cropped-180px-Cambodian_Peoples_Party-1.png
[language-switcher]

ខេត្តប៉ៃលិន គ្រប់មណ្ឌលបោះឆ្នោតទាំងអស់ គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ជាង ៩០%

ចែករំលែក

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះថា នៅខេត្តប៉ៃលិន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧នេះ គ្រប់​មណ្ឌល​បោះឆ្នោតទាំងអស់ ទាំង ១២២ការិយាល័យ គឺគណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ទាំងអស់ ជាង ៩០% លើគណបក្ស​ផ្សេងៗ។

សូមជម្រាបថា៖ នៅខេត្តប៉ៃលិន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នេះ ត្រូវបាន​ប្រព្រឹត្ត​ទៅប្រកប​ដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋចំនួន ៩៨.៦៤% បានមកចូលរួមបោះឆ្នោត​ដោយគ្មានការបង្ខិតបង្ខំនោះទេ ដោយឡែកស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោត​នៅ​ទូទាំង​ខេត្ត មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ។

បើយោងតាមរបាយការណ៍របស់លោក ចេង ញ៉ាន់ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បាន​ឱ្យដឹងថា៖ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅខេត្តប៉ៃលិន មានគណបក្ស​នយោបាយ​ចំនួន ១០ ចូលរួមប្រកួតប្រជែង គឺមាន៖ (គណបក្សខ្មែរតែមួយ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្ស​ស្ត្រីដើម្បីស្ត្រី, គណបក្សខ្មែរឈប់ក្រ, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សធម្មាធិបតេយ្យ, គណបក្សយុវជនកម្ពុជា, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និង គណបក្សប្រជាជនកម្ពុជា) ដោយមានការិយាល័យបោះឆ្នោតចំនួន ១២២ការិយាល័យ ក្នុងនោះប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ចីបោះឆ្នោត ចំនួន ៤៥.៧៤០នាក់ ស្រី ២៣.២៤៩នាក់ និងមានអ្នកសង្កេតការណ៍សរុបចំនួន ៤១៧នាក់ ស្រី ២២៧នាក់ មកពី ៨ស្ថាប័ន ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

ទស្សនាវដ្តីប្រជាជន

ព័ត៌មានពេញនិយម