ញត្តិគាំទ្រ របស់រដ្ឋបាលខេត្តប៉ៃលិន
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគូអ្នកគ្រូសិស្ស និស្សិត និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល សូមសម្ដែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ដន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និងភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់ឯករាជ្យជាតិ សន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។
ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានា ថែរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាហើយនេះក៏ជាមេរៀន ប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្តមគតិស្រឡាញ់ជាតស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្ដែតបណ្ដោយខ្លួនឱ្យក្លាយជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។
យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើង ខ្ញុំ សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេសដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត។
ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា យើងខ្ញុំសូមប្តេជ្ញា និងប្រកាសការពារដាច់ខាតនូវសុខសន្តិភាពរបស់ប្រទេស បើទោះបីជាត្រូវលះបង់ដោយតម្លណាក៏ដោយ៕
ថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ប៉ៃលិន ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣