cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ

ចែករំលែក

ប៉ៃលិន៖ នៅបរិវេណសាលាខេត្ត រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត  បាន  ស្រីមុំ  អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល  និងផ្តល់រង្វាន់ លើកទឹកចិត្តដល់សិស្សប្រឡងជាប់ សញ្ញា​បត្រមធ្យមសិក្សាទុយិភូមិនិទ្ទេស  A,B,C,D,E ទូទាំងខេត្ត ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម  លោកជំទាវ ជាអភិបាលរងខេត្ត, លោក-លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ  អាណាព្យាបាល និងសិស្សានុសិស្ស  ប្រមាណជាង ៥០០នាក់។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានធ្វើរបាយការថា៖ សម្រាប់ការប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០២៤នេះ គឺមានបេក្ខជនប្រឡងជាប់ទូទាំងខេត្តប៉ៃលិន សរុបចំនួន ៤០១នាក់ ស្រី ២៥១នាក់ ស្មើនឹង ៧២,៩១% ស្រី ៧៩,១៨% ក្នុងនោះ(និទ្ទេស A=០៥នាក់ ស្រី ០២នាក់, B=២៩នាក់ ស្រី ២៥នាក់, C=៦៦នាក់ ស្រី ៤៣នាក់, D=១៣៦នាក់ ស្រី ៨៧នាក់ និងនិទ្ទេស E=១៦៨នាក់ ស្រី ៩៤នាក់)។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ​រាជ​រដ្ឋា​ភិបាលអាណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិត​ខំ​ធ្វើ​កំណែ​ទម្រង​វិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយ​សមត្ថភាព​​​ប្រកួតប្រជែង​នៅក្នុងតំបន់ និងលើសកលលោក ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួម​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ យើង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកជំទាវបណ្ឌិតអភិបាលខេត្ត  បានមានប្រសាសន៍បញ្ជាក់ថា៖ លទ្ធផលសម្រេចបានសម្រាប់វិស័យអប់រំក្នុង​ខេត្ត​ប៉ៃលិន  គឺស្តែងចេញពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គភាព​ពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សានុសិស្ស ដែលបាន​សហការ​ជួយបង្កលក្ខណៈឱ្យកូនចៅមករៀន​បានទៀង​ទាត់ និងធ្វើការតាមដានការសិក្សារបស់ពួកគជាប្រចាំ ដោយសហការគ្រប់យ៉ាងជាមួយសាលារៀនឈរលើគោលការណ៍ «សាលារៀន ជារបស់សហគមន៍» ដើម្បីបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព ស្រប​តាមចតុស្ដម្ភទាំងបួនរួមមាន វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ ចេះរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គឺឱ្យកូនចៅយើងក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុងសង្គមជាតិកម្ពុជាពោពេញដោយសុជីវធម៌ សីលធម៌ថ្លៃថ្នូរ និងមានធនធានមនុស្សពិតប្រាកដសម្រាប់កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យទាំងពីរក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុង​ការ​ផ្ទេរចំណេះដឹងដល់សិស្សានុសិស្សរបស់ខ្លួនប្រកបដោយគុណភាព និងសូមផ្តាំផ្ញើដល់ក្មួយៗជាសិស្សទាំងអស់ ដែល​បាន​​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីអនាគត​របស់ខ្លួន និងប្រទេសជាតិ ជាពិសេសត្រូវជាសឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងធំបងតូច និងចូលរួមគោរព​ច្បាប់​ចរាចរណ៍ទាំងអស់គ្នា ហើយចំពោះក្មួយៗ ដែលគ្មានលទ្ធិភាព​ក្នុង​ការ​ទៅបន្តការសិស្សានៅសកលវិទ្យាល័យនានា សូម​ទាក់ទងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បី ស្វែងរកអាហារូបករណ៍ផ្តល់ជូនសម្រាប់បន្តការសិក្សារៀនសូត្រ។

សូមបញ្ជាក់ថា៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភ ដល់សិស្សជាប់និទ្ទេស A ចំនួន ៩នាក់ ដោយក្នុងម្នាក់ៗទទួលបានម៉ូតូ Honda Wave  ១គ្រឿង, និងលោកគ្រូ អ្នកគ្រូ ចំនួន ៥៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម