cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរារបស់លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ ប្រធាន​មូលនីធិចាស់ជរា និងជាអភិបាលខេត្ត​ប៉ៃលិន អមដំណើរដោយ យុវជន សសយក យុវជនកាកបាទក្រហម និង ក្រុម​ការងារមូលនីធិ បានអញ្ជើញសំណេះ​សំណាល​​សួរ​សុខ​ទុក្ខ ជាមួយ​លោកតា លោកតាចាស់ជរាគ្មានទីពឹង និងមាន​ជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមក​ទទួល​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ ។

លោកជំទាវ បាន ស្រីមុំ ​បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខ​ទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូន​ដល់លោក​យាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ច​កាល សម្តេចទាំងទ្វេរ តែងតែគិតគូពី​សុខទុក្ខរបស់ប្រជាពលរដ្ឋ​គ្រប់រូប គ្រប់​កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។

លោកជំទាវប្រធានមូលនីធិ បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច​​តេជោ សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីកចម្រើន លើគ្រប់វិស័យ ជាពិសេសហេដ្ឋា​រចនាសម្ព័នរូបវ័ន្ននានា រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបាន​យកចិត្ត​ទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់​ស្លាប់​អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ មូលនិធិចាស់ជរានេះ បានបង្កើតឡើងក្នុង​គោល​បំណង និងទិស​ដៅ​ជួយ​ដល់​​លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី​ ៧០ឆ្នាំ​ឡើងទៅ ដែលពុំមានលទ្ធ​ភាព​អាចចេញទៅប្រកបមុខរបរ ដើម្បីចិញ្ចឹមជីវិតបាន ក៍ដូចជា​ការជួយលើកកំពស់​កម្រិត​ជីវភាព និងបំប៉នថែរទាំសុខភាព​លោក​យាយលោកតា ដោយមិន​ប្រកាន់បក្សពួក និងនិន្នាការ​នយោបាយ​ឡើយ ព្រោះ​មនុស្ស​ចាស់ គឺមានគុណបំណាច់ធំ​ធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ ។

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរា ​តែង​​តែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ បានធូរស្រាល​មួយកម្រឹត​ធំ ។

សូមបញ្ជាក់ថា៖ មូលនិធិចាស់ជរា ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានបើក​ផ្តល់​ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៥៨នាក់ ដោយក្នុងម្នាក់ៗ​ទទួល​បាន​​​ថវិកា ចំនួន ១០ម៉ឺនរៀល រួមទាំងឃីត១កញ្ចប់ ផងដែរ ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម