cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្រូវប្រាំងដែលកំពុងខ្វះខាតទឹកនៅឃុំស្ទឹងត្រង់ ដើម្បីធ្វើការអន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលា

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរ​ដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញ​ចុះពិនិត្យមើលស្ថានភាពស្រូវ​ប្រាំងរបស់​ប្រជាកសិករ ជាង ៥០ហិចតានៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីអោយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត រកដំណោះស្រាយ ធ្វើការបូមទឹក​សង្គ្រោះ បាន​ទាន់ពេលវេលា ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញ​ដល់មន្ត្រី​ជំនាញ​ពាក់ព័ន្ធ  ជា​ពិសេស​មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់​ចុះសិក្សាស្វែងយល់ដល់​មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែង នូវ​រាល់​ប្រភព​ទឹក ដើម្បី​ធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬ បញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់​ប្រជា​ពល​រដ្ឋ ​​​ដែលប្រឈម និងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុក​ឲ្យមានការខូចខាត ដោយយើងមិនបានជួយពួក​គាត់​ឲ្យអស់លទ្ធភាព​ដែល​មាននោះឡើយ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ចំពោះបញ្ហាប្រឈម សំណូមពរ និងការ​លំបាក របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយ បានទាន់ពេល​វេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេចទាំងទ្វេរ តែងតែបានណែនាំ និងជំរុញដល់ ស្ថាប័ន​ជំនាញ និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍សំនូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្គ្រោះស្រូវ តាមរយៈការ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ បានដោយរលូន ទាន់ពេលវេលា ប្រកបដោយសមធម៌ និងតម្លាភាព ដែលជាការ​រួមចំណែក​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ តាមរយៈ​វិស័យ​កសិកម្ម​ ៕

ប្រជាកសិករបានសំដែងនូវភាពរីករាយ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ក្នុង​ការជួយ​អន្តរាគមន៍រកដំណោះស្រាយ បញ្ហាស្រូវប្រាំងរបស់ពួកគាត់ ដែលកំពុងខ្វះខាតទឹក ព្រោះថាស្រូវរបស់ពួកគាត់ទើប​តែ​ចាប់ផ្តើមផើម បើដាក់ទឹកមិនទាន់ពេលវេលានោះទេ គឺអាចប្រឈមនឹងការខូចខាតទាំងស្រុង ។

បើតាមការបញ្ជាក់របស់លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើអោយដឹងថា៖ ដោយ​​សារប្រជាពលរដ្ឋ គាត់បានធ្វើស្រូវប្រាំងហួសពីលទ្ធភាពរបស់ប្រព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ទឹក ទើបធ្វើអោយស្រូវរបស់​ពួកគាត់មួយចំនួនខ្វះខាតទឹក ហើយកន្លងមក ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិតអភិបាលខេត្ត មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានយកគ្រឿងចក្រទៅទប់ទឹកទុកនៅតាមអូរ ចំនួន ៤កន្លែង ធ្វើប្រជាកសិករ​ដាំ​បន្លែ​ចំនួន ៤ភូមិ ក្នុងឃុំស្ទឹងត្រង់ មានទឹកសម្រាប់ស្រោចស្រពដំណាំបន្លែរបស់ពួកគាត់ឡើងវិញ ចំណែកស្រូវប្រាំង​ដែលកំពុង​ខ្វះ​ខាតទឹក មន្ទីរកំពុងរកដំណោះស្រាយ ធ្វើការជួយសង្គ្រោះអោយបានទាន់វេលា ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

 

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម