ប៉ៃលិន៖ រសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លោក គោស៊ុំ ប៊ុនសឿត អនុប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ទួលល្វា អមដំណើរដោយ លោក យូ ពៅ ប្រធានក្រុមការងារគណបក្ស ចុះជួយភូមិអូរច្រាលើ និងលោកស្រី ទន់ ស៊ីមេន ប្រធានគណបក្សសង្កាត់ ព្រមទាំងក្រុមការងារ បាននាំយកអង្ករ ៥០គ.ក ទឹកសុទ្ធ ១០យួ និងថវិកាចំនួន ៤០០,០០០រៀល ទៅចូលរួមបុណ្យសពប្រជាពលរដ្ឋ ឈ្មោះ មឿន សាម៉េត ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ។
នៅក្នុងឱកាសនោះដែរ លោក គោស៊ុំ ប៊ុនសឿត ក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ទួលល្វា បាននាំមកនូវប្រសាសន៍ ចូលរួមមរណទុក្ខ និងរំលែកទុក្ខ របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ចំពោះក្រុមគ្រួសារសព ព្រមទាំងបានសំដែងនូវការសោកស្តាយបំផុតចំពោះការបាត់បង់សមាជិកគ្រួសារ និងសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខ័ន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
លោក គោស៊ុំ ប៊ុនសឿត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រួសារសពត្រូវកាត់ចិត្ត និងត្រូវតែបន្តប្រកបមុខរបររកទទួលទាន ព្រមទាំងថែរក្សាសុខភាពអោយបានល្អ ដើម្បីជាសផុតពីជម្ងឺឈឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩ ហើយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ របស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ។
ជាការឆ្លើយតប ក្រុមគ្រួសារសព ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្ត ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមបុណ្យសព និងគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសសមាជិកសមាជិកាបក្ស ព្រមទាំងសូមបួងសួងដល់បារមីវត្ថុសាកសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់ក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕
អត្ថបទ៖ លោក ញ៉ឹប បូរី