cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

ចែករំលែក

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ​ អភិបាល​ខេត្ត​ប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា​ត្រៀម​រៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ  ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋទាំង​ក្នុង​ខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ប្រកបដោយបរិយាកាសសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖  នៅក្នុងឱកាសពិធីបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិន អោយបានអធិកអាធម សម្រាប់​បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការ​លេងល្បែងប្រជាប្រិយខ្មែរ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាង​ណាទាក់ទាញ​ចំណាប់​អារម្មណ៍ ពី​មហា​ជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើង អោយបានច្រើន​កុះករ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង​កម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ​ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួល​ខុសត្រូវខ្ពស់​តាម​សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស​ ត្រូវធ្វើការតុបតែង​លម្អភ្លើង​ពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងតារាប និងបរិវេណវិមានឯករាជ្យខេត្ត ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់រដ្ឋបាលក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ចទាំងបី​ប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​​​ទទួលខុសត្រូវឲ្យបានល្អ  ប្រកបដោយប្រសិទ្ធភាពបំផុត  ដោយធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខ និងសុវត្ថិភាពជូន​ប្រជាពលរដ្ឋ​នៅគ្រប់គោលដៅ ជាពិសេសនៅតាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍នានា និងកន្លែង​ប្រមូល​ផ្តុំមនុស្សច្រើនផងដែរ ។

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤​ ខាងមុខនេះ​ គឺនឹងប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣-១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានទេព​ធីតា ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ទ្រង់ចនព្រះកាណ៌ សៀតផ្កាត្រកៀត(ផ្កាកំប្លោក) ,​គ្រឿងអភរណៈ និលរ័តន៍ “ត្បូងពណ៌ខៀវ ឬ ត្បូងកណ្ដៀង”, ភក្សាហារ សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស, គ្រឿង​សាស្ត្រាវុធ ព្រហស្ដឆ្វេង-ត្រីសូល៍ ព្រហស្ដស្តាំ-កងចក្រ, យាន្តជំនិះទ្រង់គង់លើសត្វមយូរ៉ា(ក្ងោក)។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម

ខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រជុំពិភាក្សា ពិនិត្យលើសេចក្តីព្រាង នៃកិច្ចព្រមព្រៀង ស្តីពីការរៀបចំកសាងស្ពានឆ្លងកាត់អូព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ឈមនឹងច្រកបានផាកាត