cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ខេត្តប៉ៃលិន ប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា

ចែករំលែក

ប៉ៃលិន៖ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ខេត្តប៉ៃលិន បានប្រារព្វទិវាជាតិនៃការចងចាំ ២០ឧសភា ជូនដល់​បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដោយភាព​អយុត្តិធម៌  ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឡើងនៅវត្តរតនសោភ័ណ្ឌ ហៅកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយមានការនិមន្តព្រះសង្ឃ សូត្រមន្ត បង្សុកូល និង រាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផល​បុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និងបុព្វការីជន  ដែលបានចែកឋានទៅ ដោយ​អំពើឃោឃៅ ព្រៃផ្សៃ និងអយុត្តិធម៌ នៃរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ ស្ថិតក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពី​សំណាក់​​​ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ​អង្គភាព​​ជុំវិញខេត្ត កងកម្លាំងទាំងបី រួមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក និង ប្រជាពលរដ្ឋផងដែរ។

ក្នុងការអាននូវវិយោគកថា របស់ឯកឧត្តម អ៊ី ឈាន បានគូសបញ្ជាក់ថា៖ ពិធីទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ គឺជាសកម្មភាពដ៏មានអត្ថន័យយ៉ាងពិតប្រាកដ ដែលបានស្តែងឲ្យឃើញ បើទោះបីជារឿង​រ៉ាវ​នេះ បានកន្លងផុតក្នុងអតីតកាលអស់ជាង ៤០ឆ្នាំហើយក៍ដោយ ប៉ុន្តែជារឿងឈឺចាប់ និងជាមហាសោកនាដកម្មប្រល័យ​ពូជសាសន៍ជាតិឯង ដែលធ្វើឲ្យបងប្អូនជនរួមជាតិយើងទាំងអស់ ពុំអាចបំភ្លេចបានឡើយ ហើយបានចារទុកជាសច្ចៈធម៌   ប្រវិត្តសាស្រ្ត ទោះបីជនរួមជាតិជំនាន់ក្រោយដែលពុំបានឆ្លងកាត់ក៍ដោយ ក៍ពួកគាត់នឹងសិក្សាស្វែងយល់ពីប្រវិត្តសាស្ត្រ​ដ៏មហាជូរចត់នោះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រវិត្តសាស្ត្រនេះក៏ត្រូវបាននឹងកំពុងទទួលស្គាល់ពាសពេញពិភពលោក តាម​រយៈ​ការនាំយកមេដឹកនាំនៃរបបខ្មែរក្រហម មកកាត់ទោសនៅអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជំនុំជំរះ​ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលយើងអាចនិយាយបានថា ការទទួល​ស្គាល់នេះ ការជំនុំជំរះនេះ គឺជាផ្នែកមួយនៃការផ្តល់នូវភាពត្រឹមត្រូវជូនដល់រាជរដ្ឋាភិបាលកម្ពុជា សង្គមជាតិកម្ពុជា និងការផ្សះផ្សារបួស ទាំងផ្លូវកាយ និងផ្លូវចិត្ត ជូនជនរួមជាតិ ដែលបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ។

ឯកឧត្តមប្រធាន ក៍បានធ្វើការបេ្តជ្ញាចិត្តយ៉ាងមោះមុត ដោយបានគាំទ្រជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ឥស្សរជន និងអង្គការនានាទាំងនៅក្នុងប្រទេស និងនៅជុំវិញពិភពលោក ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ពុំគិតការនឿយហត់​ជាង ៤០ឆ្នាំកន្លងមក ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា និងឈានទៅសម្រេចជោគជ័យជាស្ថាពរ ដោយធានាបាន​នូវ​សន្តិភាព ការបង្រួបបង្រួមជាតិ អធិបតេយ្យភាព និងការអភិវឌ្ឍ ហើយខិតខំពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ​ទាំងមូល​អោយបានរឹងមាំ ប្រកបដោយចីរភាព និងចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ និងគោល​នយោបាយ​នានារបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ​ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា និងរួមគ្នាការពារថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សង្គមអោយបានល្អប្រសើរ និងការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះ​រាជា​ណា​​ចក្រកម្ពុជា  ព្រមទាំងពង្រឹងខឿនការពារជាតិរបស់ប្រជាជនឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានឧទ្ទិសនូវថ្ងៃទិវាជាតិនៃការចងចាំ ២០ឧសភានេះ ឲ្យប្រែក្លាយ​ទៅជាការកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅទៅរកការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនកម្ពុជា ព្រមទាំងបានអំពាវ​នាវ​ដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣  ឲ្យបានគ្រប់ៗគ្នា  ដើម្បីអោយរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយ​គណបក្ស​ប្រជាជន​កម្ពុជា មានលទ្ធភាពបន្តការអភិវឌ្ឍប្រទេសជាតិ ក៍ដូចជាខេត្តប៉ៃលិនយើង  ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម