cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

លោកជំទាវ បាន ស្រីមុំ សំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករផ្សារប៉ាហ៊ី

ចែករំលែក

ប៉ៃលិន៖ ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានា របស់អាជីវករ ដែល​លក់ដូរ​​នៅក្នុង​​​​​ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់​ជាន់ថ្នាក់ គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុង​គោល​បំណងសម្រួលដល់ការប្រកបរបបរទទួលទានរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់​តែប្រសើរ​ឡើង សម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ដោយសារប្រទេសជាតិ ក៍ដូចជាខេត្តប៉ៃលិនយើង មានការ​អភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នៅថ្ងៃអនាគតក៍មានផែនការគ្រោងរៀបចំកែរលំអ​ទីតាំង​​ថ្មីបន្ថែម និងតូប​លក់​ដូរ អោយកាន់តែមានសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់របៀបរៀប​រយល្អប្រសើរ ដើម្បី​ឆ្លើយតបទៅ​នឹង​សេចក្តី​ត្រូវការ និងសំណូមពររបស់បងប្អូនអាជីវករ ជាពិសេសផ្តល់​នូវ​សេវ៉ា​ដល់​​អតិថិជនពីគ្រប់មជ្ឍដ្ឋាន រួមទាំងភ្ញៀវ​ទេសចរ​ជាតិ+អន្តរជាតិផងដែរ ។

នៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍សំណូមពរដល់ បងប្អូន​អាជីវករក្នុង​ផ្សារ​ទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាណសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរឱ្យ​មានសណ្តាប់ធ្នាប់ ជាស​វាង​ការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យកកស្ទះចរាចរណ៍ ជាពិសេសគណៈគ្រប់គ្រងផ្សារ ត្រូវសហការជាមួយ​អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ ។

សូមបញ្ជាក់ថា៖ បន្ទាប់ពីស្តាប់ការសំណូមពរ និងការត្អូញត្អែររបស់បងប្អូនអាជីវករ លក់ដូរក្នុងផ្សារសាមគ្គី ហៅ​ផ្សារ​ប៉ាហ៊ី លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានសម្របសម្រួលលើកលែងការបង់ផាស៊ីផ្សារចំនួន ៣ខែ គឺ ខែកក្កដា សីហា និងកញ្ញា ដើម្បីជួយសម្រាលដល់ការលំបាករបស់បងប្អូនអាជីវករ ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម