cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

អភិបាលខេត្តប៉ៃលិន បានជំរុញឱ្យសាលាអនុវិទ្យាល័យភ្នំយ៉ាត ត្រូវបន្តខិតខំកែរលម្អសេវ៉ា និងអភិវឌ្ឍន៍សាលាបន្ថែមទៀត បើទោះបីទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស

ចែករំលែក

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់​សេវ៉ាលើវិស័យអប់រំ នៅសាលាអនុវិទ្យាល័យភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបន្តខិតខំកែរលម្អសេវ៉ា និងអភិវឌ្ឍន៍សាលាបន្ថែមទៀត បើទោះបីជាសាលារបស់យើងកន្លងមក បានទទួល​ជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣ ទូទាំង​ព្រះរាជា​ណា​ចក្រកម្ពុជា ក៍ដោយ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការវាយតម្លៃ និងការ​ទទួល​​ស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺក្នុង​គោលបំណងបំផុសចលនា​លើក​កម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់​សេវាសាធារណៈ តាមរយៈផ្តល់ការលើក​ទឹក​ចិត្ត ដែលទទួលស្គាល់​ពី​រាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា ហើយការកសាង និងពង្រីកភាពជាគំរូនេះ ចាប់​ផ្តើមពីវិស័យអាទិភាព​គន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល ដែលត្រូវបាន​ដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី ហើយត្រូវបានបន្តផ្តល់ការ​យកចិត្តទុក​ដាក់ និងជំរុញបន្ថែមកាន់តែខ្លាំងដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននេះ។

លោកជំទាវបណ្ឌិត អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ បាន​កំណត់​​ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាល​សាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយ​ខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និង​ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាព​នៃការអនុវត្តការងារ ដោយការកសាងធនធាន​មនុស្ស​ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌​វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ៕

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោកគ្រូ អ្នកគ្រូ នៅសាលាអនុវិទ្យាល័យភ្នំយ៉ាត​ទាំង​អស់ ដែលកន្លងមកបាន​ខិតខំយកកិត្តិយសដ៏ឧត្តុងឧត្តមជូនខេត្ត និងលើកកំពស់កិត្យានុពលវិស័យអប់រំ យុវជន និងកីឡា​ក្នុងខេត្ត ដូច្នេះយើងត្រូវបន្ត​រួមគ្នាប្រឹងប្រែង និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបង្កើននូវប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សូមរំលឹកថា៖ សាលាអនុវិទ្យាល័យភ្នំយ៉ាត គឺជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជ័យលាភីអង្គភាពផ្តល់​សេវាសាធារណៈ​គំរូក្នុងវិស័យអប់រំ កម្រិតសាលាអនុវិទ្យាល័យ ចំនួន១០ សម្រាប់ឆ្នាំ​២០២៣ ហើយរដ្ឋបាលខត្ត បានប្រារព្ធពិធីអបអរសាទរ និងក្បួនដង្ហែរយ៉ាងអធិកអាធម ស្ថិតក្រោមអធិបតីភាព ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម