cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៥

ចែករំលែក

ប៉ៃលិន ៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនខេត្តប៉ៃលិន បានបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិត​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណ​បក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការអញ្ជើញចូល​រួមពី​សំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ជាសមាជិកក្រុមការងារគណៈកម្មាធិការកណ្តាល សមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ចូលរួមយ៉ាងច្រើនកុះករ ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យនាពេលនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា មានគោលដៅចម្បងក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជម្រុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដើមី្បថែរក្សាការពាររាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្ស រំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។

លោកជំទាវប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ «ទាំងអស់នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រជាជនទាំងអស់គ្នា គឺជាសាក្សីរស់ក្នុងការបញ្ជាក់ ពីសច្ចធម៌ប្រវត្តិសាស្ត្រនេះ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវមានមនសិកា មានគោលជំហរច្បាស់លាស់ មុននឹងសម្រេចចិត្តបោះឆ្នោត ទោះបីអ្នកណានិយាយអ្វីក៏ដោយ ក៏មិនអាចកែប្រែគោលជំហររបស់ខ្លួនបានឡើយ ព្រោះប្រជាពលរដ្ឋត្រូវចេះវាយតម្លៃថា គណបក្សដឹកនាំដែលល្អ គឺជាគណបក្សដែលមានមាគ៌ា ដឹកនាំត្រឹមត្រូវ គឺជាគណបក្សដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់ទីកន្លែង ធ្វើឱ្យប្រជាជនមានជីវភាពការរស់នៅសុខស្រួល ដែលនោះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននិងកំពុងគោលនយោបាយទាំងនេះ។

លោកជំទាវ បាន​ ស្រីមុំ បានមានប្រសាសន៍លើកឡើងពីគោលដៅចម្បងៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំ និងជម្រុញការកសាងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ប្រកប​ដោយ​និរន្តរភាព  ដែលជាគ្រឹះដ៏រឹងមាំក្នុងការសម្រេចគោលដៅរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ០៥ឆ្នាំខាងមុខ ក្នុងការអភិវឌ្ឍន៍ បម្រើប្រទេសជាតិ និងប្រជាជនតទៅមុខទៀត ដោយឈរលើមាគ៌ាសន្តិភាព ឯកភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍  ព្រមទាំងសូមឲ្យជនរួមជាតិ នៅគ្រប់មជ្ឈដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ និង ចូលរួមអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យក្លាយជាមហាចលនារបស់ជាតិយើងទាំងមូលប្រកបដោយជោគជ័យ។

សូបញ្ជាក់ថា៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដោយយុទ្ធនាការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ហើយការហែរក្បួនបិទយុទ្ធនាការឃោសនា របស់គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានប្រព្រឹត្តិទៅនៅតាមដែនរដ្ឋបាលឃុំ-សង្កាត់របស់ខ្លួន ព្រមទាំងមានការដង្ហែរទៅតាមដងវិថីនានាក្នុងខេត្តប៉ៃលិន ដោយធ្វើការដង្ហែយ៉ាងអធឹកអធម មានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ័ និង សម្រែកជ័យឃោស ប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្ស ទាំង ៧ចំនុច ហើយក្បួនដង្ហែរទាំងនោះក៏បានដង្ហែឆ្ពោះទៅកាន់ ឃុំ-សង្កាត់រៀងៗខ្លួនផងដែរ តាមរយៈមធ្យោបាយនានា មានរថយន្តតូចធំ  ម៉ូតូ  និងម៉ូតូរឺម៉ក់ ជាច្រើនគ្រឿងផងដែរ ។

អត្ថបទ៖ លោក ញ៉ឹប បូរី


ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម