cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ប្រជុំត្រៀមផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ ដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤

ចែករំលែក

ប៉ៃលិន៖ ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៤ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ​ ស្ដីពីការ​ពង្រឹង​​កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ​របៀបរៀបរយសាធារណៈ នៅក្នុង​ខេត្ត និងត្រៀមរៀបចំផែនការ​ការពារ​សន្តិ​សុខសណ្តាប់ធ្នាប់ សម្រាប់​ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ស្ថិតក្រោម​អធិបតីភាព ​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃ​គណៈ​អភិបាលខេត្តប៉ៃលិន និង​ជា​ប្រធាន​គណៈបញ្ជាការឯកភាពខេត្ត ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ  បាន​មានប្រសាសន៍លើកឡើងថា៖ ការងារ​សន្តិសុខសុវត្ថិភាព និង​សណ្តាប់ធ្នាប់ សម្រាប់​ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤​នេះ ដើម្បីអោយ​បាន​កាន់​តែរ​លូន និងមានប្រសិទ្ធភាពខ្ពស់ គឺស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង ៣ប្រភេទ ​ត្រូវ​ អនុវត្ត​តាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទ​បញ្ជា នីតិវិធី និង ក្រមសីលធម៌ ដោយ​ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណ:កម្មាធិការជាតិរៀបចំការ​បោះឆ្នោត  ដើម្បីធានាបាននូវសន្តិសុខ​សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ ទទួលយក​បាន​នូវលទ្ធផលនៃការបោះឆ្នោត តាម​បែបលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស ៕

លោកជំទាវបណ្ឌិតប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់កងកម្លាំងទាំង ៣ប្រភេទ ត្រូវ​សហការ​យ៉ាងជិតស្និទជាមួយ អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការរៀបចំការបោះឆ្នោត រៀបចំធ្វើផែនការជាក់លាក់ ក្នុងការ​ធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ជាពិសេស​កម្លាំងប្រចាំការត្រៀមអន្តរាគមន៍ក្នុងភូមិសាស្ត្រខាងក្រៅ នៃក្រុង ស្រុក ឃុំ/សង្កាត់ និងកម្លំាងនគរបាលការពារ នៅតាម​ការិយាល័យ បោះឆ្នោតនីមួយៗ ផ្អែកតាមផែនការ ដែលបានកំណត់ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅ​លើកិច្ច​សហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣​ប្រភេទ ដែលកន្លងមក បានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ ហើយក៍ជាមោទនភាពដែលយើងទាំង​អស់​គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផល​ថ្មីៗ​ជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវ​ការ​​របស់​ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេវា​សាធារ​ណៈ​ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ៕

សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិន គឺមានការិយាល័យបោះឆ្នោត ចំនួន ២ នៅក្រុងប៉ៃលិន ១ការិយាល័យ និងនៅស្រុកសាលាក្រៅ ១ការិយាល័យ ដោយមានអង្គបោះឆ្នោតសរុប ចំនួន ៥២នាក់ ស្រី ១៦នាក់ និងមានអសនៈ ក្រុមប្រឹក្សាខេត្ត ចំនួន ១៥, ក្រុមប្រឹក្សាក្រុងប៉ៃលិន ១៥ និងក្រុមប្រឹក្សាស្រុកសាលាក្រៅ ១៥​​ ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម