cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤

ចែករំលែក

ប៉ៃលិន៖ ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅបរិវេណសាលា​វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បើតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនបានឱ្យដឹងថា៖ ឆ្នាំសិក្សាថ្មី ២០២៣-២០២៤នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានសិក្សា ចាប់ផ្តើមដំណើរការរៀន និងបង្រៀន គឺ៖ មធ្យមសិក្សា​សាធារណៈ មានចំនួន ៩សាលា ក្នុងនោះវិទ្យាល័យចំនួន ០៣ សាលា និងអនុវិទ្យាល័យចំនួន ៦សាលា មានសិស្សសរុប ៥៦៨៧នាក់ ស្រីចំនួន ៣០២៧នាក់, បឋមសិក្សាសាធារណៈចំនួន ៥៣សាលា មានសិស្សសរុបចំនួន ១១១៩៩នាក់ ស្រីចំនួន ៥៤៦០នាក់ (ក្នុងនោះសិស្សគ្រប់អាយុចុះឈ្មោះថ្មីចូលរៀនថ្នាក់ទី១ មានចំនួន ១១៣០នាក់ ស្រី ៥១០នាក់) និងសាលាមត្តេយ្យសិក្សាចំនួន ២៥សាលា មានសិស្សសរុបចំនួន ៨៥៨នាក់ ស្រីចំនួន ៤៧៨នាក់ (ក្នុងនោះសិស្សចុះ​ឈ្មោះចូលរៀនថ្មី ចំនួន ៣៥៣នាក់ ស្រី ១៨៥នាក់ ។

បន្ទាប់ពីលោក សោ សុវណ្ណ  អភិបាលរងខេត្តប៉ៃលិន បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល រួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ ចាត់ទុក​ជា​ឆ្នាំ​ដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្ដើមអនុវត្ដអាទិភាពគោលនយោបាយ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយ​ផ្តោតលើ ការពង្រឹង​គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់​ដោះស្រាយក្នុង​នីតិកាល​ទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹង​គុណភាព​សាលារដ្ឋ ចាប់ពី​ថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈ ការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖ ទី១. ការពង្រឹង​អភិបាល​កិច្ច​សាលា​រៀន, ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅ​ម៉ោងសិក្សាឱ្យស្របទៅ​តាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣. ការយកចិត្តទុកដាក់លើសុខភាព​របស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារ នៅតាមសាលា​ និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យ​ស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវ ដើម្បីបង្កើន​ការ​យក​ចិត្តទុកដាក់ខ្ពស់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អ របស់បុគ្គលិកអប់រំ និង​សិស្សានុសិស្ស ពីព្រោះក្រសួងបានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០ភាគរយ លើចំណេះដឹង ១០ភាគរយ លើបំណិន និង ១០ភាគរយ លើសីលធម៌ និងចរិយាធម៌ ហើយនៅថ្ងៃនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏សូមប្រកាសដាក់ចេញនូវ “យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម” នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា២០២៣–២០២៤តទៅ ដើម្បីគាំទ្រដល់ការ​អនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជននិងកីឡា បានដាក់ចេញនូវគោលការណ៍ លក្ខណៈវិនិច្ឆ័យ និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្ដល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាស​នៃ សន្និបាតអប់រំប្រចាំឆ្នាំផងដែរ ៕

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ក្មួយៗសិស្សានុ​សិស្ស​ត្រូវខិតខំសិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាធនធាន ក្នុ​ង​ការចូល​រួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនឡើង ជាពិសេសត្រូវជៀសវាង​ឱ្យឆ្ងាយពី​គ្រឿងញៀន និងអំពើអបាយមុខ​ផ្សេងៗ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមបញ្ជាក់ថា៖ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភ ជាសម្ភារៈសិក្សា និង ថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ១៣៦នាក់ ដោយក្នុង​ម្នាក់ៗទទួលបានថវិកា ចំនួន ៥០,០០០រៀល និងសិស្សានុសិស្សចំនួន ២២៨៩ នាក់ ដោយក្នុងម្នាក់ៗទទួល​បាន សៀវភៅ១៦០ទំព័រ ចំនួន ១ក្បាល ប៊ិកចំនួន ១ ដើម និងថវិកាចំនួន ៥០០០ រៀល ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

 

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម