cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីឆ្លងឆ្នាំសាកល ២០២៤-២០២៥ ក្រោមម្លប់សន្តិភាព

ចែករំលែក

ប៉ៃលិន ៖ រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាខេត្ត ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះ​មូលដ្ឋានខេត្ត​ប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីជួបជុំសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សសយក និងក្រុមការងារ ក្នុងឱកាសឆ្លងឆ្នាំសាកល ២០២៤-២០២៥។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការជួបជុំ ក្រោមបរិយាកាសសប្បាយរីករាយ និងពិសារអាហារសាមគ្គី ក្នុងឱកាសឆ្លងឆ្នាំសាកលនេះ គឺធ្វើឡើងដើម្បីបង្កើតនូវចំណងមិត្តភាព និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ យុវជន សសយក និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អប្រសើ ក្នុងការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋអស់រយៈពេលពេញមួយឆ្នាំកន្លងមកនេះ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សសយក និងក្រុមការងារទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និងគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជា​ពិសេសបានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលជាកត្កា​យ៉ាងសំខាន់ ក្នុងការបង្កើតនូវសុខដុមនីយកម្មដល់ប្រជាជននៅទូទាំងប្រទេស ហើយជាក់​ស្តែង​ក្នុងរាត្រីនេះ យើងបានជួបជុំគ្នាសប្បាយរីករាយ ពិសារអាហារជុំគ្នា និងរាំលេងកំសាន្ត ជាមហាគ្រួសារខ្មែរតែមួយ​ ក្រោមម្លប់សន្តិភាព។

សូមបញ្ជាក់ថា៖ នៅក្នុងរាត្រីដ៏សែនមនោរម្យនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត និងយុវជន សសយក ខេត្ត បានគោរពជូនពរ រួមទាំងជូននូវកម្រងផ្កា និងវត្ថុអនុស្សាវរីយ៍ ដល់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ក្នុងឱកាសឆ្លងឆ្នាំសាកល ២០២៤-២០២៥ ចំណែកឯកឧត្តម និងលោកជំទាវ ក៍បានផ្តល់ជូនសម្រាប់អ្នកចូលរួម សម្រាប់អាហារប៊ុសហ្វេរួមគ្នា ដោយដាក់ចង្ក្រានអាំងបង្កង មឹក បង្គារ សាច់គោ រួមជាមួយគ្រឿងភេសជ្ជ: និងម្ហូបអាហារជាច្រើនមុខទៀត  ព្រមទាំងបានធ្វើពិធីចាប់រង្វាន់ជាច្រើនជូនដល់អ្នកចូលរួមផងដែរ ។

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម