cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ឆ្នាំ២០២៤ រយៈពេល ៤ថ្ងៃ ក្នុងគោលបំណងបង្កើតការសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ

ចែករំលែក

ប៉ៃលិន៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ និង យុវជន សសយក ខេត្ត កំពុងរៀបចំសម្ភារៈ និងតុបតែងលម្អក្នុងខេត្ត ត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ នាពេលខាងមុខ។

ក្នុងការរៀបចំសង្ក្រាន្តប៉ៃលិន នេះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានណែនាំដល់អភិបាល​ក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ តាមតួរនាទីភារៈកិច្ច​ប្រកប​ដោយការទទួលខុសត្រូវខ្ពស់តាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ដោយ​ត្រូវធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយ​នៅ​គ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ជាពិសេសកងកម្លាំង​មានសមត្ថកិច្ច​ទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួនទទួលខុសត្រូវឲ្យបានល្អ  ប្រកបដោយប្រសិទ្ធភាពបំផុត  ដោយធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខ និងសុវត្ថិភាពជូន​ប្រជាពលរដ្ឋនៅគ្រប់គោលដៅ ដូចជានៅតាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍នានា និងកន្លែងប្រមូល​ផ្តុំមនុស្សច្រើន ។

បើតាមរយៈសេចក្ដីជូនដំណឹងរបស់​រដ្ឋបាលខេត្ត​ប៉ៃលិន បានឲ្យដឹងបន្ថែមថា ព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ឆ្នាំ២០២៤ គឺធ្វើ​ឡើង ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អ​ផូរផង់ តាមរយៈការរៀបចំកម្មវិធីសិល្បៈ របាំប្រពៃណីខ្មែរ លេងល្បែងប្រជា​ប្រិយ​ផ្សេងៗ ជាពិសេសចង់បង្ហាញដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ឲ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅក៏ដូចជា​សក្ដានុពល​នានា របស់ខេត្តប៉ៃលិន តាមរយៈការរៀប​ចំ​ដាក់​តាំងបង្ហាញនូវផលិតផល ការតាំងបង្ហាញមុខម្ហូបអ្នកប៉ៃលិន តំបន់ត្រជាក់​ចិត្ត និងនៅពេលរាត្រីមានការប្រគុំតន្ត្រីរាំ​លេង​កំសាន្ត ព្រមទាំងមានការរៀបចំ​តុបតែង​លម្អភ្លើងពណ៌ផងដែរ។

ព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ឆ្នាំ២០២៤ និងព្រឹត្តិការណ៍នៅថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នឹង​រៀប​​ចំ​នៅទីតាំងចំនួន ៤ ក្នុងក្រុងប៉ៃលិន គឺទី១-បរិវេណ​វិមាន​​ឯករាជ្យខេត្ត ទី២-មាត់ស្ទឹងតារាប ទី៣-តំបន់បេតិក​ភ័ណ្ឌ​វប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត និងទី៤-រមណីយដ្ឋានទឹកធ្លាក់​ភ្នំខៀវអូរតាវ៉ៅ សម្រាប់សាធារណជន ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទាំងក្នុង និងក្រៅ នឹងអញ្ជើញចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ឲ្យបានច្រើន​កុះករអធិក​អាធម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ​ផងដែរ។

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤ ខាងមុខនេះ គឺនឹងប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣-១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំទីតាំងបោះតង់ ចំនួនបី ដោយឥតគិតថ្លៃ និងមានសមត្ថកិច្ចការពារសន្តិសុខ ២៤ម៉ោង លើ ២៤ម៉ោង សម្រាប់​បង​ប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ដែលគ្មានកន្លែងស្នាក់នៅ ឬចង់ផ្លាស់ប្តូរបរិយាកាស តាមបែបធម្មជាតិ គឺ ទីតាំងទី១-អូរទី២ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ទីតាំងទី២-សួនអាពាហ៌ពិពាហ៌ខាងក្រោយភ្នំយ៉ាត និង​ទីតាំងទី៣-មាត់ស្ទឹងតារាប។

អត្ថបទ៖ លោក ញ៉ឹប បូរី

 

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម