cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២ អណត្តិទី៤

ចែករំលែក

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ច​ប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១.ពិនិត្យ និងអនុម័តដីកា ស្តីពីបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, ២.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន, ៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ និងទិសដៅការងារខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន, ៤.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តប៉ៃលិន, ៥.ពិនិត្យនិងអនុម័តដីកាស្តីពីប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល ១២ខែឆ្នាំទី១ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, ៦.ពិនិត្យ និងអនុម័តសេចក្តីសម្រេច ស្ដីពីសមាសភាពគណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត រួមមាន៖  -ពិនិត្យ និងអនុម័តសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តប៉ៃលិន -ពិនិត្យ និងអនុម័តសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្តី និងកុមារ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន, -ពិនិត្យ និងអនុម័តសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន, ៧.ពិនិត្យនិងអនុម័តសេចក្តីព្រាងប្រតិទិនការងាររៀបចំផែនការអភិឌ្ឍន៍ប្រចាំឆ្នាំ២០២៥-២០២៩ របស់រដ្ឋបាលខេត្តប៉ៃលិន និង ៨.បញ្ហាផ្សេងៗ។

ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង​ប្រដាប់​អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ព្រមទាំងបាន​ចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបាន​កសាង​​សមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីក​ចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍​ វាយតម្លៃខ្ពស់ ចំពោះ​រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែង​ធ្វើ​ការដោះ​ស្រាយនូវ​រាល់​បញ្ហា​នានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោល​នយោបាយភូមិ/ឃុំ​មានសុវត្តិភាព នៅតាម​មូលដ្ឋានប្រកប​ដោយ​​ប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្ត​បន្ទាប់​គួរជាទីមោទន ជាក់​ស្តែងការរៀបចំ​សោភ័ណ្ឌ​ភាព​​ខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត ​មាន​ការស្ងើច​សសើរ​មិន​ដាច់ពីមាត់ ចំពោះការ​កែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និង​សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្ត​ទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ​សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស​ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​អាណត្តិទី៧ នេះ ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ បម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ