cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ពលករខ្មែរធ្វើការនៅប្រទេសថៃ បានវិលត្រលប់មកកម្ពុជាវិញ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត

ចែករំលែក

ប៉ៃលិន៖​ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការសម្របសម្រួលរបស់មន្ត្រីជំនាញដោយការយកចិត្តទុកដាក់ខ្ពស់ ជូនដល់បងប្អូនពលករខ្មែរ​ធ្វើការនៅប្រទេសថៃ បានវិល​ត្រលប់ចូលមកកម្ពុជាវិញ​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ​ តាមច្រកទ្វារព្រំដែន​អន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតនៅ​ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឈមនឹងច្រក​បានផា​កាត ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ជាការឆ្លើយតប​តាម​សំណូមពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្របសម្រួល​ដល់​ការវិលត្រឡប់មកស្រុកកំណើតរបស់ពលរដ្ឋកម្ពុជាអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋាភិបាលថៃ​តាម​រយៈក្រសួងមហាផ្ទៃថៃ បានអនុញ្ញាតលើកលែងតម្លៃសេវាអនុញ្ញាតិចេញ-ចូល (Re-Entry Pemit) សម្រាប់បងប្អូន​ពលករកម្ពុជា ដែលធ្វើដំណើរចេញ-ចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា៖ ការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករ​កម្ពុជា​ដែលមានលិខិតឆ្លងដែន និងលិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស(TD) និងមានទិដ្ឋាការការងារ (Nom-immigration L-A Visa ដែលមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុ​ក្រោម​ ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយ​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ក្រោមការទទួលខុសត្រូវខ្ពស់ចំពោះប្រមុខរាជរដ្ឋាភិបាល  លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍​ផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលកំពុងបំពេញការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវមានកិច្ចសហការល្អ ជាមួយស្ថាប័ននានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ទាំងកម្ពុជា និងថៃ ដើម្បីសម្របសម្រួលនូវភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករ និងភ្ញៀវជាតិ+អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្ម​ទៅវិញ​ទៅមក ។

សូមបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ពលករធ្វើដំណើរ ចេញ-ចូល តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួន ៤១៥៥នាក់  ស្រី ២០០១នាក់ កុមារ ១៤នាក់ ដោយក្នុងនោះ ធ្វើដំណើរចូល ចំនួន ២១៣១នាក់ ស្រី ១០១៤នាក់ កុមារ ១៤នាក់ និងធ្វើដំណើរចេញ ២០២៤នាក់ ស្រី ៩៨៧នាក់ ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

 

 

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម