cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ឯកឧត្តម អ៊ី ឈាន បន្តចុះផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសម្លឹកឆ្នោត ដល់សមាជិកបក្ស នៅឃុំស្ទឹងកាច់ និងឃុំសាលាក្រៅ

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី១០ នៃការឃោសនារកសំឡេងឆ្នោត ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​​ចុះជួយខេត្ត និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅព្រឹកថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ចំនួនជាង ៥០០នាក់ នៅ​ភូមិទួល, ភូមិលាវ, ភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ និងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីផ្សព្វផ្សាយកម្ម​វិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យ​ត្រឹម​ត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជន​កម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បានមានប្រសាសន៍លើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបប​ប្រល័យ​ពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈ​ការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ដើម្បីស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទេសន៍ ព្រមទាំងបានខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងសេចក្តីសុខ​ក្សេមក្សាន្ត​រហូត​ដល់ពេលបច្ចុប្បន្ននេះ ។

ឯកឧត្តមបេក្ខជនតំណាងរាស្ត្រ បានមានប្រសាសន៍បញ្ជាក់ថា៖ រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជន​កម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេស​ជាតិ ព្រមទាំងគិតគូរអំពីសុខទុក្ខ និងសុខុមាល ភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវជំនួយផ្នែកគាំពារសង្គម ជាក់ស្តែង​នៅក្នុងខេត្តប៉ៃលិន តាមមូលដ្ឋាន ឃុំ សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌល​សុខភាព ប្រព័ន្ធទឹកភ្លើង រោងចក្រ សហគ្រាស និងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឱ្យផលប្រយោជន៍ក្នុង​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ ។​

ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញ ទៅបោះឆ្នោតនៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ជាពិសេស គឺត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមាន​រូប​សញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមាន​សិទ្ធិបោះ​ឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោត មួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិបន្តទៀត ។

អំឡុងពេលនៃការចុះឃោសនានេះ ឯកឧត្តមបេក្ខជនតំណាងរាស្ត្រ និងក្រុមការងារ ក៏បានបង្រៀនប្រជាពលរដ្ឋ​ឱ្យ​ចេះ​គូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានស្នើសុំប្រជាពលរដ្ឋបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា និងគូសចំប្រអប់​ឆ្នោត​គណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ ឱ្យ​មានការរីក​ចម្រើនទៅមុខទៀត និងការពារថែរក្សាសុខសន្តិភាព ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម