cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

សាលាអនុវិទ្យាល័យភ្នំយ៉ាត ទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស

ចែករំលែក

ប៉ៃលិន៖ ក្រោមការដឹកនាំ និងការយកចិត្តដាក់ខ្ពស់ ពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​​អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាអនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន​ បានទទួលបាន​ជ័យ​លាភី​​អង្គ​ភាព​ផ្តល់សេវាសាធារណៈគំរូ​ ចំណាត់​ថ្នាក់លេខ១ ឆ្នាំ២០២៣ សម្រាប់កម្រិតមធ្យមសិក្សា នៅក្នុងពិធី​ប្រកាស​ជ័យលាភី​អង្គភាព​ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខភិបាល ស្ថិតកក្រោមអធិបតីភាព​សម្តេចមហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សាលាអនុវិទ្យាល័យភ្នំយ៉ាត មានទីតាំងស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គឺជាជ័យលាភី​អង្គភាពផ្តល់សេវាសាធារណៈគំរូ​ ចំណាត់​ថ្នាក់លេខ១ ក្នុងចំណោមជ័យលាភីអង្គភាពផ្តល់សេវា​សាធារណៈគំរូក្នុងវិស័យ​អប់រំ កម្រិតសាលាអនុវិទ្យាល័យ ចំនួន១០ សម្រាប់ឆ្នាំ២០២៣ ហើយក្រៅពីជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈ គំរូ ក្នុងវិស័យអប់រំ កម្រិតសាលា អនុវិទ្យាល័យ ក៏មានការប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ កម្រិតសាលាបឋមសិក្សា ព្រមទាំងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាព ផងដែរ។

ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺក្នុង​គោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈផ្តល់ការលើក​ទឹក​ចិត្ត ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា ហើយការកសាង និងពង្រីកភាពជាគំរូនេះ ចាប់​ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមកាន់តែខ្លាំងដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននេះ។

រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាព​នៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌​វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

    

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម