cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ៤វត្ត នាឱកាសបិណ្ឌវេនទី៥

ចែករំលែក

ប៉ៃលិន៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នា២០២៤ ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៤វត្ត ទី១-វត្តសន្តិមារាម «វត្តអូរច្រា» ទី២-វត្តរតនគិរីសិលារាម «ហៅវត្តបរហ៊ុយ» ទី៣-វត្តធម្មាភិវឌ្ឍន៍ «ហៅវត្តអូររអិល»  និងទី៤-វត្តបុព្វារាម «សាលាក្រៅចាស់» ។

អត្ថន័យ នៃពិធីបុណ្យភ្ជុំបិណ្ឌ! ជារៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​នូវ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​ទីវត្ត​អារាម ដោយ​ធ្វើជា​ចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ ហើយពិធី​បុណ្យដែល​ធ្វើ​តាមទំនៀមពីដូនតាមកនេះ ត្រូវ​បាន​ដក់ជាប់​ក្នុង​គំនិត​ប្រជាពលរដ្ឋ​ខ្មែរតជំនាន់​មក​ថា វាជាពិធី​ដើម្បី​​ឧទ្ទិស​កុសល្យ​ជូន​ទៅ​ដល់ដូនតា និងញាតិកាទាំង៧សណ្តាន​​ដែល​បានចែកឋាន​​ទៅ។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បានចែក​ចេញ​ជាពីរគឺ៖

*ទី១៖​ ជា​រយៈ​ពេល ​នៃ​ការ​កាន់បិណ្ឌ​ចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូត​ដល់​ថ្ងៃ១៤រោច ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​​តែ​ងធ្វើ​ចង្ហាន់ទៅ​ប្រគេនព្រះសង្ឃ។

*ទី២៖ ​ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែល​ជា​ថ្ងៃភ្ជុំបិណ្ឌ​ប្រជាពលរដ្ឋ​តែង​ធ្វើការ​ជួប​ជុំ​គ្នា​​ដើម្បីឆ្លង​នូវ​សធាជ្រះថ្លា ដែលបានថ្វាយ​ទាន​ចំពោះ​ភិក្ខុ​សង្ឃ​ក្នុង​រយៈពេល​១៤ថ្ងៃ​កន្លងមក។

ខ្មែរ​យើង ​គឺជាជនជាតិមួយ​ដែលមាន​ការ​ដឹងគុណចំពោះ​បុគ្គល​ដែលបាន​ធ្វើឧបការៈដល់ខ្លួន ពោល​គឺអ្នកកាន់ព្រះពុទ្ធសាសនា​ប្រកាន់យកគោល​ការណ៍​ នៃការ​ដឹងគុណ ហើយ​ការ​ដឹងគុណនេះ មិន​មែន​និយាយ​ត្រឹម​តែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជា​ការ​ដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើ​​មិន​ជាប់ជាញាតិរបស់ខ្លួន​យ៉ាងណាក៏ដោយ ប៉ុន្តែសម្តែង​នូវ​ទឹកចិត្ត​ដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ​ទើបមានការ​ឈាន​ទៅ​ធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅ​ក្នុង​ចិត្ត​ទេ គឺមិន​អាច​ទៅធ្វើពិធីបុណ្យ​នេះបានទេ។

និយាយជារួមមក ពិធីបុណ្យ​ភ្ជុំបិណ្ឌនេះ ដូនតាខ្មែរ​បានប្រារព្ធធ្វើ​ឡើងក្នុងគោលបំណង​​បង្រៀន​​ទៅ​ដល់​កូនចៅ​ឱ្យ​ដឹងអំពី​កំណើត ចេះ​គោរព ដឹងគុណ និង​មាន​កតញ្ញូធម៌។ យើងជាជនជាតិខ្មែរ​ ត្រូវស្គាល់អំពី​កំណើត និង​ការ​ដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេនជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»៕

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តអនុវត្តខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ជាពិសេសទប់ស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើងបែកចែករវាងប្រជាជន និងប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដើម្បីសំដៅប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីមួយដ៏ខ្លាំងក្លាក្នុងការការពារសុខសន្តិភាព ការឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ផងដែរ ។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះ មានភ្លៀងធ្លាក់ច្រើន ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ ។

សូមបញ្ជាក់ថា៖ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន  និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការរួមដំណើរ បានធ្វើពិធីរាប់បាត្រ និងវេរនូវទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា ទាំងឡាយប្រគេនដល់ព្រះសង្ឃ នៅវត្តទាំង៤ រួមមាន៖ ទី១-វត្តសន្តិមារាម «វត្តអូរច្រា» ទី២-វត្តរតនគិរីសិលារាម «ហៅវត្តបរហ៊ុយ» ទី៣-វត្តធម្មាភិវឌ្ឍន៍ «ហៅវត្តអូររអិល»  និងទី៤-វត្តបុព្វារាម «សាលាក្រៅចាស់» ដោយក្នុងមួយវត្តៗ រួមមាន៖ អង្ករ ៥ការ៉ុង ទឹកសុទ្ធ ១០កេស មី ១០កេស ត្រីខ ១កេស ទឹកដោះគោ ២៥កំប៉ុង តែ ៥គីឡូ ស្កស ៥គីឡូ ស្លាដក ៥ ចង្ហាន់ ១០ចានស្រាក់ និងបច្ច័យ ចំនួន ១០ម៉ឺនរៀល៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម