cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ប្រជាជនសង្កាត់ប៉ៃលិន និងទួលល្វា ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍន៍នៅមូលដ្ឋានបន្ថែមទៀត

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ប៉ៃលិន និងសង្កាត់ទួលល្វា  ប្តេជ្ញាបោះ​ឆ្នោត​​ជូន​​​គណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍន៍នៅមូលដ្ឋានបន្ថែមទៀត ក្នុងឱកាស ដែលលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អញ្ជើញចុះជួបសំណេះ​សំណាល​សួរសុខទុក្ខ និងផ្សព្វផ្សាយពី​គោល​នយោបាយរបស់គណបក្ស នៅភូមិប៉ាហ៊ីជើង, ភូមិប៉ាហ៊ីត្បូង, សង្កាត់ប៉ៃលិន និង​ភូមិអូរតាពុកក្រោម, ភូមិអូរពឺត, ភូមិវាលវង់, ភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន  ដែលជាថ្ងៃទី៨ នៃ​យុទ្ធនា​​ការ​​ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ។

លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើក​ឡើងថា៖ «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយ ដែលបានរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋអស់​រយៈពេលជាង ៤០ឆ្នាំមកហើយ ហើយមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋម្ដងណានោះទេ ហើយគណបក្ស​ប្រជាជន​កម្ពុជា បានលះបង់ និងប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋកម្ពុជា និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែ​រីក​ចម្រើនទ្វេឡើង បន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សំលាប់របស់របបខ្មែរក្រហម ពោលយើងបានផ្លាស់ប្ដូរ​ពី​ប្រទេសដែលក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យ ។

លោកជំទាវប្រធាន បានមានប្រសាសន៍បន្តថា៖ ដើម្បីពង្រឹងពង្រីកសមិទ្ធផលគ្រប់ផ្នែក គ្រប់វិស័យនៅឃុំ-សង្កាត់ រយៈពេល ៥ឆ្នាំបន្តទៀត គណបក្សប្រជាជនកម្ពុជាក៍បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ ដោយផ្តល់ឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ មានមុខងារ និងការទទួលខុសត្រូវច្បាស់លាស់លើការដឹកនាំ គ្រប់គ្រង ចាត់ចែងការងាររដ្ឋបាល សន្តិសុខសណ្តាប់ឆ្នាប់ ធនធានហិរញ្ញវត្ថុ ទ្រព្យសម្បតិ្ត បុគ្គលិក និងការផ្តល់សេវាសាធារណៈ​ចាំបាច់ និងជាមូលដ្ឋាននានា ព្រមទាំងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់កំណត់ ហើយបន្តការផ្ទេរធនធានបន្ថែម១% ជូនដល់រដ្ឋបាលឃុំ-សង្កាត់ និងបង្កើនការចែករំលែកចំណូលសារពើពន្ធរដ្ឋបាល រាជធានី ខេត្ត ៦% ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ចាប់ពី ឆ្នាំ ២០២៤ទៅ ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ ប្រជាជននៅគ្រប់មូលដ្ឋាន។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖ ជាការពិតណាស់ ក្រោមការដឹកនាំរបស់គណបក្ស​ប្រជាជ​នកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៍ឈ្លាសវៃ ពេញមួយអាណតិ្ត​កន្លងទៅ​នេះ បក្សទាំងមូល រាជរដ្ឋាភិបាល អាជ្ញាធរ សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ បានអនុវត្តគោលនយោបាយ​អភិវឌ្ឍឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ ធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងដោយឃុំ-សង្កាត់នីមួយៗសុទ្ធតែ​មាន​ការអភិវឌ្ឍ សុវត្ថិភាពរឹងមាំ ប្រជាជនកាន់តែមានជីវភាពប្រសើរឡើង ហើយបានរស់នៅប្រកបដោយសុភមង្គល​ក្រោមម្លប់​​​នៃសន្តិភាព។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ និងក្រុមការងារក៍បានបង្រៀនសមាជិក សមាជិកា អំពីការគូស​សន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីបានបញ្ចេញនូវឆន្ទះ ក្នុងការគាំទ្រគណបក្ស​ប្រជាជនកម្ពុជា ឱ្យទទួលជ័យ ជំនះរាល់ការបោះឆ្នោត គ្រប់ៗអណត្តិ ។

អត្ថបទ៖ ញ៉ឹប បូរី


ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ខេត្តប៉ៃលិន ធ្វើសន្និបាតបូកសរុបលទ្ធផលការងារការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤