cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ជនពិការក្រីក្រក្នុងសហគមន៍ ចំនួន ៥៤០នាក់ នៅស្រុកសាលាក្រៅ ទទួលប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាល

ចែករំលែក

ប៉ៃលិន៖ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បាន​បើក​ផ្តល់ប្រាក់របបគោលនយោបាយ ជូនដល់ជនពិការក្រីក្រក្នុងសហគមន៍ ចំនួន ៥៤០នាក់ មកពីឃុំទាំងបួន ក្នុងស្រុក​សលាក្រៅ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង​ជា​ប្រធានគណៈកម្មាធិការគ្រប់គ្រងរបបគោលនយោបាយចំពោះជនពិការភាពក្រីក្រក្នុងសហគមន៍ខេត្ត ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការបើក​ផ្តល់ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងនិតិសប្បទានាពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ លើកកំពស់ជីវភាពរបស់បងប្អូនអតីតយុទ្ធជនបានមួយកំរិត តែមិនបានបំពេញតាម​តំរូវការខ្វះខាតរបស់បងប្អូនទាំងអស់ទេ ហើយអ្វីដែលសំខាន់គឺ បងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកប​មុខរបរចិញ្ជឹម​ជីវិត​ដោយខ្លួនឯង ដោយត្រូវខិតខំបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញរបស់បងប្អូន ដើម្បីបង្កើនជីវភាពគ្រួសារអោយបានប្រសើឡើង។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ រាជដ្ឋាភិបាលកម្ពុជា អណត្តិទី៧ ដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខ​មាល​​ភាពរបស់ប្រជាពលរដ្ឋ ដោយមានការកសាងនូវសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ យ៉ាងច្រើន​ខ្វាត់ខ្វែងទូទាំងប្រទេស ដែលសម្រួលដល់ការបង្ករបង្កើនផល ចិញ្ចឹមសត្វ ការធ្វើដំណើរ ការដឹកជញ្ជូន សព្វបែបយ៉ាង ក៏ដូច​ជា​ការទាក់ទាញអ្នកវិនិយោគបរទេស មកដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា បង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើអោយ​ជីវភាពរបស់ពលរដ្ឋមានការរីកចំរើនជាលំដាប់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជក់ថា៖ ចំពោះបងប្អូនជនមានពិការភាព រាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់ អំពីសុខទុក្ខ និងធ្វើ​ឱ្យ​ជីវភាពរស់នៅរបស់បងប្អូន ឱ្យមានភាពប្រសើរឡើង ព្រមទាំងការគាំពារផងដែរ ជាពិសេសខេត្តប៉ៃលិនយើងត្រូវបាន​រាជរដ្ឋាភិបាល បានអនុញ្ញាតិឲ្យសាកល្បង និងដំណើរការផ្តល់ប័ណ្ណសង្គមកិច្ច និងផ្តល់របបគោលនយោបាយជនពិការ​ក្រីក្រក្នុងសហគមន៍មុនខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ ២០១៦មក ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បាន​អោយដឹងថា៖ ប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់ជនពិការក្រីក្រក្នុងក្រុងប៉ៃលិន សរុបចំនួន ៥៤០នាក់ ស្រី ១៨២នាក់ ដែលក្នុងនោះ ឃុំស្ទឹងត្រង់ ចំនួន១៣៥នាក់ ស្រី៣៧នាក់ ជនមានពិការភាពដែលត្រូវ​ទទួលប្រាក់ឧបត្ថម្ភ ១២ខែ ចំនួន ៤៧នាក់ ស្រី ១៤នាក់ និង ៦ខែ ចំនួន ៨៨នាក់ ស្រី ២៣នាក់ ឃុំសាលាក្រៅចំនួន ១១៧នាក់ ស្រី ៥៩នាក់ ជនមានពិការភាពដែលត្រូវទទួលប្រាក់ឧបត្ថម្ភ១២ខែចំនួន៧៥នាក់ ស្រី៣៤នាក់ និង ៦ខែ ចំនួន ៤២នាក់ ស្រី២៥នាក់ ឃុំអូរអណ្ដូងចំនួន១៤នាក់ ស្រី៥នាក់ ជនមានពិការភាពដែលត្រូវទទួលប្រាក់ឧបត្ថម្ភ ១២ខែ ចំនួន ១០នាក់ ស្រី ៥នាក់ និង ៦ខែ ចំនួន ៤នាក់ និងឃុំស្ទឹងកាច់ ចំនួន ២៧៤នាក់ ស្រី ៣៧នាក់ ជនមានពិការភាពដែលត្រូវទទួល​ប្រាក់ឧបត្ថម្ភ ១២ខែ ចំនួន ១៥១នាក់ ស្រី ៤៩នាក់ និង ៦ខែ ចំនួន ១២៣នាក់ ស្រី ៣២នាក់។

អត្ថបទ៖ លោក ញ៉ឹប បូរី

  

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម