cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ឯកឧត្តម អ៊ី ឈាន សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ទទួលបាននិទ្ទេសល្អ

ចែករំលែក

ប៉ៃលិន៖ រសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសាលាខេត្ត ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល  និងផ្តល់រង្វាន់ លើកទឹកចិត្តដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុយិភូមិនិទ្ទេស  A,B នាសម័យប្រឡងថ្ងៃទី០៥  ខែធ្នូ  ឆ្នាំ២០២២ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ បាន ស្រីមុំ  អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្ដម  សៅ  សារ៉ាត់  អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា ឯកឧត្ដម  លោកជំទាវ  សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក-លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ  និងមាតាបិតាសិស្ស ផងដែរ ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានធ្វើរបាយការថា៖ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០២២នេះ គឺមានបេក្ខជនសរុប ៥៧៤នាក់ ក្នុងនោះស្រីមានចំនួន ៣៣១នាក់ មណ្ឌលប្រឡងមានចំនួន ០២មណ្ឌល  និងមាន ២១បន្ទប់  ហើយជាលទ្ធផលបេក្ខជនប្រឡងជាប់មានចំនួន ៤០១នាក់  ​(ស្រី ២៥១នាក់) ស្មើនឹង ៧២,៩១% ក្នុងនោះ និទេ្ទស A ចំនួន ២នាក់(ស្រី ២នាក់) ជាប់និទ្ទេស B ចំនួន ២៩នាក់(ស្រី ២៥នាក់) សិស្សនិទ្ទេស C ចំនួន ៦៦នាក់ (ស្រី ៤៣នាក់) សិស្សជាប់និទ្ទេស D ចំនួន ១៣៦នាក់(ស្រី ៨៧នាក់) និងសិស្សជាប់និទ្ទេស E ចំនួន ១៦៨នាក់ (ស្រី ៩៤នាក់) ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រងវិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយសមត្ថភាពប្រកួតប្រជែងនៅក្នុងតំបន់ និងលើសកលលោក ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួមកសាងអភិវឌ្ឍប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍កោតសសើរដល់គណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យទាំងពីរក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុង​ការ​ផ្ទេរចំណេះដឹងដល់សិស្សានុសិស្សរបស់ខ្លួនប្រកបដោយគុណភាព ដោយបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ៧២,៩១% និង និទ្ទេស  A ចំនួន ៣នាក់ ដែលនេះ ជាមោទនភាព សម្រាប់ខេត្តប៉ៃលិនយើង ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗជាសិស្សទាំងអស់ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ នាសម័យប្រឡងថ្ងៃទី០៥  ខែធ្នូ  ឆ្នាំ២០២២ នេះ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីអនាគតរបស់ខ្លួន និងប្រទេសជាតិ ហើយចំពោះក្មួយៗ ដែលគ្មានលទ្ធិភាព​ក្នុង​ការ​ទៅបន្តការសិស្សានៅសកលវិទ្យាល័យនានា សូមទាក់ទងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បី ស្វែងរកអាហារូបករណ៍ផ្តល់ជូនសម្រាប់បន្តការសិក្សារៀនសូត្រ។

សូមបញ្ជាក់ថា៖ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានឧបត្ថម្ភ ដល់សិស្សជាប់និទ្ទេស A ចំនួន ២នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ Honda BEAT តម្លៃ ២០៥០ដុល្លា ចំនួន  ១គ្រឿង, សិស្សជាប់និទ្ទេស B ចំនួន ២៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ ចំនួន ៤៩នាក់ ស្រី ៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ២០ម៉ឺនរៀល ។

អត្ថបទ៖ លោក ញ៉ឹប បូរី

      

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម