់, វិទ្យាល័យ ៣សាលា មានសិស្សចំនួន ៣,៦៩៤នាក់ ស្រី ២០៥៦នាក់, មត្តេយ្យសិក្សាសហគមន៍ ១២សាលា មានសិស្សចំនួន ២៦៣នាក់ ស្រី ១២៣នាក់ មត្តេយ្យសិក្សាឯកជន ១០សាលា មានសិស្សចំនួន ៦១៤នាក់ ស្រី ២៩៥នាក់, បឋមសិក្សាឯកជន ១១សាលា មានសិស្សចំនួន ១,៤១៣នាក់ ស្រី៦៦៦នាក់ និងអនុវិទ្យាល័យឯកជន១សាលា មានសិស្សចំនួន ១០១នាក់ ស្រី ៦២នាក់ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី